ព្រឹតិ្តការណ៍ថ្មីៗ

រឿងដោះលែងចោរលួចរថយន្ត ស្នងការខេត្តកំពង់ស្ពឺ បំភ្លឺបញ្ជាក់ភាពស្អាតស្អំ…

1 សប្តាហ៍ មុន 143 តូ សុផល

ភ្នំពេញ៖ ក្រោយបណ្តាសារព័ត៌មានក្នុងស្រុកផ្សាយព្រោងព្រាតជុំវិញក្តីសណ្តោសប្រណីលែងចោរអោយមានសេរីភាព កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ ស្នងការនគរខេត្តកំពង់ស្ពឺ  បានចេញលិខិតបំភ្លឺ ដែលនិយាយមិនទាន់អស់សេចក្តី នៃដំណើររឿងចាប់ និងដោះលែងជាជនសង្ស័យជាចោរលួចរថយន្ត ដើម្បីពន្យល់ឲ្យសារព័ត៌មាន និងអ្នកលេងហ្វេសប៊ុក ឈប់យល់ច្រឡំតទៅទៀត។

លិខិតបំភ្លឺ ហាក់នៅមានភាពងងឹតរបស់ស្នងការខេត្តកំពង់ស្ពឺ បានរៀបរាប់ថា កាលពីទី០១ ខែមករា ឆ្នាំ២០១៩ មានករណីបាត់រថយន្ត ម៉ាកបាឡែនចំនួន១គ្រឿងនៅ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមិនបានបញ្ជាក់ពីទីតាំងភូមិ និងពេលកើតហេតុទំនងជាអ្នកសរសេរលិខិតបំភ្លឺភ្លេច ឬអត់ដឹងច្បាស់។ លុះនៅវេលាម៉ោង១១ និង ៣០នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចទទួលបានព័ត៌មានអំពីមុខសញ្ញាជាជនសង្ស័យលួចរថយន្ត ទើបលោក ខឹម សាម៉ុន អធិការស្រុកឧដុង្គ សុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បើកការស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់។

ជនសង្ស័យទាំង២នាក់ ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងឈ្មោះ នោ ពន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅក្នុងលិខិតបំភ្លឺ បានអះអាងថា នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-7761 ចំនួន១គ្រឿង និងម៉ូតូម៉ាក សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខកំពត 1K-1421 ចំនួន១គ្រឿង។

ទោះជាយ៉ាងណា គេបានកត់សម្គាល់ថា លិខិតបំភ្លឺ របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ មិនបានរៀបរាប់ឲ្យអស់ អំពីវត្ថុតាង ដូចអ្វីដែលនគរបាលស្រុកឧដុង្គ ប្រមូលបាននៅពេលចុះបង្ក្រាប និងបញ្ជូនរបាយការណ៍ជូនស្នងការឡើយ ព្រោះថានៅក្នុងរបាយការណ៍ របស់អធិការស្រុកឧដុង្គ គឺមានវត្ថុតាងជាច្រើនទៀត លើសពីអ្វីដែលលិខិតបំភ្លឺបានរៀបរាប់។

ក្រោយពីសមត្ថកិច្ចស្រុកឧដុង្គ បញ្ជូនខ្លួនជនសង្ស័យ ទាំង២នាក់ និងវត្ថុតាងទៅដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ គឺសមត្ថកិច្ចជំនាញ បានសាកសួរជនសង្ស័យ រួចក៏ចេញរបាយការណ៍តាមរយៈលោកស្នងការ ជូនលោកស្រីព្រះរាជអាជ្ញាថា សុំលែងជនសង្ស័យវិញព្រោះតែគ្មានភស្តុតាងស៊ីសង្វាក់ នឹងបទល្មើសលួចរថយន្តនៅឃុំព្រះស្រែ ស្រុកឧដុង្គនោះទេ។

មានចំណុចជាច្រើន ដែលនៅក្នុងលិខិតបំភ្លឺរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ហាក់ភ្លេចបង្ហាញ ឬមិនចង់បង្ហាញដល់សាធារណជន រួមមាន៖

១.នៅក្នុងរបាយការណ៍ របស់នគរបាលស្រុកឧដុង្គ ជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាព កាច់កម៉ូតូ នៅខេត្តព្រះសីហនុចំនួន៣លើក យកមកលក់ឲ្យឈ្មោះ នោ ពន។

ចំណុចនេះ ត្រូវហាមជនលើកជាសំណួថា ប្រសិនបើ នគរបាលជំនាញរកមិនឃើញថា ពួកគេជាអ្នកលួចរថយន្តនៅឃុំព្រះស្រែ ស្រុកឧដុង្គ ចុះការសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ នៅខេត្តព្រះសីហនុ នោះមិនមានបទល្មើសទេ? ឬទាល់តែលួចនៅខេត្តណា នគរបាលខេត្តនោះចាប់ បានហៅថា ជាបទល្មើស? បើដូចការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ ជនសង្ស័យ ដែលសារភាពថា ធ្លាប់លួចនៅព្រះសីហនុ ទំនងជាមិនហ៊ានលួចនៅខេត្តកំពង់ស្ពឺទេ មើលទៅនោះ។

២.នៅក្នុងសេចក្តីថ្លែងការណ៍ លេខ២៧ ស.ថ.ក/០១៩ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចេញកាលយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់យ៉ាងច្បាស់ថា គឺលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានផ្ញើរបាយការណ៍លេខ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដោយស្នើសុំឲ្យ ព្រះរាជអាជ្ញាដោះលែងជនសង្ស័យជាចោរប្លន់ ទាំង២នាក់នោះវិញ ព្រោះគ្មានភស្តុតាងដាក់បន្ទុក។

ដូច្នេះបង្ហាញថា លោកស្នងការជាអ្នកស្នើសុំឲ្យលោកស្រីព្រះរាជអាជ្ញា ដោះលែងជនសង្ស័យ ខាងលើ មិនមែនមន្ត្រីជំនាញធ្វើរបាយការណ៍ជូនលោកស្រីព្រះរាជអាជ្ញា តាមរយៈលោកស្នងការ ដើម្បីស្នើសុំលែងជនសង្ស័យ ដូចលិខិតបំភ្លឺរបស់ស្នងការ បានសរសេរនោះទេ។

បើតាមខ្លឹមសាររបស់សេចក្តីថ្លែងការណ៍ របស់ សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារតែលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តស្នើសុំឲ្យលែងជនសង្ស័យ ជាចោរប្លន់ ទើបព្រះរាជអាជ្ញាសម្រេចឲ្យដោះលែង ដោយចារលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ ទោស្នងការ ដោយតម្រូវឲ្យនគរបាល៖

-ធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តតាមនីតិវិធី

-ត្រូវមានអ្នកធានាច្បាស់លាស់

-ឲ្យធ្វើកិច្ចសន្យាមិនប្រព្រឹត្តខុសច្បាប់។

ទោះជាយ៉ាងណា ពាក់ព័ន្ធរឿងដោះលែងជនសង្ស័យ ជាចោរលួចរថយន្តទាំង២នាក់ខាងលើនោះ លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ ថា «សួរទៅលោកស្រីព្រះរាជអាជ្ញា នគរបាលមិនមានសិទ្ធិឲ្យជនសង្ស័យនៅក្រៅឃុំទេ»។

ការឆ្លើយតបរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ហាក់ចង់បង្ហាញថា ការសម្រេចលែង ជនសង្ស័យជាចោរ មិនមានពាក់ព័ន្ធនឹងលោកទេ គឺលោកស្រីព្រះរាជអាជ្ញា ចាត សូ រស្មី ជាអ្នកសម្រេច ប៉ុន្តែទីបំផុតត្រូវមហាជនមៀលឃើញថា ភាគីទាំង២កំពុងឆ្លើយយករួចខ្លួនពីការទទួលខុសត្រូវ។

ពាក់ព័ន្ធការសម្រេចដោះលែងក្រុមចោរប្លន់ ទាំង២នាក់ខាងលើ ត្រូវក្រុមមន្ត្រីមូលដ្ឋាន ក្នុងស្រុកឧដុង្គ ក្នុងឃុំជំពូព្រឹក និងអ្នកភូមិព្រៃអន្សែ លើកឡើងថា ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន បានដើរនិយាយដើមនគរបាល និងតុលាការ យ៉ាងក្អេងក្អាងប្រាប់អ្នកស្រុក និងនិយាយបញ្ឈឺមន្ត្រីនគរបាលមូលដ្ឋានថា មិនដឹងជាខំមកចាប់ប្តីនាងធ្វើអី បើគង់តែ បញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែល។ «សម័យនេះហើយ អស់តែម្នាក់៦០០០ដុល្លារ ចេញវិញប្រុយ អត់បញ្ហា»។

សូមបញ្ជាុក់ជូនថា ក្រុមជនសង្ស័យជាចោរលួចរថយន្តទាំង២នាក់ខាងលើ ត្រូវកម្លាំងនគរបាលស្រុកឧដុង្គចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស (ប្លន់)។

ជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន ខណៈរូបគេកំពុងបើករថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-7761 សេរីឆ្នាំ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ច រថយន្តខាងលើត្រូវពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះ នោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ចបានឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ នោ ពន ម្នាក់ទៀត រួចយកទៅសួរចម្លើយ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេ ធ្លាប់ធ្វើសកម្មភាព កាច់កម៉ូតូ នៅខេត្តព្រះសីហនុ ចំនួន៣លើក យកមកលក់ឲ្យឈ្មោះ នោ ពន។

នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរប្លន់ឆ្លងខេត្ត ខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ រួមមាន៖

-រថយន្តម៉ាកសាំយ៉ុងព័ណ័សពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន១គ្រឿង

-ប្រដាប់កឹបស្លាកលេខ ចំនួន១

-កូនសោរ ចំនួន៧

-ដែកទល់ល្វីសមុខស្រួច ចំនួន៣

-សោរម៉ូតូ ចំនួន២

-សោរឡាន ចំនួន២

-មួកសុវត្តិភាព ចំនួន១

-កាតគ្រីរថយន្ត ចំនួន១

-កាតគ្រីម៉ូតូ ចំនួន២

-ទូរស័ព្ទ ចំនួន២គ្រឿង

-គ្រាប់កឹបម៉ូតូមួយចំនួន។

នៅពេលឃាត់ខ្លួនឈ្មោះ នោ ពន សមត្ថកិច្ចបានដកហូតម៉ូតូ ម៉ាកសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត1K-1421 និងទូរស័ព្ទដៃចំនួន១គ្រឿង។

លុះឃាត់ខ្លួន ក្រុមជនសង្ស័យទាំង២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ បានយកប្រគល់វត្ថុតាងមួយចំនួន ទៀតរួមមាន៖

-ទុលល្វីស ចំនួន១០

-ក្បាលដោះប៊ូហ្ស៊ី ចំនួន៣

-ឈ្នាន់ប្រាំងម៉ូតូ ចំនួន៤

-ត្រនាប់ចង្កឹះលេខ ចំនួន៤

-ដង្កាប់ចំនួន៦

-កញ្ចក់ ចំនួន១គូ

-កាងម៉ាសុីនម៉ូតូ ចំនួន៣

-កូនសោរដោះ ចំនួន១៨

-ប្រដាប់ឆ្កឹះសោរម៉ូតូ ចំនួន២

-ប្រដាប់កឹបស្លាកលេខ ចំនួន១

-ដង្កាប់ដងជ័រ ចំនួន៣។

ចូលប្រឡូកបកស្រាយករណីលោកស្នងការ និងលោកស្រីព្រះរាជអាជ្ញា រួមគំនិតដោះលែងជនសង្ស័យជាចោរ និងត្រូវចោរទាំងសាច់ញាតិដើរនិយាយដើមពេញភូមិឃុំ និងធ្វើផ្អើលកក្រើកក្នុងប្រវត្តិសាស្ត្រខេត្តកំពង់ស្ពឺ លោក កើត រិទ្ធ រដ្ឋលេខាក្រសួងយុត្តិធម៌ បានសរសេរបកស្រាយក្នុងបន្ធូបន្ថយស្ថានការណ៍ពាក់មុខយក្យដាក់គ្នាថា «តើបទល្មើសអ្វី ដែលជនល្មើសបានប្រព្រឹត្តពិតប្រាកដ ?  ជាករណីលួចម៉ូតូ? បើលួចម៉ូតូ តើម៉ូតូរបស់អ្នកណា? មានភស្តុតាងបញ្ជាក់ ជនសង្ស័យបានលួច ឬទេ? ឬក៏កូនសោរទាំងនោះ ប្រើក្នុងករណីលួចឡាន ឬលួចអ្វីផ្សេងទៀត?  ឬក៏ជាករណីប្លន់ទេ? ឬក៏ជាករណីជំរិទារប្រាក់? …»

លោក កើត រិទ្ធ ដែលជកូនប្រសារអតីតលោកព្រះរាជអាជ្ញាដ៏មានអំណាចអមសាលាដំបូងរាជធានីភ្នំពេញ បានសរសេរពន្យល់ទៀតថា «ក្នុងករណីដែលការដោះលែងបុគ្គលខាងលើ មានភាពមិនប្រក្រតី ដោយប្រការណាមួយ និងក្នុងករណីមានតម្រុយអំពីភាពមិនប្រក្រតីនេះ នោះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលអាចធ្វើការត្រួតពិនិត្យក្នុងក្របខណ្ឌសមត្ថកិច្ចដែលច្បាប់បានកំណត់ និងប្រគល់អោយ»។

គួររំឭកថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ក្រុមចោរប្លន់៤នាក់ ដែលប្រជាពលរដ្ឋនៅផ្សារឧដុង្គចាប់បាន ជាមួយវត្ថុតាងជាក់ស្តែង រួចប្រគល់ឲ្យនគរបាល ក៏ត្រូវដោះលែងវិញផងដែរ នៅពេលនគរបាលស្រុកឧដុង្គបញ្ជូនខ្លួនពួកគេដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ទំនងជាពេលនោះ នគរបាលរកកំហុសមិនឃើញក៏មិនដឹង?

តាមព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា ករណីលោកស្រីព្រះរាជអាជ្ញា និងលោកស្នងការ សមគំនិតគ្នាដោះលែងជនសង្ស័យជាចោរ នៅក្នុងខេត្តកំពង់ស្ពឺនេះ មន្ត្រីជាន់ខ្ពស់មកពី្រសួងសាមី មានក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងតែប្រមែប្រមូលឯកសារ និងសេចក្តីរាយការណ៍នានា ដើម្បីធ្វើសំយោគឈានទៅបើកការស៊ើបអង្កេតតាមវិជ្ជាជីវៈ និងក្រមសីលធម៌នៃស្ថាប័ននីមួយៗ៕ (ដោយ៖ ឡុក សំរិត)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!