ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី ដុះស្លែ២កន្លែង ក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី​ ១៥នាក់​ ដកហូតទូហ្គេម​ ៣គ្រឿង​…!

1 ខែ មុន 61 តូ សុផល

រាជធានីភ្នំពេញ​ ៖ សង្កេតឃើញថា​ ក្រោយពីមានការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែបន្ដបង្ក្រាបទីតាំងដែលបើកទូរហ្គេមបាញ់ត្រីឲ្យអស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែងករណីនេះកើតឡើងវិញម្ដងទៀត សង្កេតឃើញថា​ កម្លាំងការិយាល័យព្រហ្មទណ្ឌ​ កម្រិតស្រាល​ បានឆ្មក់បើក​ប្រតិបត្តិការ​បង្ក្រាប​បានជារឿយៗ នៅតាមបណ្ដាលនានាបន្តបន្ទាប់គ្នា​តែម្តង​។

ក្នុងចំណោម​ទីតាំងដែលលួចបើកល្បែងស៊ីសងជាច្រើនកន្លែង (មានទាំងណេត២៤ម៉ោង​ បង្កប់ល្បែងភ្នាល់អនឡាញ និងទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង) ទូទាំងរាជធានីភ្នំពេញ​ កំពុងបើកដំណើរ២៤ម៉ោង លើ២៤ម៉ោង​ មិនមានអ្នកណាហ៊ានបង្ក្រាប​ ព្រោះទីតាំងខ្លះជាឆ្នាំងបាយរបស់អស់លោក​រក្សាទុក គឺមានអ្នកកាងមិនអោយអ្នកណាបង្ក្រាបនោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងដុះស្លែ ចំនួន២ទីតាំងហើយ ដោយទីតាំងទី១ ស្ថិតនៅផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្សបាន ៣នាក់ ដកទូរហ្គេម ១គ្រឿង និងទីតាំងទី២ នៅតាមផ្លូវ២៧១ ម្ដុំច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ ឃាត់ខ្លួនមនុស្សបាន ១២នាក់​ ដកហូតទូរហ្គេម​ ២គ្រឿង នៅវេលាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ។

តាមការបញ្ជាក់ពីលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលភ្នំពេញ បានប្រាប់ឲ្យភ្នាក់ងារ​ TNN​ ដឹងថា​ នៅក្នុងប្រតិបត្តិការ​​ឆ្មក់បង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ដុះស្លែ ចំនួន២ទីតាំងនេះ គឺកម្លាំងលោកបានធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប ១៥នាក់ និងធ្វើការដកហូតទូហ្គេម​ ៣គ្រឿង រួមទាំង​ កៅអី​អង្គុយ​ កង្ហារ​ និង​សម្ភារៈ​ផ្សេងៗ​ទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុសស្រីទាំង១៥នាក់ បានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យ​នគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីកសាង​សំណុំរឿង​ចាត់ការតាមនិតិវិធី ចំណែកទូរហ្គេម​រក្សាទុក​បណ្ដោះអាសន្ន​ រងចាំកម្ទេចចោលពេលក្រោយ។

លោកឧត្តមសេនីយ៍ ស ថេត ក៏ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា «កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌឲ្យបង្រ្កាបឲ្យអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតឲ្យបើកវិញ ?» ។

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ សង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើង ដែលកើតចេញពីកន្លែង មានហ្គេមបាញ់ត្រី ហើយរួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!