ព្រឹតិ្តការណ៍ថ្មីៗ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩

9 ខែ មុន 35 តូ សុផល

ភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនក្រោមឱវាទ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗដែលសម្រេចបានមួយចំនួនពាក់ព័ន្ធនឹង កំណែទម្រង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះរួមមាន៖ ការដាក់ឱ្យដំណើរការកម្ម វិធីថែទាំផ្លូវ(ROAD CARE mobile app) ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការថែទាំផ្លូវ យុទ្ធនាការជិះកង់ត្រួតពិនិត្យផ្លូវ ការបើកឱ្យប្រើប្រាស់កំពង់ផែពហុបំណង នៅក្រុងព្រះសីហនុ ការបើកឱ្យដំណើរការសាលាបង្រៀនបើកបរយានយន្តធុនធ្ងន់ ការបើកឱ្យប្រើប្រាស់ជាផ្លូវការបណ្តាញផ្លូវថ្នល់មួយចំនួន យុទ្ធនាការចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋបានចំនួនប្រាំម៉ឺនមួកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងយុទ្ធនាការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីគម្រោងបង្កើតអង្គភាពតាមដានយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលដឹកជញ្ជូនទំនិញចេញពីកំពង់ផែ គម្រោងបិទក្រុមហ៊ុនកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសគ្មានច្បាប់អនុញ្ញាត គម្រោងរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នក ដឹកនាំសម្រាប់អ្នកជំនាន់ក្រោយដើម្បីបន្តវេនការដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបន្ត និង គម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រួលបែបបទនាវានិងនាវិកចេញចូលនៅកំពង់ផែ (Port EDI)។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទ រៀបចំបែបបទនីតិវិធីដើម្បីសម្រួលដល់ការកសាង ផ្លូវថ្នល់ឱ្យបានរឹងមាំ និងស្នើឱ្យរៀបចំផែនការ តាមដាន វាយតម្លៃសកម្មភាព របស់ខ្លួនដើម្បីបំពេញការងារ ឱ្យមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបានសមិទ្ធផលជាទីមោទនៈ និងបានធ្វើការក្រើនរំលឹកផងដែរថាក្នុងនាមមហាគ្រួសារតែមួយនៃក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួបរួមសាមគ្គីគ្នាក្នុងការបំពេញការងារ និងមិនត្រូវមានការបែងចែកបក្សពួកអ្វីឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ