ខេត្តកណ្តាល ៖ ជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ ក្នុងគោលបំណងទៅស្រុកកំណើតនៅស្រុកកោះធំ
លុះជិះដល់មុខវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ស្រាប់តែលេខមុខ ក្រុមជនសង្ស័យនា៣នាក់ ជិះម៉ូតូម៉ាកសង់ប៊ិច ជិះឌុបគ្នាតាមពីក្រោយមកអែបទន្ទឹមក្បែរ ហើយបានធ្វើសកម្មភាព ធាក់ផ្ដួលម៉ូតូរបស់នារីរងគ្រោះដួល របួសដៃនិងជើងផងដែរ។ហើយភ្លាមនោះក្រុមជនសង្ស័យបានរត់ទៅលើកម៉ូតូជិះគេចខ្លួន ទៅបុករទេះលក់លតឆា ដែលទុកចោលលើ ចិញ្ចើមថ្នល់បណ្តាលឲ្យដួល រួចប្លុងម៉ូតូទុកចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតមានឡើងកាលពីវេលាម៉ោង០២៖៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ផ្លូវលេខ២១ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សេត សារ៉េត ភេទស្រី អាយុ៣៤ឆ្នាំ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការិនី។ ជនសង្ស័យ៣នាក់ភេទប្រុស ជិះម៉ូតូសង់ប៊ិច មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក SUZUKI Nex ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BU-1558 (របស់ជនរងគ្រោះ)។
នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ ក្នុងគោលបំណងទៅស្រុកកំណើតនៅស្រុកកោះធំ ដោយធ្វើដំណើតាមផ្លូវ២១A ទិសដៅពីជើងទៅត្បូង លុះជិះដល់មុខវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ជាកន្លែងកើតហេតុ ស្រាប់តែលេខមុខ ក្រុមជនសង្ស័យមានគ្នា៣នាក់ ភេទប្រុស អាយុប្រហែល២១ ទៅ២២ឆ្នាំជិះម៉ូតូ១គ្រឿង ម៉ាកសង់ប៊ិច ពណ៌ខៀវ (មិនចាំស្លាកលេខ) បានជិះឌុបគ្នាតាមពីក្រោយ មកអែបទន្ទឹមក្បែរម៉ូតូរបស់នាង ហើយបានធ្វើសកម្មភាព ធាក់ផ្ដួលម៉ូតូរបស់នាងតែម្ដង បណ្តាលឲ្យ ដួលម៉ូតូ រងរបួសដៃខាងឆ្វេង និងជើងទាំងសងខាង និងសន្លប់មួយសន្ទុះរួចក៏ដឹងខ្លួនវិញ ភ្លាមនោះក្រុមជនសង្ស័យបានស្ទុះមកលើកយកម៉ូតូរបស់នាង ជិះគេចខ្លួនទៅបាត់ស្រមោល។ បន្ទាប់មកនាងក៏ដើរមកកន្លែងលក់ចាប់ហួយ នៅក្បែរកន្លែងកើតហេតុប្រហែលជាង១០០ម៉ែត្រ រួចខ្ចីទូរស័ព្ទគេ ទាក់ទងប្រាប់ពីដំណើររឿងទៅវិទ្យុABC ជួយផ្សាយបន្តផ្ទាល់ផងដែរ។ ជាង៣០នាទីក្រោយមក ក្រុមអ្នកយកព័ត៌មានយើង បានទាក់ទងទៅក្រុមការងារវិទ្យុABC តាមរយះ Telegram ដែលសហការផ្ដល់ព័ត៌មានទាន់ហេតុការណ៍ទៅវិញទៅមកនោះ សុំយកលេខទូរស័ព្ទអ្នកដែលរាយការណ៍ករណីប្លន់ម៉ូតូខាងលើនោះ ដើម្បីចុះទៅទីតាំងកើតហេតុផ្ដិតយកហេតុការណ៍នោះ ហើយក៏បានទាក់ទងទៅសួរនាំរួចបានចុះទៅដល់កន្លែងកើតហេតុពិតមែន និងបានប្រាប់ទៅវិទ្យុABC ប្រាប់ទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុផង ។
ខណៈពេលដែលកំពុងរងចាំសមត្ថកិច្ច ចុះមកកន្លែងកើតហេតុយកនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹង ក្រុមអ្នកយកព័ត៌មានយើងក៏បានសួរនាំនារីរងគ្រោះអំពីដំណើររឿង តែមិនទាន់បានសួរចប់ផង ស្រាប់តែបុរសម្នាក់ជិះម៉ូតូ MSX មិនដឹងថាជាសាច់ញាតិឬត្រូវជាអ្វីនឹងនារីរងគ្រោះទេ បានស្រែកមកថា បានហើយ ឈប់សួរទៀតទៅ ខ្ញុំស្គាល់ ក្រុមចោរនោះជាអ្នកណាហើយ រួចនារីរងគ្រោះ ជិះឌុបគ្នាចេញទៅ ដោយប្រាប់ថា ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍។ ហើយក្រុមអ្នកសារព័ត៌មានយើងក៏បានជិះទៅប៉ុស្តិ៍ដើម្បីសាកសួរព័ត៌មានបន្ថែមផងដែរ លុះពេលទៅដល់ប៉ុស្តិ៍នគរបាលតាខ្មៅ មិនឃើញជនរងគ្រោះ និងសមត្ថកិច្ចណានៅប៉ុស្តិ៍នោះទេ ទើបក្រុមអ្នកយកព័ត៌មានបានទាក់ទងទៅលេខដដែលនោះ បែរជាជួបមនុស្សប្រុសថជាអ្នកលើកហើយឆ្លើយថា ស្ត្រីរងគ្រោះខាងលើបានខ្ចីទូរស័ព្ទគាត់ នៅកន្លែងលក់ចាប់ហួយទាក់ទងទៅប៉ុណ្ណោះ ហើយនាងបានជិះទៅដាក់ពាក្យបណ្ដឹងបាត់ហើយ។ ទើបក្រុមអ្នកយកព័ត៌មានបាននាំគ្នារងចាំនៅមុខប៉ុស្តិ៍ជិតមួយម៉ោង ដោយសារតែស្រែកហៅ មិនឃើញមានសមត្ដកិច្ចឆ្លើយតបមកវិញ ទើបក្រុមអ្នកយកព័ត៌មានទាំងនោះបាននាំគ្នាត្រលប់មកគោលដៅវិញរៀងៗខ្លួន។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព ធាក់ផ្ដួលម៉ូតូរបស់នារីរងគ្រោះ បណ្តាលឲ្យ ដួលហើយក្រុមជនសង្ស័យបានស្ទុះមកលើកយកម៉ូតូរបស់នាង ជិះគេចខ្លួនទៅតាមផ្លូវលេខ២១ លុះដល់ត្រង់ចំណុចស្តុបA៩ ក៏បានប៉ះជាមួយរទេះ លក់លតឆាដែលទុកចោលលើ ចិញ្ចើមថ្នល់បណ្តាលឲ្យដួល ពេលនោះជនល្មើសបានទុកម៉ូតូចោលរត់គេចខ្លួនបាត់តែម្តង។
លុះពេលព្រឹកឡើងនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏ប្រាប់អោយដឹងតែម្ដង ។ សូមបញ្ជាក់ថាករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវតាមនីតិវិធី៕ (ម៉េង-AhBoYz)q
Tag: ប្លន់