ព្រឹតិ្តការណ៍ថ្មីៗ

ចិន បើកហ្គេម Online យូរដែរហើយ សមត្ថកិច្ចខណ្ឌឬស្សីកែវ ទើបនឹកឃើញបង្ក្រាប

8 ខែ មុន 104 តូ សុផល

ភ្នំពេញ ៖ ក្រោយមានការរិះគន់ចំៗពីសំណាក់​មហាជន និង ការចុះផ្សាយព្រោងព្រាត តាមបណ្តាសារព័ត៌មានក្នុងស្រុក ជុំវិញភាពប្រងើយកណ្តើយរបស់អាជ្ញាធរខណ្ឌឬស្សីកែវមិនបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ។

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ គេឃើញ លោក ជា ពិសី ជំនួយការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ​ដឹកនាំកម្លាំងសមត្ថកិច្ច​ចុះទៅបង្ក្រាបទីតាំងហ្គេម អនឡាញ ​របស់ជនជាតិចិនមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ប្រតិបត្តិការ​ខាងលើ ក៏មានការចូលរួម​ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ  លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ ចៅសង្កាត់រងទួលសង្កែ១ លោក ឃុយ សារុន លោក នង សាប៊ុង នាយនគរបាលប៉ុស្ដិ៍ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

បើតាមលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានបញ្ជាក់​​ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងតាមការ​ចង្អុលបង្ហាញចំគោលដៅពីលោក ជា ពិសី អភិបាលខណ្ឌ បន្ទាប់ពីលោកទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបើកការតាមដានស៉ើបអង្កេត រកឲ្យឃើញជាក់ស្ដែងនៃបទល្មើស ទើបឈានដល់ការបង្ក្រាបដកហូតទូរហ្គេមចំនួន១២គ្រឿង យកមករក្សាទុកតែម្ដង។

បន្ថែមពីនេះ លោក ជា ពិសី ក៏បានបញ្ជាក់ថា ក្រៅពីការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ១៧នាក់ ដកហូតវត្ថុតាង​មួយចំនួន​ កាលពីព្រឹកម្សិលមិញ របស់អធិការដ្ឋាននគរបាលខណ្ឌ និងព្រឹកនេះ​បង្ក្រាបល្បែងស៉ីសងផងនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នៅតែបន្តក្នុងការស្រាវជ្រាវបង្ក្រាបឲ្យកាន់តែក្លាំងក្លា ដើម្បីរក្សាសន្តិសុខ និងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព បើទោះជាទទួលបាន ឬមិនអាចទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដោយ។

មហាជនកំពុងមានការងឿងឆ្ងល់ និងរង់ចាំចំណាត់ការពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត ស្នងការរាជធានីភ្នំពេញ មានវិធានការយ៉ាងណាចំពោះទីតាំងហ្គេមបាញ់ត្រី និង ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ កំពុងកើតមានថ្មីៗបន្ថែមលើទីតាំងចាស់មិនបង្ក្រាបខ្ទង់ម៉ឺនកន្លែងទូទាំង១២ខណ្ឌ។

គួររំលឹកដែរថា សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ពលរដ្ឋលើកឡើងថា ទីតាំងល្បែងចាស់ៗមិនបង្ក្រាបហើយ បណ្តោយទីតាំងថ្មីបើកតាមទំនើងចិត្តទៀត ។ បទបញ្ជាសម្តេចក្រឡាហោម ស ខេង ចេញយូរដែរហើយ តែហាក់មិនទាន់ត្រូវបានអនុវត្តន៍អោយមានប្រសិទ្ធភាព (សាបដូចទឹកទន្លេ) ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ