ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ

1 សប្តាហ៍ មុន 5 តូ សុផល

ឡាវ៖ នៅរសៀលថ្ងៃដដែលនេះដែរ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅស្តូបយុទ្ធជនពលីជីវិតរបស់ប្រទេសឡាវរួចហើយនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកជំទាវ ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។

នៅក្នុងជំនួបនោះ លោកជំទាវបានស្វាគមន៍សម្ដេចតេជោហ៊ុន សែន ដែលបានអញ្ជើញមក​ទស្សន​កិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ។ លោកជំទាវក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន​ជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់​គណបក្ស​ប្រជាជនកម្ពុជា។ លោកជំទាវបានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្ស​ប្រជាជនកម្ពុជា​នៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ​ហ៊ុន​សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបាន​ជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ លោកជំទាវក៏បានអបអរសាទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីព្រឹកមិញនេះ ។

​ការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក​ជំទាវ​ប្រធានរដ្ឋសភាឡាវ។ សម្ដេចបានជម្រាបជូនលោកជំទាវប្រធានរដ្ឋសភាឡាវថា ការបោះ​ឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង83% បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោតពី​អាណត្តិមុនៗ។ សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រ​ចំពោះ​គណបក្សប្រជាជនកម្ពុជា មានជាង77%​នៃសំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជន​កម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន20 ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវ អំពីលទ្ធផលនៃជំនួបចរចា រវាងសម្ដេចជាមួយនិងនាយករដ្ឋមន្ត្រី​ឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។

​លោកជំទាវបានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះមានសារៈសំខាន់ ក្នុងការបន្តជំរុញនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកជំទាវចង់ឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ឲ្យបាន​ប្រសើរឡើងថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!