ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌមានជ័យ​ ចុះបិទទីតាំង Internet (២៤ម៉ោង) មួយ​កន្លែង​យីហោ “អុីនធឺណេត AA28” ក្នុងសង្កាត់ចាក់អង្រែលើ!

1 ឆ្នាំ មុន 85 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ មាន​កម្លាំង​សង្កាត់ និង​កម្លាំង​នគរបាលប៉ុស្តិ៍ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង Internet មួយ​កន្លែង​យីហោ “អុីនធឺណេតAA28” ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្ដុំច្រមុះជ្រូកក្បាលថ្នល់ ផ្ទះលេខ៨៤៧ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មាន​បង្កប់​ល្បែងស៊ីសង ​ខុសច្បាប់ ​តាម​ប្រព័ន្ធ internet ។

ក្នុងការចុះបិទទីតាំងខាងលើ ធ្វើឡើងនៅវេលាម៉ោង០១៖២៥នាទីរសៀល​ ថ្ងៃច័ន្ទ ១២កើត ខែកត្ដិក ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក ឡាច រតនា នាយរងប៉ុស្តិ៍ចាក់អង្រែលើ និងកញ្ញា ហម សុខងួន មន្ត្រីសាលាសង្កាត់ និងលោក តូច ឃន ប្រធានភូមិ៧ និងលោកស្រី ជា ថុល មន្ត្រីការិយាល័យវប្បធម៌ខណ្ឌមានជ័យ បានចុះធ្វើកំណត់ហេតុ បិទអាជីវកម្ម អុីនធឺណេតAA28 បណ្ដោះអាសន្នតែម្ដង តែយ៉ាងណាក៏មិនមានការឃាត់ម្ចាស់ទីតាំងឬ ដកហូតសម្ភារៈនោះទេ មានតែបិទទ្វាបណ្ដោះអាសន្ន និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងអោយបញ្ឈប់សកម្មភាពបើកសេវាបង្កប់ល្បែងស៊ីសងបែបនេះតទៅទៀត ។

បើតាមមន្ត្រីសាលាសង្កាត់ចាក់អង្រែលើ កញ្ញា ហម សុខងួន បានប្រាប់មកកាន់ភ្នាក់ងារ​ TNN ​ដឹងថា​ នៅក្នុងការចុះបិទទីតាំងអ៊ិនធឺណេតខាងលើនេះ គឺដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ​ កែវមុនី​ អភិ​បាលខណ្ឌមានជ័យ ​បាន​ដាក់​បញ្ជា​មក​អាជ្ញាធរ​ថ្នាក់​សង្កាត់ចាក់អង្រែលើ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍ ធ្វើ​យ៉ាងណា​ត្រូវ​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ម្ចាស់​ទីតាំង និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​បើក​លេងល្បែង​ស៊ី​ង​សង​ ដោយ​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​ស្របច្បាប់​បន្ត​ទៀត បើ​ពុំ​ដូច្នោះ ម្ចាស់​ទីតាំង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន ។

កញ្ញា ហម សុខងួន មន្ត្រីសង្កាត់បន្ថែមទៀតថា ​ចំពោះ​ទីតាំង​អ៊ីនធឺណេត​ខាងលើ ទើបនឹងបើកធ្វើអាជីវកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០១៨ថ្មីៗនេះ​ប៉ុណ្ណោះ​ គឺបើក២៤ម៉ោងលើ២៤ម៉ោង ដោយពុំមានធ្វើលិខិតជួលផ្ទះឲ្យសង្កាត់ដឹងឮ និងពុំមានអាជ្ញាប័ណ្ណឡើយ ។

យ៉ាងណាមិញ ជុំវិញ​ការ​ចុះ​ពិនិត្យ នារី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​ជា​តំណាង​ម្ចាស់​ទីតាំងឈ្មោះ ចាន់ ធី ភេទស្រី ជាជនជាតិខ្មែរ អាយុ៣១ឆ្នាំ បាន​ឯកភាព​ផ្ដិត​មេដៃ​លើ​កំណត់ហេតុ​របស់​សមត្ថកិច្ច ទទួលស្គាល់​ថា ខ្លួន​នឹង​បញ្ឈប់​ការ​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ internet នេះ​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​ផង​ដែរ ៕ (អត្ថបទរូបភាព​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ