ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ៖ អ្នកទោសចង្អៀតណែននៅក្នុងពន្ធនាគារ គឺដោយសារតែ រាជរដ្ឋាភិបាល បើកយុទ្ធនាការបង្រ្កាបគ្រឿងញៀន…!

1 សប្តាហ៍ មុន 35 តូ សុផល

រាជធានីភ្នំពេញ​ ៖ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំនៅកម្ពុជាថា

ការដាក់ចង្អៀតណែនអ្នកទោសនៅក្នុងពន្ធនាគារច្រើននេះ ដោយ សារតែរាជរដ្ឋាភិបាលបើកយុទ្ធនាការបង្ក្រាបក្រុមអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែល បានចាប់ខ្លួន និងឃុំខ្លួន ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានមាន ប្រសាសន៍ថា ជាទូទៅពេលដែលសមត្ថកិច្ចបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀននេះ តែងតែ មានការចាប់ខ្លួន ឃាត់ខ្លួនក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលបញ្ហានេះ គឺជាការ ចូលរួមមួយផ្នែកដែលបានឃុំខ្លួន និងធ្វើឱ្យអ្នកជាប់ទោសនៅក្នុងពន្ធនាគារមានការកើនឡើង និងមានភាពចង្អៀតណែន។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង មហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននេះ គឺជាបញ្ហាប្រឈមមួយរបស់សង្គមកម្ពុជា ហើយប្រសិនបើរាជរដ្ឋាភិបាលមិនធ្វើការបង្រ្កាបគ្រឿងញៀន ទេ វានឹងបន្ដរាលដាល់កាន់តែខ្លាំងនៅក្នុងសង្គមទាំងមូល ជាពិសេសបញ្ហានេះ​ក៏ជាការទទួល​ខុសត្រូវដ៏ធំរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោមបានបន្ដថា ដើម្បីដោះស្រាយបញ្ហាអ្នក ទោសនៅក្នុងពន្ធនាគារដែលមានការចង្អៀតណែននេះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួង មហាផ្ទៃបានខិតខំក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែមទៀតនៅតាមខេត្ដដើម្បី ធ្វើយ៉ាងណាជួយរំលែកនូវបន្ទុកការដាក់អ្នកទោសច្រើននៅក្នុងពន្ធនាគារក្នុងរាជធានីភ្នំពេញ ឬពន្ធនាគារតាមខេត្ដមួយចំនួនដែលមានអ្នកទោសចង្អៀតណែន ខ្លាំងនោះគឺត្រូវធ្វើការផ្ទេរ ដាក់ទៅកន្លែងផ្សេង។ សម្ដេចក្រឡាហោមបានបន្ថែមថា ក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំ មួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការរួមគ្នាដោះស្រាយលើបញ្ហាឃុំខ្លួន អ្នកទោសមុនកាត់សេចក្ដី ហើយអ្នកជាប់ឃុំខ្លួនមួយចំនួនដែលចំនួនអ្នកឃុំខ្លួនរង់ចាំមុនការ កាត់សេចក្ដី នេះ គឺជាផ្នែកមួយដែលធ្វើឱ្យមានការចង្អៀតណែននៅក្នុងពន្ធនាគារផងដែរ។

​លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំនៅកម្ពុជាបានគាំទ្រចំពោះគម្រោងផែនការ និងសកម្មភាពរបស់រាជរដ្ឋាភិបាល​ដែលបានធ្វើកន្លងមកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែម និងគំនិតផ្ដួចផ្ដើមការជួបប្រជុំរវាងក្រសួងមហាផ្ទៃជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ និង ពន្លឿនការកាត់សេចក្ដី និងស្វែងរកដំណោះស្រាយចំពោះអ្នកដែលឃុំខ្លួនរង់ចាំការកាត់សេច​ក្ដី សម្រាប់រួមចំណែកកាត់បន្ថយការដាក់អ្នកទោសដែលមានការចង្អៀតណែន​នៅក្នុង​ពន្ធនា គារ។លោកស្រីក៏បានលើកទឹកចិត្ដដល់ក្រសួងមហាផ្ទៃឱ្យបន្ដខិតខំដោះស្រាយលើបញ្ហានេះ ឱ្យបានឆាប់រហ័ស ដើម្បីធានាដល់សិទ្ធិក្នុងការឃុំខ្លួន អ្នកទោស នៅក្នុងពន្ធនាគារឱ្យទទួល បាននូវបរិស្ថាន និងអនាម័យល្អ ព្រមទាំងស្របតាមច្បាប់ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ