ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានចោរឆក់ម្នាក់ ខណៈ២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល

1 សប្តាហ៍ មុន 17 តូ សុផល

ខេត្តតាកែវ ៖ នៅថ្ងៃពុធ ១៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង១៧ និង ០០នាទី កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងចំណោមបក្សពួក០៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ការបូប)។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃទី ០៤ ខែធ្មូ ឆ្នាំ២០១៨ វេលាម៉ោង១៥,១០នាទី នៅលើកំណាត់ផ្លូវខេត្តលេខ ២២ នៅចំណុចនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ មានជនសង្ស័យចំនួន ០៣នាក់ មិនស្គាល់អត្តសញ្ញាណ (ប្រុស ០២ នាក់ ស្រី ០១នាក់) ជិះម៉ូតូម៉ាកហុងដា C 125 ពណ៍ខ្មៅ ០២គ្រឿង មិនច្បាស់សេរីនិង ផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ ឃឹម ហឿន ភេទស្រី អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណ:កំពុងជិះម៉ូតូ ដែលមានស្ពាយកាបូប។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង០៣នាក់ បាននាំគ្នាជិះម៉ូតូបត់ចូលតាមផ្លូវលំវត្តខ្នារ ចូលព្រៃលើបាត់ទៅ ។

ក្រោយពីធ្វើទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានធ្វើការសាកសួរបំភ្លឺពីជនរងគ្រោះ និងពង្រាយកំលាំងដេញតាមដងផ្លូវ ធ្វើការស្រាវជ្រាវសាកសួរព័ត៌មានពីប្រជាពលរដ្ឋតាមផ្លូវដែលជនសង្ស័យជិះម៉ូតូឆ្លងកាត់ទើបទទួលបានតម្រុយថា ជនសង្ស័យដែលធ្វើសកម្មភាពនោះ គេស្គាល់ម្នាក់ឈ្មោះ លី ឡាងវ៉ើយ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុត្រាំកក់ ។ ទទួលបានព័ត៌មានពីអត្តសញ្ញាណជនសង្ស័យខាងលើ ដោយបានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានដាក់កម្លាំងឃ្លាំមើលនៅមូលដ្ឋានដែលជនសង្ស័យស្នាក់នៅ លុះនៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ លី ឡាងវ៉ើយ នៅនឹងផ្ទះរបស់ខ្លួនតែម្តង ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅ សេរី 2015 មួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 1 l -8441 ។

ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ លី ឡាងវ៉ើយ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន ជាមួយនិងបក្សពួករបស់ខ្លួន ០២នាក់ទៀត មានទី១ ឈ្មោះ ណេង ភេទស្រី ផ្ទះនៅម្ដុំវត្តពោធិ៍ ស្រុុក បសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងរត់គេចខ្លួន និងទី២ ឈ្មោះ ពៅ ធា ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំ ស្រែរនោង ស្រុក ត្រាំកក់ កំពុងរត់គេចខ្លួន ។

ចំពោះសម្ភារដែលឆក់បានរួមមាន :កាបូូបស្ពាយពណ៍ខ្មៅចំនួន ០១ ក្នុងកាបូបមានទូរសព្ទ័ ០១គ្រឿង អត្តសញ្ញាណបណ្ណ័ ០១សន្លឹក លុយខ្មែរ ១៧៥.០០០៛ លុយដុល្លា ៣៥ដុល្លា ។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!