ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់​ មានជម្ងឺ​សរសៃ​ប្រសាទ​ ឡើងបង្គោលភ្លើងតង់ស្យង់ខ្ពស់ បង្កការភ្ញាក់ផ្អើលទាំងយប់…!

10 ខែ មុន 29 តូ សុផល

រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់​ មានជម្ងឺ​សរសៃ​ប្រសាទ​ ឡើងបង្គោលភ្លើងតង់ស្យង់ខ្ពស់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍​ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងយប់ ហេតុការណ៍កើតឡើងនៅ​​វេលា​ម៉ោង០៩:៤៥នាទីយប់ ថ្ងៃទី១៦ ខែវិឆ្ឆិកា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចម្ដុំផ្ទះល្វែងទើបសាងសង់ ជាប់ដីឧកញ៉ា សៀង ម៉េង ស្ថិតតាមផ្លូវបេតុង​ ​ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

តាមស្ត្រីជាប្រពន្ធមានឈ្មោះ រ័ត្ន ហ៊ន អាយុ៥២ឆ្នាំ មុខរបរ​ធ្វើសំណង់ បានរៀបរាប់​ប្រាប់ឲ្យភ្នាក់ងារ TNN ដឹងថា ប្ដីរបស់គាត់មានឈ្មោះ យស​ សាវ៉ន អាយុ៤៩ឆ្នាំ មានជម្ងឺសរសៃប្រសាទជិត១០ឆ្នាំមកហើយ​ មុខរបរ​ធ្វើការសំណង់​ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពួកគាត់មានកូន៦នាក់ ទៅរស់នៅ​កន្លែងធ្វើការផ្សេងៗពីគ្នាអស់ហើយ នៅមុនពេលកើតហេតុ មានអ្នកធ្វើការសំណង់ដូចគ្នានឹងបានបបួលប្ដីទៅអង្គុយ​ជជែកគ្នាលេង តែប្ដីរបស់គាត់ក៏ចង់ផឹកស្រា ទើបអ្នកដែលបបួលទៅនោះអោយគាត់ពិសារអស់មួយកំប៉ុងប៉ុណ្ណោះ បន្ទាប់មកគាត់ក៏ត្រលប់មកកន្លែងស្នាក់នៅវិញ ហើយក៏មានអាការៈ​ប្រតិកម្ម​ជម្ងឺសរសៃប្រសាទនោះ រើឡើងបែបនេះតែម្តង ។

ស្ត្រីជាប្រពន្ធបន្ថែមទៀតថា លុះដល់វេលាម៉ោងជិត០៩យប់ ស្រាប់តែប្ដីរបស់គាត់រអ៊ូ​រទាំហើយដើរចេញក្រៅបាត់ទៅ ហើយក៏លឺអ្នកធ្វើការជិតនោះប្រាប់ថា បុរសដែលជាប្ដីរបស់គាត់នោះ កំពុងឡើងលើបង្គោលភ្លើងតង់ស្យុងខ្ពស់ ហើយបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយចាប់ឃាត់ប្ដីរបស់គាត់ដែរ តែដោយសារចាប់មិនជាប់ ទើបបណ្ដោយឲ្យប្ដីរបស់គាត់ឡើងដល់លើបង្គោលតែម្ដង បង្កអាចបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់ដល់សមត្ថកិច្ចភ្លាមៗផងដែរ។ ចំណែករូបគាត់ក៏បានទូរស័ព្ទប្រាប់កូន​ប្រុសរបស់គាត់​ បានដឹងពីដំណឹងនេះដែរ។

ក្រោយមក​គេឃើញកម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកដល់កន្លែងកើតហេតុផងដែរ និងបានទាក់ទងរាយការប្រាប់ខាងអគ្គិសនីកម្ពុជា EDC បានដឹង និងចុះមកសហការគ្នាជួយលួងលោម​បុរសខាងលើ តែទោះបីជា​ស្រែកហៅ និង​លួងលោម​គ្រប់វិធី​ ក៏បុរសខាងលើ​ មិនព្រមចុះមកវិញដែរ បែរជាឡើងរហូតដល់ចុងបង្គោល​តុងស្យុងតែម្ដង។

​អស់រយៈពេល​ជិត២ម៉ោង ទើបបុរសម្នាក់ ឈ្មោះ​ វ័ន្ត​ អាយុជិត៣០ឆ្នាំ ដែលជាកូនរបស់បុរសដែលមានជម្ងឺសរសៃប្រសាទខាងលើ​ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ រួចប្រញ៉ាប់ស្រែកហៅ​ឪពុករបស់គាត់​ គ្រាន់តែលឺសំលេងកូនប្រុសគាត់​ភ្លាម គាត់ក៏ស្រែកតបមកវិញថា “កូនឯងមកធ្វើអី​ យប់ហើយ​ ចាំបន្តិចពុក​ ចុះទៅវិញហើយ​” ។ បន្តិចក្រោយមកបុរសដែលឡើងលើបង្គោល​តង់ស្យុងដែលមានចរន្តភ្លើង​អាច​បង្កគ្រោះថ្នាក់ដល់ស្លាប់ បានចុះមកក្រោមវិញ រួចរត់មកឱបកូនប្រុសរបស់គាត់​ ទាំងមានអារម្មណ៍ត្រេកអរ និងសប្បាយ​ចិត្តយ៉ាងខ្លាំងទៀតផង​។

បច្ចុប្បន្នក្រោយ​ពេល​កើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម​ និងក្រុមគ្រួសារ​ បុរសដែលមានជម្ងឺ​សរសៃ​ប្រសាទ​ខាងលើ​ បាននាំគាត់ត្រលប់ទៅកន្លែងស្នាក់នៅវិញដោយសុវត្ថិភាព​ ៕​ (ម៉េង-AhBoYz)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ