ព្រឹតិ្តការណ៍ថ្មីៗ

កត្តា៦យ៉ាងដែលធ្វើឱ្យភ្ញៀវទេសចរមកចាប់អារម្មណ៍ទស្សនាកំសាន្តសប្បាយនៅខេត្តមណ្ឌលគិរី នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០១៨

7 ខែ មុន 36 តូ សុផល

មណ្ឌលគិរី៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចាប់ផ្តើមមកទស្សនាកម្សាន្តសប្បាយ នៅខេត្តមណ្ឌលគិរី

មានការកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ក្នុងឆ្នាំ២០១៨ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់ នេះបើតាមការឱ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឱ្យដឹងថា កត្តា៦យ៉ាង ដែលធ្វើឱ្យមានលំហូរចូលភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី នាឱកាសពិធីបុណ្យធំៗ ជាពិសេស នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០១៨នេះ

ទី១. កត្តាសក្តានុពលទេសចរណ៍ រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អាចទ្រទ្រង់ភ្ញៀវទេសចរ និងមានតំបន់រមណីយដ្ឋានជាច្រើនកន្លែង ជាពិសេស រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលអាចទាក់ទាញភ្ញៀវទេសចរចូលទស្សនាកំសាន្តច្រើនជាងគេ

ទី២. មន្ទីរទេសចរណ៍ខេត្ត បានធ្វើការផ្សព្វផ្សាយបានទូលំទូលាយនូវសកត្តានុពលអេកូទេសចរណ៍ក្នុងខេត្ត ជូនដល់គ្រប់មជ្ឍដ្ឋានទាំងក្នុង និងក្រៅប្រទេស

ទី៣. កត្តាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បានតភ្ជាប់ពីស្រុកស្នូលខេត្តក្រចេះ មកខេត្តមណ្ឌលគិរី មានភាពងាយស្រួល។

ទី៤ កត្តា អាកាសធាតុត្រជាក់ លើភ្នំគ្រប់ដណ្តប់ដោយវាលស្មៅ ជ្រោះជ្រលងដងអូរ និងមានធម្មជាតិដ៏ស្រស់បំព្រង។

ទី៥ កត្តា សន្តិសុខសុវត្ថិភាពល្អប្រសើរ។ និងទី៦ កត្តាសេដ្ឋកិច្ច ប្រជាពលរដ្ឋមានជីវភាពធូរធារ។

កត្តាទាំងនេះ ទើបធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី មានការរីកចម្រើន ជាពិសេស បានចូលរួមចំណែកជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋពីរមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្ថែមថា ជាក់ស្តែង ក្នុងរយៈពេល៣ថ្ងៃ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរដែលមកទស្សនាក្នុងខេត្តមណ្ឌលគិរី សរុប២២.៦៤១នាក់ ក្នុងនោះ ទេសចរជាតិចំនួន ២២.២៣៣នាក់ ទេសចរអន្តរជាតិចំនួន៤០៨នាក់។ បើប្រៀបធៀបនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ សរុបចំនួន ១៣.៧៧២នាក់ ក្នុងនោះទេសចរជាតិ ១៣.៤៧៦នាក់ ទេសចរអន្តរជាតិ ២៩៦នាក់ កើនសរុប ៦៤,៣៩% ទេសចរជាតិកើន ៦៤,៩៨នាក់ ទេសចរអន្តរជាតិកើន ៣៧,៨៣%។

លោក ងិន សុវិមាន បានបន្តទៀតថា ភ្ញៀវទេសចរមានចំនួនច្រើន ដែលធ្វើឱ្យចំនួនបន្ទប់នៅតាមផ្ទះសំណាក់ សណ្ឋាគារ មិនគ្រប់គ្រាន់ រហូតដល់ភ្ញៀវមួយចំនួន បាននាំគ្នាបោះតង់ សម្រាកនៅតាមភ្នំវាលស្មៅ និងតាមផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។

ហើយពាក់ព័ន្ធនឹងសេវាកម្មម្ហូបអាហារនៅតាមរមណីយដ្ឋាន សណ្ឋគារ ផ្ទះសំណាក់ អាជីវករមានការតំឡើងថ្លៃតិចតួច ដែលអាចឱ្យភ្ញៀវទទួលយកបាន។

ទទឹមនឹងនេះដែរ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានអំពាវនាវ ដល់អាជីវករ និងអ្នកវិនិយោគលើវិស័យអេកូទេសចរណ៍ទាំងអស់ ឱ្យចូលរួមវិនិយោគលើតំបន់ទេសចរណ៍បន្ថែមទៀត ព្រោះបច្ចុប្បន្នខេត្តមណ្ឌលគិរី មានរមណីយដ្ឋានតំបន់ទេសចរជាច្រើនកន្លែង ប៉ុន្តែមិនទាន់ធ្វើការវិនិយោគ។

ជាងនេះទៅទៀត លោក ងិន សុវិមាន លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានណែនាំដល់អាជីវករទាំងអស់ ត្រូវខិតខំកែលំអរសេវាកម្មនៅតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ធ្វើយ៉ាងណាឱ្យមានអនាម័យ តម្លៃសមរម្យ ហើយក៏សូមឱ្យប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ត្រូវចូលរួមសំអាតអនាម័យ ព្រោះបរិស្ថានស្អាត ផ្តើមចេញេពីយើងទាំងអស់គ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!