ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋជាង៤០០គ្រួសារ មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ នាំគ្នាត្រលប់ទៅស្រុកវិញ និងបញ្ឈប់ការឡើងមកតវ៉ា នៅរាជធានីភ្នំពេញទៀតហេីយ ដើម្បីរងចាំដោះស្រាយនៅមូលដ្ឋាន!

5 ខែ មុន 29 តូ សុផល

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រាណ៤០០គ្រួសារ ពាក់ព័ន្ធនឹងការទាមទារដីរដ្ឋ ដែលផ្តល់សម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលឡើងមកតវ៉ានៅរាជធានីភ្នំពេញ បានយល់ព្រមត្រឡប់ទៅខេត្តក្រចេះវិញហើយ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីមានការឯកភាពគ្នារវាងតំណាងប្រជាពលរដ្ឋ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលារាជធានីភ្នំពេញ និងអាជ្ញាធរខេត្ត។

ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ​ និងអាជ្ញាធរខេត្តក្រចេះ បានជួបគ្នាដើម្បីសម្របសម្រួល និងជួយរកដំណោះស្រាយ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ នៅវត្តសាមគ្គីរង្សី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១១ ខែមករា ២០១៩ បានឲ្យដឹងថា ប្រជាពលរដ្ឋបានយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីសហការជាមួយក្រុមការងារ និងអាជ្ញាធរមូលដ្ឋានក្នុងការពិនិត្យទីតាំងដីដែលលអាជ្ញាធរខេត្តបានកំណត់សម្រាប់បែងចែកតាមនីតិវិធី ដីសម្បទានសង្គមកិច្ច នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ និងយល់ព្រមទទួលការបែងចែកដីសម្បទានសង្គមកិច្ច ទំហំ២ហិកតា ក្នុងមួយគ្រួសារ ដែលត្រូវចាត់ចែងតាមនីតិវិធីសម្បទានសង្គមកិច្ច។

បន្ទាប់ពីយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ អាជ្ញាធរពាក់ព័ន្ធបាន​ជួលរថយន្តក្រុង ចំនួន ៨គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋជិត៥០០គ្រួសារ​នោះផងដែរ ដោយមានលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ជួយជូនដំណេីរ និងអភិបាលរ​ង​ខេត្តក្រចេះ អមដំណើរប្រជា​ពលរដ្ឋ ចំណែកពេលព្រឹកមានលោក​ ឌី រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ​ និងលោក​ មាន ច័ន្ទយាដា​ អភិបាលរងរាជធានី​ ចុះមកសម្របសម្រួលផងដែរ។

ពលរដ្ឋ​បានសម្ដែងការអរគុណ ចំពោះការជួយយកចិត្តទុក្ខដាក់ ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះពួកគាត់ ទោះជាការដោះស្រាយនៅមិនទាន់ទទួលបានចំណុចសមស្របសម្រាប់ពួកគាត់ក៏ដោយ​ តែពិតជាធ្វេីឲ្យពួកគាត់មានការសប្បាយរីករាយ និងយល់ព្រមត្រលប់ទៅស្រុកវិញ​ ដេីម្បីរងចាំដោះស្រាយជាមួយអភិបាលរងខេត្តក្រចេះបន្តទៀត។

ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋបានសន្យាថា រាល់ការបដោះស្រាយវិវាទខាងលើនេះ ត្រូវអនុវត្តនៅក្នុងមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ បញ្ឈប់ការឡើងមកតវ៉ា នៅរាជធានីភ្នំពេញ ដែលបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋ ការញុះញង់ និងការក្លែងបន្លំព័ត៍មានមិនពិត ដែលបង្កឲ្យយឺតយ៉ាវដល់ដំណើរការដោះស្រាយ ក្នុងករណីបើមានត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។

ទាក់ទងករណីនេះ ប្រជាពលរដ្ឋមួយចំនួនដែលឡើងមកតវ៉ាបាននិយាយថា ពួកគាត់មកតាមគេហៅឲ្យមកតវ៉ានៅភ្នំពេញ ដើម្បីទទួលបានដីធ្លី និងបានសារភាពថា ពួកគាត់បានកាប់ទន្ទ្រានដីរបស់ក្រុមហ៊ុនពិតប្រាកដមែន ដោយពីដំបូងឡើយមិនបានដឹង។

ចំណែកលោកទូច ឌុល តំណាងប្រជាពលរដ្ឋបានថ្លែងបញ្ជាក់ថា “ពួកខ្ញុំទទួលស្គាល់កំហុសថា ពួកខ្ញុំពិតជាបានទៅកាប់ទន្ទ្រានដីរដ្ឋពិតប្រាកដមែន បើសិនជាដីក្រុមហ៊ុនគាត់ការពារហើយ មិនមែនឲ្យពួកខ្ញុំទៅកាប់ទន្ទ្រានរហូតដល់ទៅមានផ្ទះសម្បែងទេ”។

រីឯលោកភិន ធា តំណាងប្រជាពលរដ្ឋបានបញ្ជាក់ដែរថា “ពួកខ្ញុំទទួលសារភាពថា ពិតជាបានកាប់ទន្ទ្រានលើដីនោះមែន មិនមែនទៅយកដីស្រឡះទេ។ ចំពោះប្រជាពលរដ្ឋដែលចំណាកស្រុកពីតាមបណ្តាខេត្តផ្សេងៗ មកកាប់ឆ្ការទន្ទ្រានដីនេះ គឺមានមកពី១៥ខេត្ត មានដូចជា ខេត្តកោះកុង កំពង់ស្ពឺ បាត់ដំបង ព្រៃវែង តាកែវ ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ …។ ហើយការកាប់ទន្ទ្រានដីនេះ គឺដោយសារតែពួកគាត់អត់មានដី”។

រដ្ឋបាលខេត្តក្រចេះ បានអោយដឹងថា ប្រជាពលរដ្ឋដែលមកតវ៉ានៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការទាមទារដីរដ្ឋ ដែលផ្តល់សម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រហូតមកដល់ពេលនេះ ក្រុមការងារបានទទួលពាក្យរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ចំនួន ១៥៤៨គ្រួសាររួចហើយ ដើម្បីបន្តពិនិត្យអត្តសញ្ញាណ និង អនុវត្តនីតិវិធីផ្តល់ដីជូនតាមគោលការណ៍ដីសម្បទានសង្គមកិច្ច។ នេះសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋបាលខេត្តក្រចេះ បានលើកឡើងថា មានជនបង្កការញុះញង់ កៀងគរប្រជាពលរដ្ឋមួយចំនួន ឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដែលធ្វើអោយរាំងស្ទះដល់ដំណើរការអនុវត្តនីតិវិធីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលកំពុងរង់ចាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕​ (ម៉េង)​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!