ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចក្រឡាហោម ស ខេង ផ្តាំទៅ លោក សម រង្ស៊ី ធ្ងន់ៗ

8 ខែ មុន 194 តូ សុផល

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅចំពោះមុខក្រុមអង្គការសង្គមស៊ីវិលលើកទី២នៅកម្ពុជាថា អ្នកដែលហៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន ថា ជារបបក្រុងភ្នំពេញ ហាក់បីដូចជាមាក់ងាយ ឆន្ទៈប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបានបោះឆ្នោតនាពេលកន្លងមក មានរហូតទៅដល់ជាង៨៣%។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី ហៅរាជរដ្ឋាភិបាលថា របបក្រុងភ្នំពេញ ខណៈវិទ្យុបរទេស គឺអាស៊ីសេរីដែលមាននិន្នាការ គាំទ្រអតីតគណបក្សសង្រ្គោះជាតិ តែងតែសរសេរដោយវាយប្រហារ មកលើរាជរដ្ឋាភិបាល ភ្ជាប់ពាក្យថា “របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន” ។ ហើយអ្នកដែលហៅពាក្យថា របបមានន័យថា ជារាជរដ្ឋាភិបាល មិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់។

ក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា សព្វថ្ងៃកម្ពុជាមានរាជរដ្ឋាភិបាល កើតចេញពីបោះឆ្នោតត្រឹមត្រូវ ដូច្នេះរបបនេះ គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ “ប៉ុន្ដែមានអ្នកប្រើពាក្យថា មិនថារាជរដ្ឋាភិបាលទេ គាត់ថាប្រើពាក្យរបបក្រុងភ្នំពេញ របប ហ៊ុន សែន តាមខ្ញុំយល់ដល់ស្តួចស្តើងរបស់ខ្ញុំទេ ខ្ញុំគិតថាការប្រើពាក្យបែបនេះ ហាក់បីដូចជារមាលទៅរកការកំណត់ថា របបនេះ រាជរដ្ឋាភិបាលនេះ មិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់។ ប្រសិនបើទៅជាអីចឹងមែន អ្នកដែលលើកឡើងពេលនេះ សូមឲ្យលោកពិចារណាថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ២០១៨កន្លងទៅ ប្រជាពលរដ្ឋជាង៨៣% បានទៅបោះឆ្នោត គ្មានអំពើហិង្សា ដោយរលូន មានការទទួលស្គាល់”។

សម្ដេចបន្ថែមថា ទោះបីជាសហគមន៍អឺរ៉ុប លើកឡើងពីបញ្ហានៅកម្ពុជា ប៉ុន្ដែពួកគេក៏បានសាទរសម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីត្រៀមខ្លួនធ្វើការជាមួយគ្នាផងដែរ។ សម្ដេចថា យ៉ាងណាក៏ដោយ អ្នកដែលហៅថា របបក្រុងភ្នំពេញ ត្រូវគិតពីឆន្ទៈពលរដ្ឋខ្មែរជាង៨៣% បានចេញទៅបោះឆ្នោត។ ប្រសិនបើពលរដ្ឋមិនឲ្យតម្លៃនោះទេ គឺពួកគាត់មិនទៅបោះឆ្នោតឡើយ។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា “ចឹងទេ គឺការប្រើពាក្យនេះវាធ្ងន់ដែរ (របបក្រុងភ្នំពេញ) ពាក្យថារបបនេះ ដែលនាំឲ្យយើងភាគច្រើន គឺយើងអ្នកប្រជាធិបតេយ្យ ជាអ្នកសេរីនិយមអីចឹង ក៏ប៉ុន្ដែដល់យើងប្រើពាក្យនេះ មកមានន័យថា ហាក់ដូចជាមិនគោរពឆន្ទៈប្រជាពលរដ្ឋ ចឹងផ្ទុយពីការយើងកំណត់។ ខ្ញុំនិយាយបែបនេះ ខ្ញុំមិនចង់និយាយថា សូមឲ្យឈប់ទេ នេះជាសេរីភាពរបស់ខ្ញុំ ក៏ប៉ុន្ដែនេះ ខ្ញុំគ្រាន់តែបកស្រាយ តាមការយល់ឃើញស្តួចស្តើងរបស់ខ្ញុំប៉ុណ្ណោះ” ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!