ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានបទធំៗចំនួន៧ ករណីត្រូវ លោកWilliam Guang យកទៅពិភាក្សាដេញដោល

1 សប្តាហ៍ មុន 266 តូ សុផល

ប្រធានបក្សខ្មែរក្រោក William Guang ៖ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នេះ

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានបើកកិច្ចប្រជុំពិសេសមួយដែលដឹកនាំអង្គប្រជុំដោយរូបខ្ញុំជាប្រធានប្ដូរវេន ជាមួយប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីដេញដោលពិភាក្សាអំពីបញ្ហា វិបត្តិដីធ្លីយ៉ាងរាំរ៉ៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ខ្ញុំបាទជាប្រធានប្ដូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានពាំនាំប្រធានបទធំៗចំនួន៧ ករណីយកទៅពិភាក្សាដេញដោលនិងទទួលបានលទ្ធផលដូចខាងក្រោម៖

១ ខ្ញុំបានដាក់សំណើអោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កុំចេញប្លង់កម្មសិទ្ធិទទួលស្គាល់ចំពោះជនណាលួចដីរដ្ឋ ជាក់ស្ដែងបញ្ហាលោក លោក ស៊ីវ គង់ទ្រីវ លី យ៉ុងផាត់ និងលោកយន្ត មីន ឃុបឃិតគ្នាយកដីរដ្ឋនៅភូមិ ចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ

បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឯកភាព និងសន្យាថា និងទប់ស្កាត់មិនអោយមានការចេញប្លង់កម្មសិទ្ធិឲ្យ ឧកញ៉ា លី យ៉ុង ផាត់ឡើយ ដោយលោកលើកឡើងថា នេះជាអំពើខុសច្បាប់

២ ខ្ញុំបានទាមទារអោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានវិធានការដាក់ទោសចំពោះ លោកស្រី ជីង សុភាព ដែលបានចាក់ដីលុបចូលសមុទ្រ នៅព្រែកត្រែង

បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពុំទាន់បានផ្ដល់ចម្លើយទេ ដោយលោករង់ចាំអោយភាគីជីង សុភាព កាយដីដែលសេសសល់ចេញអោយអស់សិន

៣ ខ្ញុំបានស្នើសូម អោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យចំពោះករណី លោក យន្ត មីន ចេញលិខិតអោយមន្ទីររៀបចំដែនដីទាមទារប្រាក់៤ដុល្លារ លើដីមួយមែត្រការ៉េ ក្នុងការចេញប្លង់កម្មសិទ្ធិនៅតំបន់ដី នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

បញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា ក្រសួងពុំមានគោលការណ៍អោយយកប្រាក់បែបនេះទេ

៤ ខ្ញុំបានស្នើសូម អោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពន្លឿននីតិវិធីដោះស្រាយបញ្ហាដែលឧកញ៉ា ង៉ោស្រ៊ុន រំលោភផ្លូវ៣ខ្សែប៉ះពាល់ពលរដ្ឋនិងរំលោភដីពលរដ្ឋ នៅឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងពិនិត្យមើលហើយធានាដោះស្រាយអោយបានជោគជ័យ

៥ ខ្ញុំបានស្នើសូម អោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពន្លឿននីតិវិធី ដោះស្រាយ វិវាទដីធ្លីរវាងពលរដ្ឋនិងទាហាន នៅតំបន់ត្រាំនាគ ខេត្តសៀមរាប ដែលទាហានរំលោភយកដីពលរដ្ឋយ៉ាងរាំរ៉ៃ

បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងពិនិត្យមើលបញ្ហាដ៏ស្មុគ្រស្មាញនេះ

៦ ខ្ញុំបានស្នើសូម អោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបង្កើតយន្តការសិក្សាផលប៉ះពាល់ចរាចរណ៍មុនផ្ដល់លិខិតអនុញ្ញាត្តិអោយសាងសង់សំណង់អាគារនានា

បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្ដេជ្ញា និងឯកភាពទាំងស្រុង

៧ ខ្ញុំបានស្នើសូម អោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពិនិត្យចំពោះករណី រដ្ឋលេខាធិកា កើត សារ៉េត រំលោភលើដី យោធិនពិការ នៅព្រែកភ្នៅ រាជធានីភ្នំពេញ

បញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពុំបានផ្ដល់ចំឡើយភ្លាមៗទេ ដោយសារដល់ម៉ោងបញ្ចប់

គូសបញ្ជាក់ថា នៅមានបញ្ហាសេសសល់ទៀត ដែលមិនទាន់បានលើកដេញដោលដោយសារកិច្ចប្រជុំត្រូវបានបញ្ចប់ តែសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកនិងបន្តជំរុញនីតិវិធី តាមលិខិតរដ្ឋបាលដើម្បីជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមទៀត ដេីម្បីធានាអោយបានក្នុងបេសកកម្មបំរេី ការពារ ប្រយោជន៍ជូនពលរដ្ឋដែលរងគ្រោះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!