ព្រឹតិ្តការណ៍ថ្មីៗ

តុលាការផ្តន្ទាទោស យោធា ដែលបាញ់ប៉ុនប៉ងសម្លាប់មនុស្ស ២នាក់ខណ្ឌសែនសុខ ដាក់គុក ១២ឆ្នាំ

1 ខែ មុន 44 តូ សុផល

ភ្នំពេញ៖ ទីបំផុតលោកយោធា ដែលប៉ងបាញ់សម្លាប់មនុស្ស នៅខណ្ឌសែនសុខ ត្រូវតុលាការផ្តន្ទាទោស ដាក់គុក ១២ឆ្នាំ។ លោក រស់ ពិសិដ្ឋ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ប៊ុន តេង ហៅ អាហ្គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបសរ មន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិវរសេនីយ៍ ដាក់ពន្ធនាគារកំណត់ រយៈពេល ១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១លានរៀល ចូលជាថវិការដ្ឋ ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់ នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួល ថ្ងាន់ សង្កាត់ទួលសង្កែ និងឈ្មោះ សឺង វិន ហៅ ស្រីលក្ខណ៍ ភេទស្រី អាយុ ២៥ឆ្នាំ កាលពីវេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ជនជាប់ចោទ បានអះអាងថា កាំភ្លើងដែលខ្លួនយកទៅប្រព្រឹត្តបទល្មើសនោះ ជាកេរមរតករបស់ ខ្មោច ឪពុកខ្លួន ដែលជាមន្ត្រីយោធាម្នាក់ បន្សល់ទុកឲ្យខ្លួនដាក់តាមខ្លួន និងការពារខ្លួនពេលផឹកស៊ី គឺមិនមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ទេ។ ជនជាប់ចោទបន្ថែមថា ខ្លួនអត់បានបាញ់ជនរងគ្រោះនោះទេ គឺរាលកៃ ចំនួន ៥គ្រាប់ចំជនរងគ្រោះទាំង ២នាក់។

គួររំលឹកថា មានហេតុការណ៍បាញ់ប្រហារគ្នាមួយបានកើតឡើង កាលពីវេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនជាប់ចោទខាងលើ ជិះរថយន្ត RANGE ROVER ពណ៌ស។ ក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យជនរងគ្រោះទាំង ២នាក់ខាងលើ រងរបួស និងត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។

ក្រោយពេលកើតហេតុ ២ថ្ងៃ ជនជាប់ចោទបានចូលខ្លួនសារភាពកំហុសនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឲ្យសម្រេចដាក់គុកតាមច្បាប់៕ ដោយ៖ ប្អូនធម៌

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!