ព្រឹតិ្តការណ៍ថ្មីៗ

រំលោភទៀតហើយ! រំលោភយកអូរ ប្រឡាយ សមុទ្រ ចៅហ្វាយខេត្តព្រះសីហនុ ព្រមានចាត់វិធានការក្តៅលើ….

1 ខែ មុន 47 តូ សុផល

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានព្រមានធ្ងន់ៗសារជាថ្មីថា ចាប់ពីពេលនេះទៅ

បុគ្គលទាំងឡាយណា ដែលរំលោភយកអូរ ប្រឡាយ លូ សមុទ្រ ហើយមិនស្តាប់តាមការណែនាំរបស់ខេត្ត ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការផ្លូវការផ្លូវច្បាប់ ដោយមិនគិតថា អ្នកនោះមានអំណាចយ៉ាងណាក៏ដោយ។

ការលើកឡើងរបស់លោកចៅហ្វាយខេត្តរូប នេះធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកច្ចប្រជុំជាមួយក្រុមការងារគ្រប់គ្រងប្រពន្ធ័ប្រឡាយ លូ និងទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មដើម្បីទប់ស្កាត់កុំឲ្យទឹកកខ្វក់ហូរចូលសមុទ្រ។

ដោយឡែកទីតាំងអាជីវកម្មផ្ទះសំណាក់ ឬសណ្ឋាគារណា ដែលមិនធ្វើអាងចម្រោះទឹកកខ្វក់ទេនោះ ត្រូវជំរុញធ្វើអាងប្រព្រឹត្តិកម្មដាច់ខាត ហើយប្រសិនបើនៅតែមិនធ្វើតាមការណែនាំនេះទេនឹងប្រឈមនឹងការផ្អាកអាជីវកម្ម។

លោក យន្ត មីន បានព្រមានធ្ងន់ៗថា ពីពេលនេះទៅមិនអាចយោគយល់បានទៀតទេ ព្រោះបញ្ហាទឹកកខ្វក់នេះ បើដោះស្រាយមិនបានទេ គឺទឹកសមុទ្រ ឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ នឹងកាន់តែប្រឈមនឹងការបំពុលយ៉ាងធ្ងន់ធ្ងរ ដោយមិននឹកស្មានដល់។

បើតាមមន្ត្រីបានលើកឡើងថា គណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ មានសមាសភាពសុទ្ធតែជាមន្ត្រីជំនាញគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ដើម្បីគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុទាំងមូល ក្នុងគោលដៅដោះស្រាយបញ្ហាទឹកសម្អុយហូរចូលសមុទ្រ និងទប់ស្កាត់អំពើរំលោភ អូរ ប្រឡាយ លូ ពីសំណាក់បុគ្គលខ្លះ។

ស្ថានភាពប្រពន្ធ័ប្រឡាយ អូរ លូ ផ្លូវទឹកធម្មជាតិក្នុងក្រុងព្រះសីហនុ នៅទីតាំងជាច្រើនបានរងការរំលោភហើយរំលោភទៀតពីសំណាក់បុគ្គលមួយចំនួនយ៉ាងគឃ្លើននាពេលកន្លងទៅនេះ។ ក្នុងចំណោមបុគ្គលដែលបានរំលោភទាំងនោះមានទាំងអ្នកមាន អ្នកក្រ និងមន្ត្រីមានអំណាចខ្លះ ក៏បានលបលួចរំលោភកាន់កាប់ផងដែរ។ ហើយបុគ្គលទាំងនោះមិនដែលមានអ្នកណាម្នាក់ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ។ ផ្ទុយទៅវិញ ក្រោយពីរំលោភបានសម្រេចហើយពួកគេបានប្រើប្រាស់កាន់កាប់ទីតាំងនោះ និងមានអ្នកខ្លះថែមទាំងបានធ្វើបណ្ណ័កម្មសិទ្ធផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!