ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាសាធារណ: និងផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព នៅសង្កាត់ចាក់អង្រែក្រោម, បញ្ហាប្រឈម​ ត្រូវបានអាជ្ញាធរដោះស្រាយ ដោយរលូន!

1 សប្តាហ៍ មុន 22 តូ សុផល

រាជធានីភ្នំពេញ ៖ នៅព្រឹកវេលាម៉ោង៧:០០នាទី ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៧២ ត្រូវនឹងថ្ងៃទី០៧

ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម​បានរៀបចំឱ្យមានវេទិកាសាធារណ: និងផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ស្ថិតនៅក្នុងបរិវេណរោងអ្នកតា(ដើមពោធ៍)ទួលរកា ក្រុម២១ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អង្គវេទិកាសាធារណៈនោះមានការអញ្ជើញចូលរួមពី លោកអធិការរងនគរបាល, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, សមាជិកក្រុមប្រឹក្សាសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍ លោក-លោកស្រីមេភូមិ និងប្រជាពលរដ្ឋដែលរស់នៅតាមភូមិនានាក្នុងសង្កាត់ ជាង១០០នាក់។

គោលបំណងនៃអង្គវេទិកា គឺដើម្បីជម្រុញឱ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារទូទាំងសង្កាត់ បានស្វែងយល់កាន់តែសុីជម្រៅ លក្ខណ:សម្បត្តិ៩យ៉ាងនៃអង្គវេទិការសាធារណ: និងផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ៩ចំណុច រួមមាន៖
១- គ្មានសកម្មភាព លួច ឆក់ ប្លន់គ្រប់ប្រភេទ។
២- គ្មានការផលិតចែកចាយគ្រឿងញៀនខុសច្បាប់​ ។
៣- គ្មានអំពើអនាចារ ការជួញដូរស្ត្រី កុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤-គ្មានក្មេងទំនើង។
៥-គ្មានការលេងល្បែងសុីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៦-គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧-គ្មានគ្រោះមហន្តរាយផ្សេងៗ។
៨-គ្មានគ្រាប់មីនមិនទាន់ផ្ទុះ។
និង៩-គ្មានកុងត្រួលជជុះ។

ជាក្ដីកង្វល់ បញ្ហាប្រឈម និងសំនូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម បានលើកឡើងផងដែរ៖ សុំដាក់លូផ្លូវលេខ៨, សុំឱ្យមានការរៀបចំខ្សែភ្លើងនៅផ្លូវលេខ៨ ឱ្យមានរបៀបរៀបរយ, សុំដាក់កម្មវិធីថ្ងៃអាទិត្យ ដើម្បីឱ្យបងប្អូនកម្មករកម្មការិនី បានចូលរួម, ពេលយប់មានក្មេងទំនើង និងការសេពគ្រឿងញៀន នៅក្នុងភូមិ ហើយបើមានការបៀតបៀន តើរាយការណ៍ទៅខាងណា? និងល្បែងសុីសងនៅតាមផ្ទះជួល។

ជាដំណោះស្រាយ លោក ជា​ សុខៃ ចៅសង្កាត់ និងលោក វុឌ្ឈ​ ផូសារវ័ន្ត នាយប៉ុស្តិ៍ បានបញ្ជាក់ដែរថា ៖ លោកនឹងដាក់កម្មវិធីថ្ងៃអាទិត្យ ដើម្បីជួបបងប្អូនកម្មករ-កម្មការិនី, លើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនចៅសង្កាត់ តាមរយះលេខទូរស័ព្ទក្នុងនាមប័ណ្ណ ដែលលោកបានចែកជូន និងស្នើសុំប្រជាពលរដ្ឋរាយការណ៍ទៅមេភូមិ ឬសមត្ថកិច្ចដែលនៅជិតបំផុត, សុំកម្មករ កម្មការិនីត្រូវហ៊ានរាយការណ៍ និងសហការជាមួយសមត្ថកិច្ច, លោកនឹងបិទលេខទូរស័ព្ទតាមមណ្ឌល ដើម្បីងាយស្រួលឲ្យបងប្អូនទាក់ទង​ មកកាន់សមត្ថកិច្ច​ចុះអន្តរាគមន៍ភ្លាមៗ ឬបងប្អូនដែលកំពុងស្នាក់នៅផ្ទះជួល ត្រូវប្រាប់ម្ចាស់ផ្ទះជួលដើម្បីរាយការណ៍ជូនសមត្ថកិច្ចភ្លាម​ បើសិនជាមាន​បទល្មើស​ ឬការបៀតបៀន​ណាមួយកើតឡើង។

បន្ទាប់ពីស្ដាប់ការលើកឡើងនិងដំណោះស្រាយរួច លោក ពេជ្រ កែវមុនី អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ បានថ្លែងដែរថា ៖ បញ្ហាជាក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋបានលើកឡើងនាពេលនេះ ពិតជាសកម្មភាពនៃការសហការមួយ ដែលល្អដើម្បីជាព័ត៌មាន ឱ្យអាជ្ញាធរមានសមត្ថកិច្ច បានយល់ដឹងពីប្រភពបញ្ហាផ្សេងៗ នៅតាមមូលដ្ឋាន ដើម្បីងាយចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ បន្ថែមលើនោះទៀត លោកអភិបាលបានថ្លែងថា បញ្ហាសំរាមជាបញ្ហាយើងទាំងអស់ដែលត្រូវទទួលខុសត្រូវ រីឯក្រុមហ៊ុន សិនទ្រី មានភារកិច្ចជាអ្នកដឹកជញ្ជូនតែប៉ុណ្ណោះ។ ចំណែកឯបញ្ហាល្បែងស៊ីសងនៅតាមមូលដ្ឋាន​ ឱ្យតែមានការភ្នាល់គ្នា ដាក់លុយ គឺជាល្បែងសុីសងខុសច្បាប់ហើយ ទាំងអ្នកលេងនិងអ្នកមើល នឹងមានទោសទណ្ឌដូចគ្នា គ្រាន់តែស្ថានទម្ងន់ទោសផ្សេងគ្នាប៉ុណ្ណោះ។

លោក​អភិបាល បន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ នៅក្នុងខណ្ឌមានជ័យទាំងមូល តែអ្វីដែលអាជ្ញាធរព្រួយបារម្ភនោះ គឺបញ្ហាសណ្ដាប់ធ្នាប់ បរិស្ថាន ដែលបងប្អូនប្រជាពលរដ្ឋ​ ត្រូវចូលរួមសហការ ហើយផ្លូវជាតិលេខ២ គឺជាផ្លូវគំរូដោយមានការដាក់ទង់ជ័យ ដាក់អំពូលភ្លើង និងបានសុំនូមពរដល់ប្រជាពលរដ្ឋដែលយកចិញ្ចើមផ្លូវធ្វើជាអាជីវកម្ម​ កឬធ្វើជាកម្មសិទ្ធិរបស់ខ្លួន ​គឺត្រូវមានការរៀបចំឱ្យមានសណ្ដាប់ល្អ ដើម្បីជៀសវាងបង្ករភាពរញ៉េរញ៉ៃ។

ជាចុងក្រោយ​លោក​ ពេជ្រ​ កែវមុនី អភិបាលនៃ​ គណៈអភិបាលខណ្ឌមានជ័យ ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់​ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងរក្សាឱ្យបាននូវលក្ខណ:សម្បត្តិ ទាំង៩យ៉ាង របស់ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីជាសុខមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីចូលរួមចំណែកការពារនូវសុខសន្តិភាព ឱ្យបានគង់វង្សជានិរន្តរ៍ ជូនរាជរដ្ឋាភិបាលអាណត្តិថ្មីទី៦ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពលរដ្ឋខ្មែរដាក់រហស្សនាមឱ្យថា ជាមហាវីរៈបុរសសន្តិភាពកម្ពុជា៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ