ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់​ វាយខ្នោះសិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ម្នាក់ ក្រោយនាំបក្ខពួក ចេញឆក់ទូរស័ព្ទដៃ iPhone XS-Mas ពីជនជាតិសឹង្ហបុរី…!

10 ខែ មុន 33 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ក្រោយជនសង្ស័យរូបនេះ រួមនិងបក្ខពួក២នាក់ទៀត ទាំងអស់៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ស៊េរីទំនើប ម៉ាក iPhone XS-Mas ពីបុរសជនជាតិសឹង្ហបុរីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩:១៥នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវសុធារស កែងផ្លូវ៣១២ ក្រុម៣០ ភូមិ៥ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឡេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិយួន សង្កាត់ព្រែប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួក២នាក់ទៀតមិនស្គាល់ឈ្មោះនោះទេ មានអាយុប្រហែល២១ឆ្នាំ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាកលេខ និង១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩។

ចំណែកជនរងគ្រោះមានឈ្មោះ CIMCHA YEE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅខុនដូរទ្រីលាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះដែរសមត្ថកិច្ចដកហូតបានទូរសព្ទ១គ្រឿងម៉ាក iPhone XS-Mas បែកអេក្រង់ខាងមុខ និងផ្នែកខាងក្រោយ (ជារបស់ជនរងគ្រោះ)។

មុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីខុនដូរដែលខ្លួនស្នាក់នៅ ដើម្បីចាំមិត្តភក្តិនៅចំណុចកើតហេតុ ពេលនោះដោយសារចាំមិត្តភក្តិយូរពេក ជនរងគ្រោះក៏បានយកទូរសព្ទដៃមកចុចដើម្បីផ្ញើរសារទៅមិត្តភក្តិ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាកលេខ និង១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មកអែបក្បែរជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ឡេង ពន្លឺ ដែលជិះនៅខាងក្រោយបានឆក់ទូរសព្ទដៃពីជនរងគ្រោះបានសម្រេច តែភ្លាមៗនោះជនរងគ្រោះបានស្ទុះចាប់ដៃជនសង្ស័យជាប់ ទើបបណ្តាលឲ្យជនសង្ស័យដួលម៉ូតូធ្លាក់ជនសង្ស័យរួមនិងទូរសព្ទមកលើដៃ ហើយជនរងគ្រោះបានស្រែកឆោឡោផ្អើលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ កំពុងល្បាតឃើញក៏ធ្វើការចាប់ខ្លួនបានម្នាក់ភ្លាមៗ ចំណែក២នាក់ទៀតលើកម៉ូតូជិះគេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ