ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ទាំងសន្តិសុខ ទាំងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយ ប្រមាណ៦០ម៉ឺននាក់ មកពីគ្រប់ទិសទី!

2 សប្តាហ៍ មុន 33 តូ សុផល

រាជធានីភ្នំពេញ​ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយ ប្រមាណ៦០ម៉ឺននាក់។

សភាពការណ៍បទល្មើសពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ដោយក្នុងនោះកើតមានបទល្មើសដូចជា ៖ លួចកាច់សោរម៉ូតូ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់, លិចទូក៧លើក, ផ្ទុះកំប៉ុងហ្គាស ១លើក, គ្រោះថ្នាក់ចរាចរណ៍មួយលើក និងខ្យល់គរ មួយលើក និងបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ ១.៩៧៩នាក់ (ស្រី៦៩៥នាក់) សង្គ្រោះបឋម ៣១នាក់(ស្រី១៤នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន១នាក់, បានអន្តរាគមន៍សង្គ្រោះកីឡាករអុំទូកលិចចំនួន ៧ទូក , ជួយសង្គ្រោះក្មេងវង្វេងម្តាយចំនួន២នាក់, ឃាត់ជនស៊ីវិលពាក់អាវមានអក្សរPolice និងARMY ៤នាក់ ធ្វើការអប់រំ ដកហូតអាវ និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ,ចែកបណ្ណស្តីពីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តូបអាជីកម្មចំនួន៨១ទីតាំង និងចែកជូនប្រជាពលរដ្ឋ អាជីវករ ១១៨សន្លឹក, អប់រំណែនាំ អាជីវកម្មលក់ដូរម្ហូបអាហារតាមស្តង់ ឲ្យប្រើប្រាស់អុស-ធ្យូង ជំនួសការប្រើប្រាស់ហ្គាសកំប៉ុង។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូក ​បណ្ដែត​ប្រ​ទី​ប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ​ បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង១៣.០០០នាក់ ​(មួយ​ម៉ឺន​បី​ពាន់​នាក់)​ សម្រាប់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក​ និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។​

ដោយឡែកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានទូកចូលរួមប្រកួតចំនួន ២៩៥ទូក (ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក)។

យ៉ាងណាក៏ដោយកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា​ នាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញដង្ហែរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទត ពិធីអុំទូក បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨ នាថ្ងៃទី១នេះ។

នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ មកពីគ្រប់ទិសទី ទន្ទឹមនឹងនេះ​គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេស បានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់ ប្រពៃណី ដ៏ថ្លៃថ្លាបំផុត របស់ជាតិសាសន៍ខ្មែរយើងផងដែរ។

សូមគោរពអញ្ជើញជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសចូលរួមកំសាន្តសប្បាយ រីករាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកជាបន្តទៀត នៅថ្ងៃនេះ ដែលជាថ្ងៃទី២ និងជាថ្ងៃអកអំបុក សំពះព្រះខែ​ ផងដែរ​៕ (ដោយ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!