ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យ​ពលរដ្ឋដែលមកកម្សាន្ដពេលអុំទូក កុំជិះរថយន្ដចូលទៅទីតាំងប្រារព្ធព្រះរាជពិធី គឺត្រូវដើរដោយថ្នើរជើង…!

1 ឆ្នាំ មុន 18 តូ សុផល

រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ម្ចាស់អាជីវករដឹកទំនិញ ដែលប្រើប្រាស់រថយន្ដធំៗ ធ្វើដំណើរចូលរាជធានីភ្នំពេញ

នៅថ្ងៃដែលរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឹត្ដិទៅចាប់ពីថ្ងៃទី២១, ២២, ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ហើយសម្រាប់អ្នកដែលមកកម្សាន្ដ ក៏កុំជិះរថយន្ដចូលទៅបរិវេណទីតាំងប្រារព្ធពិធីផងដែរ ព្រោះចៀសវាងការកកស្ទះចរាចរណ៍។

ការអំពាវនាវរបស់ឯកឧត្តម ឃួង ស្រេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសចុះពិនិត្យការរៀបចំប្រទីប របស់សាលារាជធានីភ្នំពេញ ត្រើយខាងកើត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ។

អភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាប និងជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចូលរួមសប្បាយភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក មេត្ដាស្ដាប់តាមការណែនាំរបស់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដី ដើម្បីរៀបចំទុកដាក់រថយន្ដ និងធ្វើចរាចរណ៍ ហើយយើងនឹងមានបិទតំបន់ខ្លះ ដើម្បីទុកជូនដល់សាធារណជន ធ្វើដំណើរដោយថ្មើរជើង»។

បើតាមឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងបើកការប្រណាំងទូកសាកល្បង ហើយនឹងមានរៀបចំពិធីក្រុងពាលី តាមប្រពៃណីសាសនា ដើម្បីសុំសេចក្ដីជូនប្រជាពលរដ្ឋទាំងអស់ និងឈានដល់ការប្រារព្ធព្រះរាជពិធីទាំងផ្លូវការផងដែរ។

សូមជម្រាបថា ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឹត្ដិទៅចាប់ពីថ្ងៃទី២១, ២២,​ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ កម្លាំងមានសមត្ថកិច្ចរហូតដល់ជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមតំបន់A B និងC ក្នុងនោះ កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់។ នេះបើយោងតាមលោក មានចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕ (ម៉េង-AhBoYz)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ