ព្រឹតិ្តការណ៍ថ្មីៗ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ ប្រលងជ្រើសរើស​នាយទាហាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹម​ត្រូវ​មាន​តម្លាភាព និង​យុត្តិធម៌

4 ថ្ងៃ មុន 120 តូ សុផល

ភ្នំពេញ៖ ការប្រលង​ជ្រើសរើស​នាយទាហាន នៃ​កង​យោធពលខេមរភូមិន្ទ វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើង​គោក​ជំនា​ន់​ទី​១១វគ្គ​នាយទាហាន​បន្តវេន​ជំនា​ន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ឆ្នាំ​២០១៩ នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ដល់១៧ ខែមករា ឆ្នាំ​២០១៩ ដែល​មាន​ចំនួន ៦​មណ្ឌល គឺ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ យោធភូមិភាគ ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដោយ​ផ្ដោតទៅលើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ ភាសាបរទេស និង​វិញ្ញាសា​កីឡា​កាយសម្បទា​។​

 

​ការប្រលង​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ គឺ​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​បាក់​ទូក នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នេះ​។​

​​​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង ​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន កង​យោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ ថ្លែងអំណរគុណ ​បេក្ខជន​ដែល​បានសម្រេច​ចិត្ត​ចាប់​យក​អាជីព​ជា​នាយទាហាន​នៅ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ចូលរួម​នៅក្នុង​ការការពារ​ជាតិ​របស់​យើង​។

ហើយ​ឆ្នាំនេះ ក៏​ជា​មោទនា​ភាព​របស់​កងយោធពលខេមរភូមិន្ទ ដែល​មាន​យុវជន យុវតី ដែល​បាន​ចាប់អារម្មណ៍ និង​ស្ម័គ្រចិត្ត​ដាក់ពាក្យ​ប្រលង​មានការ​កើន​ឡើង បើ​ប្រៀបធៀប​ពី​ឆ្នាំ​២០១៧ មាន​ចំនួន​បេក្ខជន​ដាក់ពាក្យ​ប្រលង​តែ​ជាង ៤០០០​នាក់ នៅ​ឆ្នាំ​២០១៨ កើន​ដល់​៧០០០​នាក់ ហើយ​នៅ​ឆ្នាំ​២០១៩ នេះ កើន​ដល់​ជាង ៨០០០​នាក់​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ​បន្ត​ថា ភារកិច្ច​របស់​អនុ​គណៈកម្មការ​ប្រលង ក៏ដូចជា​គណៈកម្មការ​ជ្រើសរើស ធ្វើ​ម៉េច​អោយ​ការជ្រើសរើស​នាយទាហាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹម​ត្រូវ​មាន​តម្លាភាព និង​យុត្តិធម៌ ដោយ​អ្នក​ជាប់ ជាប់​ដោយ​សមត្ថភាព និង​មោទនភាព និង​អ្នកធ្លាក់ ធ្លាក់​ដោយ​អស់ចិត្ត​។

ហើយ​អ្វីដែល​យើង​ចង់បាន គឺ​ធ្វើអោយបាន​ត្រឹមត្រូវ យុត្តិធម៌ អោយ​ប្អូន​ៗ​ទាំងអស់​បាន​បង្ហាញ​នូវ​សមត្ថភាព​របស់ខ្លួន​។ សូមកុំ​ធ្វើ​សកម្មភាព​ណា​ដែល​ល​ប៉ះពាល់​ទៅដល់​កា​​រ​ប្រលង​ប្រកួតប្រជែង ធ្វើ​ដោយ​សមត្ថភាព​ផ្ទាល់ខ្លួន​អត់​មាន​ពឹង​កម្លាំង​ខាងក្រៅ​ទេ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!