ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ និងអង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជា នាំអំណោយចែកជូន​ពលរដ្ឋក្រីក្រ កំពុងជួបការលំបាក ជិត​៩០០គ្រួសារ​ ដែលមកពីសង្កាត់ទាំង៧​ នៃខណ្ឌមានជ័យ!

1 ខែ មុន 17 តូ សុផល

រាជធានីភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងអង្គការមូលនិធិពុទ្ធសាសនា ឆឺជីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៨៥៣គ្រួសារ​ មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ និងជាប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)​ ខណ្ឌមានជ័យ​ និងក្រុមយុវជន​ទាំង៧សង្កាត់ និងមន្ត្រីពាក់ព័ន្ធ​ និងលោកចៅសង្កាត់ទាំង៧ រួមទាំងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌមានជ័យ​ យ៉ាងច្រើនកុះករ​ នៅក្នុងបរិវេណសាលាខណ្ឌមានជ័យ​ ស្ថិតនៅផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ក្នុងឱកាសនោះលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ ក៏បានថ្លែងអំណរគុណចំពោះ លោកប្រធានអង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជា ដែលតែងតែបានសហការល្អប្រសើរ ជាមួយអជ្ញាធរខណ្ឌមានជ័យ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកក្នុងមូលដ្ឋាន។

លោកអភិបាល ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ ដែលជានិច្ចកាល សម្តេចទាំងពីរ តែបានគិតគូអំពីការលំបាក និងបញ្ហាប្រឈមនានា​របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងតែងបានផ្តាំផ្ញើរដល់​អជ្ញាធរគ្រប់លំដាប់ថ្នាក់​ឲ្យយកចិត្តទុកដាក់ គិតគូរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកអភិបាលក៏បានផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ឲ្យ​យកចិត្តទុកដាក់ គិតគូពីបញ្ហាសុខភាព អនាម័យការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត ដើម្បីឲ្យមានសុខភាពល្អ បន្តរង់ចាំមើលការអភិវឌ្ឍរីក​ចម្រើន​របស់ប្រទេសជាតិបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ជំនួសមុខឲ្យក្រុមប្រឹក្សាខណ្ឌមានជ័យលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងបងប្អូនប្រជាព​លរដ្ឋទាំង៨៥៣គ្រួសារ សូមថ្លែងអំណរគុណ ចំពោះអង្គការមូលនិធិពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជា ដែលបាន​​ចូលរួមចំណែកចែករំ​លែកការលំបាក និងនាំយកអំណោយ មកចែកជូនប្រជាព​លរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យនាពេលនេះ។

ប្រធា​នអង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានក្លាយជាចំណែកមួយ ជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក​ អង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា បង្កេីតឡើងគឺក្នុងគោលបំណងជួយដល់អ្នកមានទុក្ខលំបាក និងដើម្បីជាការជួយគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សដោយមិនប្រកាន់សាសនា ពណ៌សម្បុសឡើយ ។

គួរបញ្ជាក់ថា នេះជាលើកទី១១​​​​​​​​​​​​​​​ហើយ ដែលសាលាខណ្ឌមានជ័យ បានសហការជាមួយអង្គការមូលនិធិពុទ្ធសាសនា ឆឺជី ​ប្រចាំនៅកម្ពុជា ចុះចែកអំណោយជូន​ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យនៅខណ្ឌមានជ័យ ៕ (ដោយបងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!