ព្រឹតិ្តការណ៍ថ្មីៗ

ចិន និងអាមេរិក នឹងជួបគ្នា ក្នុងកិច្ចចរចា ពាណិជ្ជកម្មមួយនៅសប្តាហ៍ក្រោយនេះ

1 សប្តាហ៍ មុន 23 តូ សុផល

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ (ទី០៤ មករា) នេះថា

ភាគីចិននិងអាមេរិកនឹងប្រារព្ធកិច្ចចរចាពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្រ្តីមួយនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៨ ខែមករាសប្តាហ៍ក្រោយនេះស្របពេលដែលភាគីទាំងពីរព្យាយាមស្វែងរកការបញ្ចប់ជម្លោះដែលកំពុងធ្វើឱ្យមានការខូចខាតកាន់តែខ្លាំងឡើងលើផ្នែកសេដ្ឋកិច្ចនិងទីផ្សារហិរញ្ញវត្ថុសកល។

សូមជម្រាបថា មហាយក្សទាំងពីរខាងលើបានជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយបានធ្វើឱ្យមានភាពរាំងស្ទះដល់លំហូរនៃទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារនិងជំរុញឱ្យមានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកទៀតផង។

ក្រសួងពាណិជ្ជកម្មចិនបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា “ក្រុមការងារខាងភាគីអាមេរិកដែលដឹកនាំដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jeffrey Gerrish នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីប្រារព្ធកិច្ចពិភាក្សាដែលប្រកបដោយភាពវិជ្ជមាននិងក្នុងគោលដៅរស្ថាបនាទំនាក់ទំនងជាមួយសមភាគីចិន។”

ក្រសួងខាងលើបានបន្តថា “ភាគីទាំងពីរបានព្រមព្រៀងគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចពិភាក្សានេះតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃសុក្រ (ទី០៤មករា) ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនៃកិច្ចពិភាក្សានេះនោះទេ។”

គួររំលឹកថា នៅឯកិច្ចប្រជុំកំពូលមួយនៅប្រទេសអាហ្សង់ទីនកាលពីចុងឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិនលោក ស៊ីជីនពីង (Xi Jinping) បានព្រមព្រៀងគ្នាលើការផ្អាកសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដោយសម្រេចចិត្តបញ្ឈប់ការតម្លើងអត្រាពន្ធគយបន្ថែមសម្រាប់រយៈពេល៩០ថ្ងៃគឺចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខណៈមេដឹកនាំទាំងពីរព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយលើបញ្ហានេះ។

មកទល់ពេលនេះ ភាគីចិននិងសហរដ្ឋអាមេរិកបាននឹងកំពុងប្រឈមមុខនឹងថ្ងៃផុតកំណត់នៃការផ្អាកសង្រ្គាមពាណិជ្ជកម្មដែលត្រូវបានកំណត់ក្នុងខែមីនាខាងមុខនេះហើយភាគីទាំង២ត្រូវប្រើពេលវេលាដែលនៅសេសសល់ដើម្បីធ្វើការចរចាក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលបានបង្កជាការខូចខាតយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើទ្បើងក្នុងអំទ្បុងពេលនៃការផ្អាកសង្រ្គាមពាណិជ្ជកម្មខាងលើនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តការតម្លើងអត្រាពន្ធរបស់ខ្លួនលើទំនិញដែលនាំចូលពីប្រទេសចិនដែលបានកំណត់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករានេះតទៅហើយរដ្ឋាភិបាលទីក្រុងប៉េកាំងក៏អាចនឹងសងសឹកវិញផងដែរ។

លោក ត្រាំ (Trump) បានមានប្រសាសន៍ថា “កិច្ចចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយបាននឹងកំពុងតែមានភាពរីកចម្រើនយ៉ាងល្អ ប៉ុន្តែនៅមិនទាន់មានភាពច្បាស់លាស់នៅទ្បើយទេថាតើទីក្រុងប៉េកាំងនឹងព្រមទទួលយកការទាមទាររបស់សហរដ្ឋអាមេរិកលើបញ្ហាអតុល្យភាពពាណិជ្ជកម្ម, ការចូលទីផ្សារនិងការចោទប្រកាន់លើការរំលោភកម្មសិទ្ធិបញ្ញារបសរដ្ឋាភិបាលទីក្រុងប៉េកាំងឫយ៉ាងណានោះទេ។”

យោងតាមទិន្នន័យដែលបានចេញផ្សាយនៅសប្តាហ៍នេះបានបង្ហាញថាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំង២ក្នុងពិភពលោកខាងលើបានរងការខាតបង់យ៉ាងខ្លាំងលើសន្ទុះសេដ្ឋកិច្ចរបស់ប្រទសរៀងៗខ្លួនកាលពីចុងឆ្នាំមុន។

ក្រៅពីនេះ ទិន្នន័យរបស់វិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ (Institute for Supply Management) បានបង្ហាញថាសកម្មភាពរោងចក្រនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះជាងការរំពឹងទុកកាលពីខែធ្នូកន្លងទៅនេះខណៈទិន្នន័យរបស់ប្រទសចិនដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ (ទី៣១ ធ្នូ) បានឲ្យឃើញថាសកម្មភាពផលិតកម្មរបស់ប្រទេសខ្លួនបានធ្លាក់ចុះមិនធ្លាប់មានជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!