ព្រឹតិ្តការណ៍ថ្មីៗ

តុលាការសម្រេចផ្តន្ទាទោស ក្រុមចោរឆក់ ៣នាក់ ដាក់គុក ម្នាក់ ២ឆ្នាំ

1 ខែ មុន 28 តូ សុផល

ភ្នំពេញ៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ

លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម សំណុំរឿង ចោរឆក់ ៣នាក់ ដោយសម្រេចដាក់គុកក្នុងម្នាក់ៗ ២ឆ្នាំ។

ក្រុុមចោរឆក់ ទាំង ៣នាក់ រួមមាន៖
-ទី១ឈ្មោះ បៀវ ឈុនហេង ​ភេទប្រុស អាយុ ២២ឆ្នាំ មុចរបរ ចោរ
-ទី២ឈ្មោះ តឺយ ពៅ ហៅ ពៅ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ចោរ
-និងទី៣ឈ្មោះ យឹម ភារុណ ហៅ រុណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ចោរ។

ក្រុមចោរឆក់ ទាំង ៣នាក់ខាងលើនេះ ត្រូវលោកព្រះរាជអាជ្ញារង ហោ លីណា ចោទប្រកាន់ ពីបទ លួច (ឆក់កាបូប) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ប៉ុន្តែបើយោងតាមរបាយការណ៍របស់ សមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលចាប់ខ្លួន បញ្ជូនទៅតុលាការ លោកចោរទាំង ៣នាក់ ត្រូវបានសន្និដ្ឋានថា អំពើឆក់ការបូប ដែលពួកគេបានប្រព្រឹត្តនោះ ជាអំពើ លួចមានស្ថានទម្ងន់ទោស ដែលជាបទឧក្រិដ្ឌ ស្រាប់តែ ក្រុមលោកចោរ ទទួលបាន សំណាងល្អ ត្រូវតំណាងអយ្យការចោទត្រឹមបទលួច ធម្មតា ជាបទល្មើសមជ្ឈិមទៅវិញ ពិតជាសំណាងរបស់ចោរមែន។

នៅក្នុងសវនាការ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅលោក កូយ សៅ ដែលចៅក្រមជំនុំជម្រះ បានមានប្រសាសន៍ថា ក្រុុមយុវចោរ ទាំង៣នាក់ ពិតជាសំណាងណាស់ ដែលត្រូវលោក ហោ លីណា ជាតំណាងអយ្យការ កាន់សំណុំរឿង និងចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់ និងបញ្ជូនរឿងឲ្យលោក ជំនុំជម្រះ ពីបទ លួច ដែលជាបទមជ្ឈិម ដែលប្រឈមការផ្តន្ទាទោស ដាក់ពន្ធនាគារត្រឹមតែ ៦ខែ ទៅ៣ឆ្នាំ ប៉ុណ្ណោះ។

លោកចៅក្រមជំនុំជម្រះ បានលើកឡើងបន្តថា បើបច្ចុប្បន្ន វិញករណី ដែលយុវចោរ ទាំង ៣នាក់ បានប្រព្រឹត្ត គឺត្រូវចាត់ទុកជាបទ លួចមានស្ថានទម្ងន់ទោស ដែលជាបទ ឧក្រិដ្ឌ អាចប្រឈមការផ្តន្ទាទោសដាក់គុក ពី ៣ឆ្នាំ ទៅ១០ឆ្នាំ ឯណោះ។

សូមជម្រាបជូនថា ក្រុមចោរឆក់៖
-ឈ្មោះ បៀវ ឈុនហេង ​ត្រូវបានឃុំខ្លួន តាមដីកាឃុំខ្លួនលេខ ៣៣៨៤ “ត” ដ.ឃ.ដ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨
-ឈ្មោះ តឺយ ពៅ ហៅ ពៅ ត្រូវបានឃុំខ្លួន តាមដីកាឃុំខ្លួនលេខ ៤៨៨០ “ក១” ដ.ឃ.ដ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨
-និងឈ្មោះ យឹម ភារុណ ហៅ រុណ ត្រូវបានឃុំខ្លួន តាមដីកាឃុំខ្លួនលេខ ៦៧០៩ “ក១” ដ.ឃ.ដ ចុះថ្ងៃទី២២ខែមេសា ឆ្នាំ២០១៨។

គួររំលឹកថា ក្រុមចោរឆក់ ទាំង៣នាក់ខាងលើត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបាន ជាបន្តបន្ទាប់ ក្រោយពីពួកអស់លោកបាន ធ្វើសកម្មភាព ឆក់កាបូប ជនរងគ្រោះ ជាជនជាតិចិន ឈ្មោះ CHAO ZHANG ភេទប្រុស អាយុ ៣២ឆ្នាំ នៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ និងធ្លាប់បានធ្វើសកម្មភាពឆក់ជាច្រើនលើកក្នុងទឹកដីរាជធានីភ្នំពេញ៕ ដោយ៖ ប្អូនធម៌

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!