ព្រឹតិ្តការណ៍ថ្មីៗ

ការដង្ហែអដ្ឋិធាតុ លោកវេជ្ជបណ្ឌិត​ Beat Richner ពីប្រទេសស៊្វីសមកដម្កល់ក្នុងចេតិយឯខេត្តសៀមរាប

1 សប្តាហ៍ មុន 9 តូ សុផល

សូមឧទ្ទិសកំណាព្យនេះជូនទៅដល់ដួងវិញ្ញាណក្ខន្ធ Mr.BEAT RICHNEL ដែលលោកបានបូជាបុព្វហេតុនៃជីវិតដើម្បីប្រយោជន៍បានសង្គ្រោះទៅដល់ជីវិតកុមារកម្ពុជារាប់លាននាក់ចាប់តាំងពីឆ្នាំ១៩៩២មក។

#បើពេញចិត្ត សូមចែករំលែកបន្តផងបាទ!

សួនកំណាព្យ”បិតាសង្គ្រោះជីវិតកុមារកម្ពុជា”(បទព្រហ្មគីតិ)

១.អាទិត្យពិតថ្ងៃថ្មី ទីម្ភៃបីនៃកញ្ញា
សម្រាកចុងសប្តាហ៍ ចងអក្ខរាចារកាព្យថ្មី។

២.អញ្ជើញអស់ព្យញ្ជនៈ រួមនឹងស្រៈជាក់លកលៃ
ពេញតួគួរឃ្មាតខ្មី ឆាប់វិលវៃច្នៃកាព្យា។

៣.គោរពដល់ញាតិមិត្រ ទោះឆ្ងាយជិតពិតគ្រប់គ្នា
យាយតាពូមីងមា សុខសាន្តជានាថ្ងៃថ្មី។

៤.មហាគុណធំធេង មិនអាចថ្លែងរែងហាស្តី
កុមារទាំងប្រុសស្រី លើទឹកដីនៃកម្ពុជា។

៥.នាឆ្នាំកៅសិបពីរ(១៩៩២) ចិត្តសំភីមិនរួញរា
Richnel ចិត្តមហិមារ ស៊ូពុះពារមិនត្អូញឡើយ។

៦.ស្វិតស្វាញក្រាញមានះ ខំជម្នះមិនកន្តើយ
មិនទ្រឹងធ្មឹងព្រងើយ មិនចោលឡើយជួយកុមារ។

៧.ក្រោយខ្មែររួចសង្រ្គាម បង្ហូរឈាមបាញ់ប្រហារ
និរាសព្រាត់គ្រួសារ ឯកុមារត្រូវកំព្រា។

៨.ខ្លះរស់ព្រាត់មេបា ខ្លះពិការស់វេទនា
Richnel លោកពុះពារ មិនរួញរាជួយកុមារ។

៩.នាមជាគ្រូពេទ្យម្នាក់ បេះដូងស្ម័គ្រជាក់ប្តេជ្ញា
ទោះក្សត់ខ្វះថវិការ តែចិន្តាមិនថយរា។

១០.ប្រមូលចូលរួមផ្តុំ រួមផ្គួបផ្គុំជុំរួមគ្នា
ពេទ្យគន្ធបុប្ផា ជួយកុមាររាប់លាននាក់។

១១.បូជាអស់កាយចិត្ត ប្រើគំនិតពិតជាក់លាក់
ឃើញស្តែងរែងប្រត្យក្ស ជួយចិត្តស្ម័គ្រមិនប្រាថ្នា។

#ត្បិតជាតិសាសន៍ដទៃ គុណលោកក្រៃឥតឧបមា
សង្គ្រោះជួយព្យាបាល ជួយកុមាររៀងរាល់ថ្ងៃ។

#ពេលនេះលោកឃ្លាតឃ្លា លោកចាកលាលែងវិលវៃ
វីយូឡុងធ្លាប់តន្ត្រី បាត់ម្ចាស់ថ្លៃលែងបានក្បែរ។

ស្រណោះអស់ស្រណោក សែនទួញសោកលោកឥតល្ហែ
បេះដូងលោកស្និទ្ធស្នេហ៍ កុមារខ្មែរគ្រប់ៗគ្នា។

#ឯស្មេរកាព្យរង្សី រួចចាកក្ស័យនៃជន្មា
ព្យាបាលក្មាតបានជា មានជន្មារស់សព្វថ្ងៃ។

#គុណពេទ្យគន្ធបុប្ផា ជួយកុមារទាំងប្រុសស្រី
មើលថែទាំងយប់ថ្ងៃ ឯកម្រៃក៏មិនគិត។

#សូមវិញ្ញាណក្ខន្ធលោក បានពួនជ្រកសោយសុខពិត
ស្ថានសួគ៌ភពតុសិត ផលបុណ្យពិតជួយកុមារ។

#យោនយកមកកំណើត សូមបានកើតក្នុងគ្រួសារ
មានទ្រព្យយសសក្តា សមប្រាថ្នាក្នុងជាតិថ្មី។

#សូមចិត្តពិតករុណា ភ័ព្វវាសនាចារនិស្ស័យ
ព្រេងព្រឹទ្ធចិត្តប្រពៃ បិតានៃអ្នកសង្គ្រោះ។

#ចារឆ្លាក់ដាក់ក្នុងចិត្ត អស់ញាតិមិត្រពិតជាប់ឈ្មោះ
ទោះស្លាប់មិនអាប់យស កេរ្តិ៍ពីរោះឈ្មោះមានន័យ។

#អហំប្រឹងតាក់តែង ចាប់ចងចែងតែងកាព្យថ្មី
លើសលស់ជ្រុសហួសក្តី ស្មេររង្សីអភ័យផង។

#វន្ទាឱនប្រណិបតន៍ ប្រណម្យហត្តចិត្តបន់ផ្សង
ទេវតាលៃឃុំគ្រង ពុកម៉ែផងសុខសួស្តី។

#អាយុ រួមវណ្ណៈ ពលៈជាក់សុខៈនៃ
ពុទ្ធពរល្អប្រពៃ ជូនប្រុសស្រីគ្រប់គ្រួសារ។

ចប់

និពន្ធ និងរក្សាសិទ្ធិដោយៈ ចៅស្មេរកំណាព្យខ្មែរ ដួង អរុណ រង្សី ជាប្រធានផ្នែកកំណាព្យក្នុងសមាគមអ្នកអក្សរសិល្ប៍កម្ពុជា នាថ្ងៃ អាទិត្យ ១៤កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី 23 ខែកញ្ញា គ.ស2018 នារាជធានីភ្នំពេញ វេលាម៉ោង ១១.២៥នាទីព្រឹក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!