ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗណាស់! ជិះម៉ូតូ​ទៅបុកគូទរថយន្តប្រមូលសំរាមពេញទំហឹង ហោះផ្លោងបោកចូលក្នុង​ឃ្លុបដាក់សំរាម បាក់ជើងទាំង២ និងកម្មករម្នាក់បាក់ជើងម្ខាង!

2 សប្តាហ៍ មុន 87 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ខណៈមេឃកំពុងភ្លៀងរលឹម​ស្រិចៗ​ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកម៉ូតូយ៉ាងលឿនដូចហោះ ទៅបុកគូថរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ពេញទំហឹង​ បណ្ដាលឲ្យហោះផ្លោងបោកទៅក្នុងឃ្លុបដាក់សំរាមខាងក្រោយ បាក់ជើងទាំងសងខាង​ និងបណ្ដាលឲ្យកម្មករប្រមូលសំរាមម្នាក់ទៀត រងរបួសបាក់ជើងម្ខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃអង្គារ៍ ទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខ​សកលវិទ្យាល័យ​IIC លើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា​១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ គេឃើញរថយន្តប្រមូលសំរាមមួយគ្រឿង ជារបស់ក្រុមហ៊ុនស៊ិនទ្រីពណ៍លឿង​ និងកម្មករប្រមូលសំរាម៤-៥នាក់ បានប្រមូលសំរាមតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុ ទល់មុខ​សកលវិទ្យាល័យ​ IIC ខណៈដែលកម្មករប្រមូលសំរាមកំពុងតែកើបសំរាមដាក់ឃ្លុបរថយន្ត ស្រាប់តែមានបុរសម្នាក់ សង្ស័យស្រវឹងស្រា​ បានជិះម៉ូតូឌ្រីមសង់ មួយគ្រឿង​ ស៊េរីឆ្នាំ​២០១៨ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្ដាល 2AB-3221 ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ពីជើងមកត្បូង ក្នុងល្បឿនលឿន​ បានជ្រុលទៅបុកគូទរថយន្តប្រមូលសំរាមខាងលើពេញទំហឹង ហើយខ្ទាតទៅបុកចំកម្មករប្រមូលសំរាមម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងស្ដាំ ចំណែកឯម្ចាស់ម៉ូតូស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ដោយបានហោះផ្លោងទៅបោកនិងឃ្លុបដាក់សំរាមខាងក្រោយរថយន្តស៊ិនទ្រី បណ្ដាលឲ្យបាក់ជើងទាំងពីរ​ និងបែកថ្ងាសហូរឈាមពេញឃ្លុបដាក់សំរាមនោះផងដែរ។ ភ្លាមនោះអ្នកដែលឃើញហេតុការណ៍ផ្ទាល់បានរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ​ រួចនាំគ្នាជួយលើកអ្នកដែលរងរបួសទាំង២នាក់នោះ ឡើងមកលើចិញ្ចើមផ្លូវសិនហើយកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានទាក់ទងទៅកាន់ហៅរថយន្តសាមុយមកដឹកយកអ្នករងរបួសធ្ងន់ទាំង២នាក់នោះ​ ទៅមន្ទីរពេទ្យផងដែរ ។

សមត្ថកិច្ចក៏បានឆែករកមើល​អត្តសញ្ញាណ​របស់​បុរសម្ចាស់ម៉ូតូដែរ​ តែឃើញតែទូរស័ព្ទ Oppo មួយគ្រឿង​ ទើបសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្នសិន​ តែមិនអាច​រកលេខទូរស័ព្ទ ទាក់ទង​ក្រុមគ្រួសារ​សាច់ញាតិ​បាននោះទេ ព្រោះជាប់​ក្រយៅដៃ​របស់ជនរងគ្រោះ​ (មិនអាចដោះសោរបាន)។

ក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់គ្លីនិកឯកជន​ មហានគរ បានមកដឹកអ្នករបួសទាំង២នាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតផងដែរ ខណៈដែលបុរសម្ចាស់ម៉ូតូស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ។ ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម សហការសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌមានជ័យចុះមកវាស់វែងនិងយក​យានយន្ត​ទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តពីក្រោយទៀត។

កម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា​ បើសិនជា​បងប្អូនណាបានស្គាល់​ ឬបាត់សមាជិកគ្រួសារ ម៉ូតូឌ្រីមសង់ មួយគ្រឿង​ ស៊េរីឆ្នាំ​២០១៨ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្ដាល 2AB-3221 នេះ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ ​បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត សូមបងប្អូនជួយប្រាប់​សាច់ញាតិរបស់គាត់បានដឹងផង​ ឬអាចអោយបងប្អូនរបស់គាត់ ទាក់ទងទៅលេខទូរស័ព្ទរបស់ជនរងគ្រោះក៏បាន ព្រោះទូរស័ព្ទជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរក្សាទុកបណ្ដោះអាសន្នសិន​ ដោយកំពុងរងចាំ​ក្រុមគ្រួសារ​ទាក់ទង​ទៅបន្ទាន់ផងដែរ៕ (អត្ថបទរូបភាព​ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!