ព្រឹតិ្តការណ៍ថ្មីៗ

អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​ សូម​អំពាវនាវ​អ្នកលេង​បណ្តាញ​សង្គម​ សូមកុំ​ Share​ រឿង​មិន​ពិត​ (Fake​ News)​

4 ថ្ងៃ មុន 528 តូ សុផល

​ភ្នំពេញ​៖ ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សូម​ធ្វើការ​បដិសេធ​ចំពោះ​ការ​ផ្សាយ​របស់​បណ្តាញ​សង្គម​នៃ​គណនី​ ឈ្មោះ​ ណា​ធី​យ៉ា​ ឯកា​ (Natiya​ Aek​ Ka)​ ដែល​បាន​ផ្សាយ​ជុំវិញ​ហេតុការណ៍​ពាក់ព័ន្ធ​នឹង​សិស្សសាលា​វិទ្យាល័យ​ថ្មគោល​ ខេត្តបាត់ដំបង​ជិត​១០០​នាក់​បាន​ដួល​សន្លប់​។​

​បណ្តាញ​សង្គម​របស់​គណនី​ឈ្មោះ​ណា​ធី​យ៉ា​ ឯកា​ (Natiya​ Aek​ Ka)​ បាន​សរសេរ​ថា​មាន​ជនជាតិ​ចិន​ បាន​ចុះ​សុំនា​យកសា​លាមក​ពិនិត្យ​សុខភាព​សិស្ស​ដោយ​សិស្ស​ខ្លះ​ត្រូវ​បាន​ជួស​ឈាម​ រីឯ​សិស្ស​ខ្លះ​ត្រូវ​ចាក់​ថ្នាំ​ និង​ពិនិត្យ​ ចង្វាក់បេះដូង​។​

​យោង​តាម​នាយក​សាលា​វិទ្យាល័យ​ថ្មគោល​ លោក​ ហេង​ ស៊ុន​ផា​រិ​ទ្ធ​ បាន​បំភ្លឺ​ថា​ ហេតុការណ៍​ដួល​សន្លប់​នេះ​ បាន​កើតឡើង​ចំពោះ​សិស្ស​៧១​នាក់​ក្នុង​នោះ​សិស្ស​ស្រី​មាន​៧០​នាក់​កាលពី​ថ្ងៃ​ទី​៦​និង​៧​ធ្នូ​ឆ្នាំ​២០១៨​។​

​លោក​ហេង​ ស៊ុន​ផា​រិ​ទ្ធ​ បាន​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​២​និង​៣​ធ្នូ​ មាន​ក្រុម​គ្រូពេទ្យ​ខ្មែរ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ចិន​ ដែល​ក្នុង​នោះ​ មាន​គ្រូពេទ្យ​ចិន​ប្រមាណ​ពី​១០​ទៅ​២០​នាក់​ជិះឡាន​ទូ​រី​ស​ចំនួន​២​ បាន​ធ្វើ​ដំណើរ​ទៅ​ស្រាវ​ ជ្រាវ​នូវ​ ជម្ងឺ​បេះដូង​ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រដាប់​ឧបករណ៍​ស្ទង់​បេះដូង​តែ​ប៉ុណ្ណោះ​ និង​មិន​បាន​ជួស​ឈាម​នោះ​ទេ​។​ ការ​ចុះ​ស្រាវជ្រាវ​ជម្ងឺ​បេះដូង​នោះ​ គឺ​បាន​ធ្វើ​តាម​សាលា​ជា​ច្រើន​មិន​ត្រឹមតែ​វិទ្យាល័យ​ថ្មគោល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តាម​សាលា​មួយ​ចំនួន​ក្នុងស្រុក​សង្កែ​និង​នៅ​ក្នុង​ក្រុង​បាត់ដំបង​។​ សិស្ស​ ដែល​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ស្រាវជ្រាវ​ពិនិត្យ​បេះដូង​ក្នុង​វិទ្យាល័យ​ថ្មគោល​នោះ​ គឺជា​សិស្ស​កម្រិត​ថ្នាក់​ទី​៧,​ ទី​៨​ និង​ទី​៩​។​ ចំណែក​ការ​ដួល​សន្លប់​របស់​សិស្ស​នៅ​វិទ្យាល័យ​ថ្មគោល​ចំនួន​៧១​នាក់​នោះ​ គឺជា​សិស្ស​ថ្នាក់​ទី​១១​និង​ទី​១២​នោះ​ទេ​ ដែល​មិន​ពាក់ព័ន្ធ​នឹង​សិស្ស​ដែល​ក្រុម​គ្រូពេទ្យ​ខ្មែរ​និង​ចិន​បាន​សហការ​គ្នា​ស្រាវជ្រាវ​ជម្ងឺ​បេះដូង​នោះ​ឡើយ​។​

​ដូច្នេះ​ការ​ផ្សាយ​តាម​បណ្តាញ​សង្គម​របស់​គណនី​ឈ្មោះ​ ណា​ធី​យ៉ា​ ឯកា​ (Natiya​ Aek​ Ka)​ បាន​ខុស​នឹង​ការ​ពិត​លើ​បញ្ហា​នេះ​។​

​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សូម​បដិសេធ​ថា​ ការ​ផ្សាយ​របស់​បណ្តាញ​សង្គម​នៃ​គណនី​ឈ្មោះ​ ណា​ធី​យ៉ា​ ឯកា​ (Natiya​ Aek​ Ka)​ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដួល​សន្លប់​ របស់​សិស្សសាលា​វិទ្យាល័យ​ថ្មគោល​ ខេត្តបាត់ដំបង​ ដោយសារ​ជនជាតិ​ចិន​ បាន​ជួស​ឈាម​សិស្ស​ និង​ការ​ចាក់​ថ្នាំ​នោះ​ មិនមែន​ជា​ការ​ពិត​ឡើយ​។​ អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​សូម​អំពាវនាវ​អ្នកលេង​បណ្តាញ​សង្គម​ សូមកុំ​ Share​ រឿង​មិន​ពិត​(Fake​ News)​ នេះ​អោយ​សោះ​ ពីព្រោះ​នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​នៃ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!