ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ចុះ​ពិនិត្យ​ទីតាំង​បាក់​ស្រុត​ច្រាំង​ទន្លេ​ ដើម្បី​សាងសង់​ឡើង​វិញ​

1 សប្តាហ៍ មុន 19 តូ សុផល

កំពង់ចាម​: ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន និងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមនឹង​មន្ត្រីជំនាញថ្នាក់ក្រសួង ថ្នាក់ខេត្ត​ នារសៀល​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៨នេះ​ បានអញ្ជើញចុះពិនិត្យទីតាំងបាក់ស្រុតច្រាំង សិក្សាបច្ចេកទេស និងចរន្តខ្សែទឹកហូរ ដើម្បីពិនិត្យលទ្ធភាព និងបច្ចេកទេស ក្នុងការរៀបចំស្ថាបនាស្តារឡើងវិញនូវអ្វីដែលខូចខាត ឲ្យ​បានរឹងមាំ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជៀសវាងការបាក់ស្រុតសារជាថ្មី។

គួរ​រំលឹក​ផង​ដែរ​ថា​ បន្ទាប់​ពី​ទឹក​ជំនន់​ទន្លេ​មេគង្គ​ ចាប់​ផ្ដើម​ស្រកចុះ​ ស្រាប់តែ​មាន​ករណី​បាក់​ស្រុត​​ច្រាំង​ទន្លេ​​ជាបន្តបន្ទាប់​ ដែល​ជា​ក្តី​កង្វល់​របស់​អាជ្ញាធរ​ខេត្ត​ ក៏ដូចជា​ស្ថាប័ន​ជំនាញ​​ ក្នុង​ការ​រិះរក​វិធី​ទប់ស្កាត់​ និង​ជួសជុល​ឬ​សាងសង់​​ឡើង​វិញ​ផង​ដែរ​។

លោក អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ ការ​បាក់​ច្រាំង​ទន្លេ​ជា​ថ្មី​នេះ​ បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ទឹក​ជំនន់​ទន្លេ​មេគង្គ​ ចាប់​ផ្ដើម​ស្រកផុតច្រាំង​ ​ដោយ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​ដែល​បាន​កសាង​ឡើង​ក្នុងអំឡុង​ឆ្នាំ​២០១៣នេះ​ គឺស្ថិត​នៅ​ក្នុង​ភូមិ​ទី១១​ សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ ដែល​មាន​ចំនួន​២កន្លែង​ បណ្ដាល​ឲ្យ​ខូចខាត​ខឿន​ច្រាំង​ទន្លេ​សម្រាប់​ការពារ​ទឹក​ជំនន់​ និង​សួនច្បារ​ ក្នុង​នោះ​បាន​បាក់​ស្រុត​រហូត​ដល់​រូប​ចម្លាក់​សត្វ​ដំរី​ និង​សត្វ​តោ​សម្រាប់​លម្អ​ ផង​ដែរ​។

លោកប្រធានមន្ទីរធនធានទឹក បានបន្ត​ទៀត​ថា​ បើយោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​បឋម​ របស់​មន្ត្រី​ជំនាញ​ នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​បង្ហាញ​ថា​ ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​ខាង​លើ​ជា​ថ្មី​នេះ​ គឺ​បណ្ដាល​មកពី​ការ​ប្រែប្រួល​ នៃ​ចរន្ត​ទឹក​ទន្លេ​មេគង្គ​នា​រដូវ​វស្សា​កន្លង​មក​។ បើយោង​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង​ស្ថានភាព​នេះ​ទំនង​ជា​មិន​អាច​ជួសជុល​លើ​សំណង់​លើក​ទី១​បាន​នោះទេ​។ លុះត្រាតែ​សាងសង់​ថ្មី​ឡើង​វិញ​។​ ​ហើយ​នេះ​ក៏ជា​គម្រោង​ធំ​របស់​ថ្នាក់​ជាតិ​ ដែល​ត្រូវ​រក​លទ្ធភាព​សាងសង់​ឡើង​វិញ​នា​រដូវ​ទឹក​ស្រក​ខាង​មុខ​នេះ​​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!