ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ សិស្សានុ​សិស្សត្រូវមាន​សញ្ញាបត្រ ​និង​សញ្ញា​ឃើញ

8 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ លោក ​ហ៊ុន ​ម៉ាណែត ​ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្សនិស្សិត​ក្រីក្រ

​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន ​សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ ហ៊ុនសែន ​បាន​ថ្លែងថា​ សិស្សានុ​សិស្សត្រូវមាន​សញ្ញាបត្រ ​និង​សញ្ញា​ឃើញ​។


ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនសិស្សពូកែ និងគ្រូបង្រៀនឆ្នើមនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ Future Bright នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សញ្ញាបត្រគឺជាមូលដ្ឋាននៃទ្រឹស្ដី និងសញ្ញាឃើញគឺជាសមត្ថភាពនៃការអនុវត្តជាក់ស្ដែងនៅក្នុងការងារ។ នៅក្នុងជីវិតយើង ត្រូវតែមានសញ្ញាប័ត្រពីរនេះ។

នៅក្នុងជំនាន់ឪពុកម្ដាយយើង លោកពុំសូវមានឱកាសសិក្សារៀនសូត្រនោះទេ ប៉ុន្តែលោកមានសញ្ញាឃើញច្រើន។ ក្មួយៗសិស្សានុសិស្សនៅសម័យនេះត្រូវតែខិតខំសិក្សារៀនសូត្រទាំងទ្រឹស្ដី និងមានសមត្ថភាពអនុវត្តការងារជាក់ស្តែង។

លោក បញ្ជាក់ថា ភាពជោគជ័យនៅថ្ងៃនេះបង្ហាញពីគុណភាពនៃការអប់រំនិងការប្រកួតប្រជែង ដែលនេះបង្ហាញពីសមត្ថភាពនិងការប្រឹងប្រែងពីផ្នែកដែលពាក់ព័ន្ធ

គឺ ១-ការយកចិត្តទុកដាក់ពង្រឹងគុណភាពរបស់សាលា

២-ការខិតខំយកចិត្តទុកដាក់បង្រៀនរបស់លោកគ្រូអ្នកគ្រូ

៣-ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ និងការខិតខំប្រឹងប្រែងបីបាច់ចិញ្ចឹមថែរក្សាក្មួយៗសិស្សនុសិស្សរបស់ឪពុកម្ដាយ។

ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងគុណភាពនៃការប្រឡងដើម្បី

ទី១-ពង្រឹងគុណភាព អ្នកដែលជាប់មានសមត្ថភាព

ទី២-ផ្លាស់ប្ដូរផ្នត់គំនិតក្មួយៗសិស្សានុសិស្សឱ្យពឹងផ្អែក និងជឿទុកចិត្តលើខ្លួនឯង មិនពឹងផ្អែកលើអ្នកដទៃក្នុងពេលប្រលង។ ដូច្នេះក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រដោយខ្លួនឯង និងចាប់យកជំនាញមួយដែលច្បាស់លាស់ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ហើយត្រូវសម្រេចចិត្តរៀនឲ្យចប់ចុងចប់ដើម ហើយមានសមត្ថភាពធ្វើការ។

ក្មួយៗសិស្សានុសិស្សត្រូវមានការសម្រេចចិត្តនិងការទទួល ខុសត្រូវលើជីវិតខ្លួនឯង។ ព្រោះនៅថ្ងៃអនាគតក្មួយៗនឹងមានគ្រួសារ មានកូន ដែលត្រូវទទួលខុសត្រូវដូចឪពុកម្ដាយយើងកំពុងតែធ្វើដូចសព្វថ្ងៃនេះ។

ក្មួយៗមានឱកាសច្រើនបើប្រៀបធៀបនឹងឱកាសឪពុកម្ដាយយើង ប៉ុន្តែឱកាសនៃការប្រឈមក៏មានច្រើនដែរគឺមានការប្រកួតប្រជែង។ ដូច្នេះក្មួយៗត្រូវបង្កើនសមត្ថភាពដើម្បីប្រកួតប្រជែង ហើយត្រូវរៀនពីឥឡូវទៅ ក្មួយៗនឹងរីកចម្រើន ហើយត្រូវទទួលខុសត្រូវចំពោះអនាគតខ្លួនឯង លោកហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសយើងបានរួចផុតពីសង្គ្រាម យើងមានឱកាសបង្ហាញនូវភាពរីកចម្រើន បង្ហាញអរិយធម៌វប្បធម៌នៅលើឆាកអន្តជាតិ។

ជាក់ស្តែង ល្ខោនខោលត្រូវ បានដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិីរបស់អង្គការយូណេស្កូ។ ដែលពីអតីតកាលគេមិនបានស្គាល់កម្ពុជានោះទេ។

ប៉ុន្តែនាពេលបច្ចុប្បន្ននេះយើងជោគជ័យណាស់ ហើយយើងជឿជាក់ថាខ្មែរធ្វើបាន ព្រោះខ្មែរគឺជាពូជកសាងអង្គរដែលមានការកោតសរសើររាប់ទសវត្សរ៍មកហើយ។ ដូច្នេះយើងត្រូវរួមគ្នាកសាងបន្ថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!