ព្រឹតិ្តការណ៍ថ្មីៗ

រាត្រីទី២នៃ​ព្រះរាជពិធី​បុណ្យអុំទូក​នេះ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីសំពះព្រះខែ និងអកអំបុក នៅរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ វត្តភ្នំ ដើម្បីសុំសេចក្ដីសុខជូនពលរដ្ឋខ្មែរ…

1 ឆ្នាំ មុន 86 តូ សុផល

រាជធានីភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីរាជការ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពជុំវិញរាជធានីភ្នំពេញ បានរៀបចំពិធីអកអំបុក និងសំពះព្រះខែ តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងបែបសាសនានៅរមណីយដ្ឋានវត្តភ្នំ នាវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក។

ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនពីបារមីវត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សុំឲ្យជួបប្រទះតែសុខសន្តិភាព និងការអភិវឌ្ឍជារៀងរហូត។ ការប្រារព្ធពិធីបុណ្យនេះ ក៏ដើម្បីរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិ ឲ្យគង់វង់តរៀងទៅ។

តាមគម្គីររមត្ថទីបនីអដ្ឋកថាចរិយាបិដកភាសាបាលី មានចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វទ្រង់យោនយកំណើតជាសសបណ្ឌិត «សត្វទន្សោយ»។ នៅថ្ងៃពេញបូរមីមួយ សសបណ្ឌិតបានអធិដ្ឋានឧបើសថសីល ហើយឧទ្ទិសមំសៈជាទានបរិមត្ថបារមី ដើម្បីបំពេញពោធិសម្ភារៈឲ្យបានត្រាសដឹងជាព្រះពុទ្ធ។ ព្រះឥន្ទ្រទ្រង់ជ្រាប់ហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំសសបណ្ឌិតជាអាហារ។ សសបណ្ឌិតពោធិសត្វ បានឲ្យព្រាហ្មចាស់នោះ បង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្លើងភ្លាម។ ភ្លើងនោះ ពុំបានឆេះសសបណ្ឌិតសោះ ឥន្ទ្រព្រាហ្មបានស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលាគូរូបទន្សាយ ហើយឥន្ទ្រព្រោហ្មណ៍បានអធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិ៍សត្វ ដែលខ្ញុំគូនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។

ដោយអានុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទ្រផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះច័ន្ទដរាបដល់សព្វថ្ងៃ។

ដោយជឿតាមរឿងនេះហើយ រូបទន្សាយក៏ឃើញប្រាកដនៅវេលាយប់ពេញបូរមីខែកក្តិករៀងរាល់ឆ្នាំ ខ្មែរយើងតែងយកនំចំណី មានអំបុក ចេក ដូងជាដើម មកបូជាព្រះច័ន្ទហៅថា ពិធីអកអំបុក និងសំពះព្រះខែ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ