ព្រឹតិ្តការណ៍ថ្មីៗ

សម័យប្រជុំលើកទី១ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ សេចក្តីស្នើច្បាប់ចំនួន៣ និងបានបំពេញកិច្ចការផ្សេងទៀត

1 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ ព្រហស្បតិ៍១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩

បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ជាថ្ងៃបិទបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៦ ផងដែរ បន្ទាប់ពីបានដំណើរ ការរយៈពេលជាងបីខែកន្លងមកស្របតាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលបានចែងថាសម័យប្រជុំរដ្ឋសភានីមួយៗរដ្ឋសភាមានថិរវេលា យ៉ាងតិច៣ខែនោះ។

ចំពោះសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានធ្វើឡើងបន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលជាធរមានអស់រយៈពេល១០ឆ្នាំមក ដោយផ្អែកតាមកត្តាប្រជាសាស្រ្តនិងកត្តាភូមិសាស្រ្តនៃរដ្ឋបាលដែនដីនីមួយៗ។

ការធ្វើវិសោធនកម្មច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅត្រង់មាត្រា១៨ ដែលនិយាយពីចំនួនសមាជិកក្រុមប្រឹក្សាដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវា និងការអភិវឌ្ឍស្របពេលដែលមុខងារ និងធនធានត្រូវផ្ទេរជាបន្តបន្ទាប់ពីថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

រីឯសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ វិញ ត្រូវបានធ្វើឡើងដើម្បីឲ្យមានលក្ខណៈស្របគ្នាទៅនឹងច្បាប់មួយចំនួន ដូចជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម។

បន្ទាប់ពីបានពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ខាងលើចប់សព្វគ្រប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៦ ចាប់ពីពេលនេះ។ ក្នុងរយៈពេល៣ខែ កន្លងមកនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បានសម្រេចលទ្ធផលដូចតទៅ៖

១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត១២៥រូប នីតិកាលទី៦នៃរដ្ឋសភា។

២-អនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នីតិកាលទី៦

៣-បោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតំាងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទំាងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។

៤-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប ជំនួសតំណាងរាស្រ្តដែលបានលាលែងនីតិកាលទី៦នៃរដ្ឋសភា។

៥-បោះឆ្នោតជ្រើសតំាងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា។

៦-អនុម័តសេចក្តីព្រាងច្បាប់បានចំនួន៥ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។

៧-អនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៣ ដែលស្នើឡើងដោយក្រុមតំណាងរាស្រ្តហត្ថលេខី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ