ព្រឹតិ្តការណ៍ថ្មីៗ

លោក ពេជ្រ​ កែវមុនី​ ​ជួបសំណេះសំណាល​ជាមួយក្រុមកីឡាករទូកង​ “នាគខៀវ​មានជ័យ​” ជាទូកតែ១គត់តំណាងឲ្យខណ្ឌមានជ័យ!

7 ខែ មុន 34 តូ សុផល

រាជធានីភ្នំពេញ​ ៖ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅបរិវេណវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ លោក ពេជ្រ​ កែវមុនី​ អភិបាលនៃ​ គណៈអភិបាលខណ្ឌមានជ័យ​ អមដំណើរដោយលោក ចៅសង្កាត់​ទាំង៧ និងមន្ត្រីសាលាខណ្ឌ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករទូកង “នាគខៀវមានជ័យ” សរុបចំនួន ៨៣នាក់។

ក្នុងឱកាសជួបសំណេះសំណាលនោះលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងក្រុមការងារ បានសាកសួរសុខទុក្ខ ព្រមទាំងណែនាំដល់កីឡាករទាំងអស់ ត្រូវខិតខំសាមគ្គីគ្នា ព្រមទាំងថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត ដើម្បីដណ្តើមយកជ័យជម្នះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រារព្ឋធ្វើចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នារាជធានីភ្នំពេញ​។

មានប្រសាសន៍សំណេះសំណាលឪកាសនោះលោក ពេជ្រ​ កែវមុនី​ បានលើកឡើងថា កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍបានផ្តល់ឱកាសអោយយើងទាំងអស់គ្នាបានប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិរួមទាំងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទៀតយ៉ាងសប្បាយរីករាយក្រៃលែង។

ក្នុងនោះដែរលោកអភិបាល បានបញ្ជាក់ជូនអំពីប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានកើតមានតាំងពីបុរាណកាលរៀងមក និងបានណែនាំដល់កីឡាករទូកទាំងអស់ ត្រូវមានការថែរក្សាសុខភាពឲ្យបានល្អ ដើម្បីចូលរួមប្រកួតរយៈពេល៣ថ្ងៃខាងមុខនេះ ឲ្យទទួលបានជោគជ័យ និងមានសុខភាពល្អត្រឡប់ទៅផ្ទះវិញផងដែរ ជ័យជម្នះនេះជាមោទនភាពនៃខណ្ឌមានជ័យ ។

ក្នុងឱកាសនោះលោក​ អភិបាលខណ្ឌមានជ័យ​ បាននាំយកអំណោយ​និងថវិកាចំនួន​ សម្រាប់ឧបត្ថម្ភជូន​បងប្អូន​កីឡាករ​ ចំណុះទូកទាំង៨៣នាក់ ក្នុងម្នាក់ទទួលថវិកា​ចំនួន​ ១៥ម៉ឺនរៀលផងដែរ។

គួរបញ្ជាក់ថា ទូក’’នាគខៀវមានជ័យ’’ ជាទូកតែ១គត់តំណាងឲ្យខណ្ឌមានជ័យ ដែលឧបត្ថម្ភគាំទ្រដោយសាលាខណ្ឌមានជ័យ​ ក្រោមការដឹកនាំរបស់លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងសប្បុរសជននានា ព្រមទាំងសាលាសង្កាត់ចាក់អង្រែក្រោម ទូកនេះមានសន្ទុះលឿន និងតែងតែទទួលបានជ័យជម្នះ ក្នុងការប្រកួតជារៀងរាល់ឆ្នាំផងដែរ៕ (អត្ថបទ​ដោយ​ AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!