ព្រឹតិ្តការណ៍ថ្មីៗ

អាក្រក់មែន ! អ្នកមានលុយ និងអំណាចឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន លួចហុំព័ទ្ធដីព្រៃការពារដោយព្រះរាជក្រឹត្យ

9 ខែ មុន 68 តូ សុផល

កំពង់ស្ពឺ ៖ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ក្រោមការគ្រប់គ្រងរបស់នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមាន លោក ខន សុខខុន ជានាយកដែនជម្រកនោះពេលនោះ ស្រាប់តែប្រជាពលរដ្ឋបានរាយការណ៍មកថាមានក្រុមឈ្មួញមានលុយនិងមានអំណាចនៅឯរាជធានីភ្នំពេញ ជិះសុទ្ធតែរថយន្តស៊េរីទំនើបៗ បានជួលក្រុមកម្មករធ្វើរបងហុំព័ទ្ធដីព្រៃជិត៣ខែមកហើយ ដែលមានទំហំចាប់ពី ២០០ ទៅ៣០០ ហិកតា ថែមទាំងយកគ្រឿងចក្រធ្វើការឈួសឆាយធ្វើរបងនិងយកដើមស្វាយដាំក្បែររបងជាលេសដើម្បីប្រាប់ទៅថ្នាក់លើថាទិញពីប្រជាពលរដ្ឋ ជាក់ស្តែងជាដីព្រៃរបស់រដ្ឋដែលជាតំបន់ភ្នំការពារដោយព្រះរាជក្រឹត្យ យកស្នាមមេដៃរបស់ប្រជាពលរដ្ឋធ្វើជាខែលទៅវិញ ដើម្បីបំភ័ណ្ឌភ្នែកថ្នាក់លើ។

បើតាមសម្តីរបស់ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថាដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនិងក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលក្រុមឈ្មួញមានលុយមានអំណាចមកហុំព័ទ្ធធ្វើរបងនិងយកគ្រឿងចក្រមកធ្វើការឈួសឆាយនោះមានទីតាំងស្ថិតនៅតាមជើងភ្នំ ក្នុងភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក ជា ហ៊ាន បានបន្តទៀតថាបើតាមការរាយការណ៍ពីប្រជាពលរដ្ឋមកលោកបានចុះទៅដល់កន្លែងទីតាំងខាងលើឃើញថាពិតជាមានក្រុមឈ្មួញមានលុយនិងអំណាចបានធ្វើការហុំព័ទ្ធនិងធ្វើរបង ព្រមទាំងឈួសឆាយយកដើមស្វាយទៅដាំតាមរបងពិតប្រាកដមែន ដោយក្រុមឈ្មួញទាំងអស់នោះសុទ្ធសឹងតែជិះរថយន្តស៊េរីទំនើបៗ និងជាអ្នកនៅរាជធានីភ្នំពេញ ហើយដីព្រៃដែលក្រុមឈ្មួញខាងលើហុំព័ទ្ធនេះមានទំហំមិនក្រោម៣០០ហិកតានោះទេ។

ហើយការហុំព័ទ្ធពីសំណាក់ក្រុមឈ្មួញនេះមិនក្រោម ៣ខែនោះទេនិងការដាក់ដាំដើមស្វាយជាលេស ស្រួលក្នុងការរាយការណ៍ទៅថ្នាក់លើ ប៉ុន្តែជាក់ស្តែងដើមស្វាយទើបតែដាំ០៣ទៅ០៤ថ្ងៃប៉ុណ្ណោះនិងការឈួសឆាយនេះ។

ក្នុងនាមលោក ជាប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋលោកនិងដាក់លិខិតទៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីអោយលោកចាត់អនុប្រធានមន្ទីរទទួលបន្ទុកនិង លោក ខន សុខខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីចុះកំណត់លេខយាមការនិងដាក់សំណើរទៅ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺដើម្បីចេញដីការដកហូតដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនេះ ទុកជាសម្បត្តិរបស់រដ្ឋវិញផង។

ជាចុងក្រោយ លោក ជា ហ៊ាន ប្រធានអង្គការខាងលើធ្វើការសំណូមពរដកហូតដីខាងលើអោយនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និងមន្ទីរបរិស្ថានខេត្តគ្រប់គ្រងវិញ និងសូមអោយសមត្ថកិច្ចធ្វើការស្វែងរកមុខមេខ្លោងក្រុមជនល្មើសហុំព័ទ្ធ ធ្វើរបងទន្ទ្រានឈួសឆាយរំលោភយកដីព្រៃរបស់រដ្ឋអោយស្គាល់មុខផង និងកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ផង។

បើតាមសម្តីរបស់ប្រជាពលរដ្ឋឈ្មោះ ឌី ណា និយាយថាដីខាងលើនេះឃើញគេធ្វើរបងជិត០៣ខែមកហើយ និងដាក់ដាំដើមស្វាយ ព្រមទាំងឈួសឆាយទៀតផង។ ហើយឮថាម្ចាស់នៅឯក្រៅប្រទេសគឺ ប្រទេសកាណាដា ទិញពីអាជ្ញាធរនិងអ្នកនៅភ្នំពេញ។

ពាក់ពន្ធ័ និងក្រុមឈ្មួញធ្វើការហុំព័ទ្ធដីព្រៃ របស់រដ្ឋការពារដោយព្រះរាជក្រឹត្យនេះ ដែលអ្នកយកព័ត៌មានយើងព្យាយាមសុំការបកស្រាយពី លោក ខន សុខខុន នាយកដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ដែរ ប៉ុន្តែមិនមានលេខទូរសព្ទ័ក្នុងការទំនាក់ទំនងឡើយ។ ដោយគេដឹងថាប្រសិនបើមិនមានការឃុបឃិតគ្នាទេនោះការឈួសឆាយហុំព័ទ្ធយកដីសូម្បីតែមួយចំអាមផង។ សូម្បីតែអ្នកដឹកអុស ដឹធ្យូង និងបង្គោលរបង ក៏លោកខន សុខខុន មិនអោយរត់រួចឡើយ ចុះទំរាំរឿងហុំព័ទ្ធនិងឈួសឆាយទៀតនោះគេមិនជឿថា លោកខន សុខខុន មិនដឹងនោះទេ៕

អង្គភាពសារព័ត៌មាន TNN បានសុំការបញ្ជាក់បន្ថែមតាមរយៈ whatsapp ទៅ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី ២៧ ធ្នូ ២០១៨ នេះដែរ តែ ឯកឧត្តមអភិបាល មិនទាន់ឆ្លើយតបទេ ប្រសិនមានការបញ្ជាក់ណាមួយ TNN និងផ្សាយលម្អិតបន្ថែមទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ