ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ​ ចុះពិនិត្យ​ កាត់សំយ៉ាប តូបលក់ដូរ រោង និងរបង ដែលសាងសង់​រំលោកចិញ្ចើមផ្លូវ ក្រោយពីមន្ត្រីជំនាញ បានបាញ់គំនូសកំណត់ អោយរុះរើ​ចេញ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣

1 ខែ មុន 48 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង៨:០០ព្រឹក ថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ទទួលបន្ទុកផ្នែកសន្តិសុខ​ សណ្ដាប់ធ្នាប់​ ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌមានជ័យ និងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ ដឹកនាំដោយតំណាងចៅសង្កាត់ស្ទឹងមានជ័យ៣ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដឹកនាំដោយលោក​ ឡេង​ ចន្ទសុភ័ត្រា​ ប្រធានសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានចុះត្រួតពិនិត្យសកម្មភាពកាត់សំយ៉ាប តូបលក់ដូរ​ រោង និងរបង ដែលបានសង់ចូលដីចំណីផ្លូវសាធារណះ នៅកំណាត់ផ្លូវដីថ្មី ៤៩CC​ ចាប់ពីកំណត់ផ្លូវវេងស្រេង​ ដល់ផ្លូវអគ្គិសនី ចុងខាងលិច ។

ជាលទ្ឋផល ឃើញថាបងប្អូនម្ចាស់លំនៅដ្ឋានទាំងអស់ បានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការរៀបចំកំណាត់ផ្លូវនេះឲមាន​របៀបរៀបរយ ដោយបងប្អូនបានកំពុងកាត់សំយ៉ាប តូបលក់ដូរ រោង និងរបងរបស់ខ្លួនជាបន្តបន្ទាប់ នៅតាមចំណុចទីតាំងដែលក្រុមការងារមន្ត្រីជំនាញយើងបានបាញ់គំនូសកំណត់ អោយរុះរើ​ចេញនោះ បានជាង៤០%ហើយ​ ដោយឡែកម្ចាស់ទីតាំងខ្លះ​ ដែលមិនទាន់បានកាត់​ និងរុះរើចេញនោះ គឺពួកគាត់រកជាងមកកាត់មិនទាន់​ ទើបសុំមួយថ្ងៃទៀត​ ដើម្បីអោយជាងមកកាត់ចេញតាមការជូនដំណឹងរបស់អាជ្ញាធរ។

ដោយឡែក​កម្លាំង​សណ្ដាប់ធ្នាប់ខណ្ឌមានជ័យ និងកម្លាំងសង្កាត់ពាក់ព័ន្ធ បានបន្តចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមផ្លូវវេងស្រេង ម្ដុំលូប្រាំ ផ្លូវ៣៧១(ផ្សារក្រមួនស្ពានដែក) កម្លាំងសណ្ដាប់ធ្នាប់​បានបញ្ជាក់ដែរថា​ ចំពោះបងប្អូនដែលនៅតែ​រឹងរូស​មកដាក់លក់​អីវ៉ាន់​ និងសំភារៈផ្សេងៗ តាមចិញ្ចើមផ្លូ​វ មិនទុកចិញ្ចើមថ្នល់ សំរាប់អ្នកថ្មើរ​ជើងដើរ នៅលើចិញ្ចើមផ្លូវបែបអាណាធិបតេយ្យដដែលៗទៀតនោះ ដែលបង្កផលប៉ះពាល់សណ្តាប់ធ្នាប់ទាំងអស់ កម្លាំងនឹងចុះអនុវត្តគ្រប់ពេលទាំងអស់ តាមពេលវេលាជាក់ស្តែង ដែលអាចធ្វើបាន ដោយមិនមានជូនដំណឹងទៀតឡើយ។

លោក​ ឡេង​ ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​ សង្ឃឹមថា បងប្អូនអ្នកលក់ដូរនៅតាមទីតាំងខាងលើនឹងចូលរួម សហការជាមួយអាជ្ញាធរ ដោយភាពទទួលខុសត្រូវ ដើម្បីបញ្ជៀសនូវបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុ ពិសេសរក្សាបានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពល្អសម្រាប់ទីក្រុងភ្នំពេញយើងទាំងអស់គ្នា ៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!