ព្រឹតិ្តការណ៍ថ្មីៗ

៧ មករា ១៩៧៩-៧ មករា ២០១៩ គឺជាខួប៤០ឆ្នាំ និងជាថ្ងៃផ្តល់កំណើតទី២ដល់ពលរដ្ឋកម្ពុជា

6 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ យ៉ាងមហោឡារិក ដោយមានវត្តមានចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់នយោបាយ មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ ភ្ញៀវអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមអធិបភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានកក់ត្រាជាថ្ងៃជ័យជម្នះប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ។ ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបអាវខ្មៅត្រូវបានបិទបញ្ចប់ បន្ទាប់ពីកម្លាំងអ្នកស្នេហាជាតិ រួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ និងដោយមានការជួយគាំទ្រពីកងទ័ពវៀតណាមផង បានបើកការវាយផ្តួលនិងដណ្តើមប្រទេសចេញពីកណ្តាប់ដៃរបស់ ប៉ុល ពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ទំព័រសករាជថ្មីបើកឡើងវិញ គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដោយឆ្លងកាត់ឧបសគ្គរាប់មិនអស់។ ដៃម្ខាងទប់ស្តាត់ការពារកុំឲ្យរបបខ្មែរក្រហមត្រឡប់មកវិញ ព្រមទំាងធ្វើការផ្សះផ្សាជម្លោះខ្មែរនិងខ្មែរ។ ចំណែកដៃម្ខាងកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅក្នុងខណៈដែលប្រទេសលោកខាងលិចមួយចំនួន បានគំាទ្ររបបកម្ពុជាប្រជាធិបតេយ្យ និងបានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជាទៀតផង។

ពេលនេះ កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវកំណើន សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ កម្ពុជា បានប្រែក្លាយពីប្រទេសដែលមាន ចំណូលទាប ទៅជា «ប្រទេសដែលមានចំណូលមធ្យម កម្រិតទាប» ហើយក៏កំពុងបន្តដំណើររបស់ខ្លួនយ៉ាងស្វាហាប់ក្នុងការឈានឆ្ពោះទៅជា «ប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់» នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមប្រជាពលរដ្ឋ ពិសេសយុវជន នាំគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដែលយើងបានមកដោយលំបាកនេះ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅមុខទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!