ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀនជាង១គីឡូ និងមេខ្លោងជួញដូរជនជាតិថៃ២នាក់ ត្រូវ……..!

2 ខែ មុន 33 តូ សុផល

ខេត្តបន្ទាយមានជ័យ៖​ នគរបាលជំនាញប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៣​ ខែមករា ឆ្នាំ២០១៩នេះបានបង្ហាញមុខជនជាតិថៃប្រុស-ស្រី២នាក់ សង្ស័យជួញដូរគ្រឿងញៀន ដោយបើកហាងលក់ទំនិញ បំភាន់ភ្នែកសមត្ថកិច្ចបន្លំបង្កប់លក់គ្រឿងញៀន នៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុង ប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី ង៉ែង សុជា នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរគ្រឿងញៀន បានឲ្យដឹងថា៖​ ដោយមានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។លោកបានដឹកនាំកម្លាំងជំនាញ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ បានចុះធ្វើការស៊ើបអង្កេត តាមវិធានការជំនាញ និងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតគ្រឿងញៀនចំនួន៧ប្រភេទ សរុបជាង១គីឡូក្រាម ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។​ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចបានធ្វើឡើងកាលពីយប់រំលងអធ្រាត្រថ្ងៃឆ្លងឆ្នាំ ឈានចូលថ្ងៃទី០១-០២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពាន១​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកសេនីយ៍ត្រី ង៉ែង សុជា នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា៖ ក្នុងការចុះបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ ជនជាតិថៃ ២នាក់នេះ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បើកការស៊ើបអង្កេតរកឃើញថា ជនជាតិថៃទាំង២នាក់នេះ បានបើកហាងលក់ទំនិញមានយីហោ២៩បាត និងបង្កប់លក់គ្រឿងញៀន ហើយសមត្ថកិច្ចបានធ្វើការឆ្មក់ចូលបង្រ្កាប​ និងឆែកឆេររកឃើញគ្រឿងញៀនជាក់ស្តែង។​ សមត្ថកិច្ចឆែកឆេរ ត្រួតពិនិត្យរកឃើញ និងដកហូតបានគ្រឿងញៀន៧ប្រភេទ រួមមាន៖ ១/ប្រភេទម្សៅក្រាមសថ្លាចំនួន១ថង់ ទម្ងន់១,៨៩ក្រាម ,២/ម្សៅម៉ត់​ និង ម្សៅក្រាម(កេតាមីន) ចំនួន២៧ថង់​ ទម្ងន់១៩២,២៧ក្រាម, ៣/ថ្នាំប្រភេទគ្រាប់(អ៊ិចស្តាស៊ី)ចំនួន១៦ថង់ ទម្ងន់១៣៣,៩៤ក្រាម, ៤/ថ្នាំទឹកកេតាមីនចំនួន៩១ដប ទម្ងន់៩១០ក្រាម, ៥/ថ្នាំទឹក កាលីសូលចំនួន២៣ដប ទម្ងន់២៣០ក្រាម, ៦/ថ្នាំគ្រាប់ហ្វាយប្រភេទថ្នាំគ្រវី១៥ គ្រាប់​ និង៧/កញ្ឆាក្រៀមចំនួន៥ដុំស្មើទម្ងន់១៣៥,៦០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង​ ប្រាក់ថៃ៣៥.៨០០បាត និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។​ ចំពោះជនសង្ស័យដែលប្រព្រឹត្តអំពើជួញដូរ គ្រឿងញៀន២នាក់ ម្នាក់ឈ្មោះ ឆាយដែន ម៉ាហា ភេទប្រុស អាយុ៣៣ឆ្នាំ​ ជនជាតិថៃ មុខរបរកម្មករ ស្រុកកំណើតភូមិអារញ្ញ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងម្នាក់ទៀតឈ្មោះ អរុណ កូម៉ាន ធីឆាឆាវិផាណានុវ៉ាត ហៅឆាឆា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ មុខរបរលក់ដូរ ស្រុកកំណើត ឃុំសាណាមីង ស្រុកសានសាយ ខេត្តឈៀងម៉ៃ ប្រទេសថៃ។ ស្រ្តីជនជាតិថៃនេះ មករស់ស្នាក់នៅក្នុងប្រទេសកម្ពុជា៥ឆ្នាំមកហើយ និងបានប្រកបមុខរបរលក់ទំនិញ នៅចំណុចបរិវេណកាស៊ីណូ ក្រុងប៉ោយប៉ែត២ឆ្នាំ ហើយ គ្រឿងញៀនខាងលើពួកគេទទួលទិញពីស្រ្តីម្នាក់ជនជាតិខ្មែរ ដើម្បីយកលក់ចែកចាយបន្តឱ្យជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី នេះបើតាមចម្លើយសារភាពរបស់ពួកគេ។​ បច្ចុប្បន្នជនសង្ស័យជួញដូរគ្រឿងញៀនជនជាតិថៃ២នាក់ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ កសាងសំណុំរឿង​ បញ្ចូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេស តំបន់កាស៊ីណូ ត្រូវគេមើលឃើញថា​ ជាតំបន់ស្មុគស្មាញដោយគ្រឿងញៀន។​ កន្លងមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានដឹកកម្លាំងចុះទៅត្រួតពិនិត្យ ឆែកឆេរ ក្លឹបរាំកម្សាន្ត និងទីតាំងបើកខារ៉ាអូរខេ រកឃើញក្លឹបរាំកម្សាន្ត និងខារ៉ាអូរខេ ២កន្លែង បានបង្កប់នៃការប្រើប្រាស់គ្រឿងញៀនទាំងជនបរទេស​ និងជនជាតិខ្មែរ។​ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងប៉ោយប៉ែត ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពដើម្បីចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន​ និងទប់ស្កាត់បទល្មើសលួចឆក់ប្លន់ អំពើហិង្សា ដែលផ្តើមចេញពីគ្រឿងញៀននោះផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!