ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទពីសិស្សសាលាម្នាក់បានសម្រេច តែគេចមិនរួច ចុងក្រោយជាប់ខ្នោះទាំង២នាក់

10 ខែ មុន 42 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវជនម្នាក់ ដែលជាសិស្សសាលាបានសម្រេច ហើយគេចខ្លួន តែគេចមិនរួច ត្រូវបាននគរបាលល្បាតនិងស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ករណីនេះកើតឡើងនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ី ស៊ុនហៀង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ សុន រតនៈ ហៅខ្នាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនសង្ស័យទី២ឈ្មោះ សុខ ប៊ុនយុទ្ធថន ហៅថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃទទឹង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្នុងនោះដែរនគរបាលបានដកហូតបាន ទូរសព្ទដៃ១គ្រឿងម៉ាក HUAWEI ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ចំនួន១គ្រឿង, ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FP-6411 ចំនួន១គ្រឿង ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-4021 ចេញពីផ្ទះស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅទិញអីវ៉ាន់នៅផ្ទះលក់ចាប់ ហួយក្នុងភូមិពងទឹកដូចគ្នា ។ ពេលទិញអីវ៉ាន់រួចក៏បានបើកម៉ូតូម៉ាកខាងលើត្រឡប់មកផ្ទះវិញ តាមផ្លូវបេតុង ស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែទូរសព្ទរោទិ៍ ជនរងគ្រោះក៏បានដក ទូរសព្ទដៃម៉ាកHUAWEI ពណ៌ខ្មៅ ចេញពីហោប៉ៅមកមើល ពេលនោះក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FP-6411 ចំនួន១គ្រឿងមកអែបខាងឆ្វេងដៃរបស់ជនរងគ្រោះរួចជនសង្ស័យឈ្មោះ សុន រតនៈ ហៅ ខ្នាក់ ដែលអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃម៉ាក ខាងលើ រួចជិះម៉ូតូគេចខ្លួនទៅតាមផ្លូវជាតិលេខ៣ ។ ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីខាងក្រោយ តែតាមមិនទាន់ក៏បានទៅរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក អំពីភិនភាគជនសង្ស័យ ដើម្បីឲ្យនគរបាលកិច្ចជួយធ្វើការអន្តរាគមន៍ រួចនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល នគរបាលបានជិះម៉ូតូល្បាតតាមផ្លូវក៏បានឃើញជនសង្ស័យឈ្មោះ សុខ ប៊ុនយុទ្ធថន ហៅ ថន កំពុងជិះម៉ូតូតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយនគរបាលក៏បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ សុខ ប៊ុនយុទ្ធថន ហៅ ថន រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹកតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួររួច នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល នគរបាលបានបន្តទៅឃាត់ខ្លួន ជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ សុន រតនៈ ហៅ ខ្នាក់ រួចនិងភស្តុតាង ទូរសព្ទដៃម៉ាកខាងលើរបស់ជនរងគ្រោះ ត្រង់ចំណុចមុខក្លឹបមីតណាយ ផ្លូវវេងស្រេង ស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។ បន្ទាប់មកនគរបាលក៏បានជូនដំណឹងទៅជនរងគ្រោះឲ្យមកមើលមុខជនសង្ស័យបានស្គាល់ថា ពិតជាជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ជនរងគ្រោះ ប្រាកដមែន ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង២នាក់ ដើម្បីឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់តែម្តង។

ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀននៅក្នុងទឹកនោមរបស់ជនសង្ស័យទាំង២នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ពងទឹក ធ្វើការសាកសួរ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់៕ អត្ថបទរូបភាព​ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ