ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបែនដឹកដី ១៥តោន បើកចុះពីលើស្ពានព្រះមុន្នីវង្សចាស់ បុកម៉ូតូសង់០១៨ ពីក្រោយកិនលោកតាចារ្យវត្តម្នាក់ និងបុរសជាក្មួយម្នាក់ទៀត បាក់ជើងខ្ទេចទាំង២នាក់ របួសធ្ងន់ធ្ងរទាំងព្រឹក

9 ខែ មុន 51 តូ សុផល

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ដែលជាអាចារ្យវត្ត និងបុរសម្នាក់ទៀតត្រូវជាក្មួយ បានរងរបួសធ្ងន់ធ្ងរបាក់ជើងទាំង២នាក់ ខណៈដែលជិះម៉ូតូសង់០១៨ ឌុបគ្នាត្រឡប់មកពីក្រុងពាលីធ្វើផ្ទះឲ្យគេនៅម្តុំច្បារអំពៅ ក្នុងបំណងត្រឡប់ទៅផ្ទះនៅខេត្តតាកែវវិញ តែក៏ត្រូវរថយន្តបែនដឹកដី ធុនធំទម្ងន់ប្រមាណ១៥តោន បើកចុះពីលើស្ពានព្រះមុន្នីវង្សចាស់ បុកពីក្រោយពេញទំហឹង ដាច់កន្ទុយម៉ូតូកិនអូសជាច្រើនម៉ែត្រ ខ្ទេចស្លាកលេខមើលលែងយល់។ ចំណែកជនរងគ្រោះត្រូវបានរថយន្តបង្កកិនបាក់ជើងទាំង២នាក់ របួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសព្រះមុន្នីវង្សចាស់ ក្នុងទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ចាន់ រ៉េត ភេទប្រុស អាយុ៧១ឆ្នាំ ជាអាចារ្យវត្ត ស្នាក់ភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ (ជាអ្នកជិះពីក្រោយរបួសធ្ងន់បាក់ជើង) និងជនរងគ្រោះទី២ឈ្មោះ ថន វុត្ថា ហៅប្រុស អាយុ៣៧ឆ្នាំ របួសធ្ងន់បាក់ជើង ជាអ្នកឌុប ស្នាក់នៅក្នុងភូមិជាមួយគ្នា ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ខុម ឌីណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅម្តុំជ្រោយចង្វារ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវជាពូនឹងក្មួយ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1O-8153 ជិះឌុបពូជាអាចារ្យវត្ត ត្រឡប់មកពីធ្វើពិធីក្រុងពាលីធ្វើផ្ទះឲ្យគេនៅម្តុំច្បារអំពៅ ក្នុងបំណងត្រឡប់ទៅផ្ទះវិញនៅឯខេត្តតាកែវ លុះមកដល់ចំណុចកើតហេតុខណៈដែលកំពុងចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ស្រាប់តែមានរថយន្តបែនដឹកដី ធុនធំពណ៌លឿង ទម្ងន់ប្រមាណ១៥តោន ពាក់ស្លាកលេខ ក៨២១០ ភព៣ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាចុះពីលើស្ពានព្រះមុន្នីចាស់ បានបុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យដួលដាច់កន្ទុយម៉ូតូ ហើយខ្ទាតជនរងគ្រោះទៅលើផ្លូវត្រូវរថយន្តបង្កកិនបាក់ជើងទាំង២នាក់ពូក្មួយខ្ទេច របួសយ៉ាងធ្ងន់ធ្ងរ ចំណែកកន្ទុយម៉ូតូនិងស្លាកលេខ ត្រូវរថយន្តកិនអូសខ្ទេចមើលលែងចង់យល់ ហើយរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះដែលជាលោកតាអាចារ្យវត្ត រួមនិងក្មួយដែលត្រូវរថយន្តកិនចំជើងទាំង២នាក់ខាងលើ បានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសែងយកមកដាក់នៅចិញ្ចើមផ្លូវលើសួន និងហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទាំង២នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ចំណែកវត្ថុតាង រថយន្តនិងម៉ូតូ រួមនិងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ