ព្រឹតិ្តការណ៍ថ្មីៗ

សហព័ន្ធអារ៉ាប់រួម ប្រកាសផ្តល់ឥណទានកម្ចី ៥០០ លានដុល្លារ និងបង្ហាញបំណង វិនិយោគ លើប្រព័ន្ធប្រេង ឧស្ម័នពាណិជ្ជកម្ម និង ហិរញ្ញវត្ថុនៅកម្ពុជា

1 ខែ មុន 32 តូ សុផល

ភ្នំពេញ៖ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមជិករាជវង្ស ឌូបៃ សហព័ន្ធអារ៉ាប់រួម

បានប្រកាសផ្តល់ឥណទានកម្ចី (Credit line) ចំនួន ៥០០ លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ ក្នុងការនាំទំនិញចូលពីសហព័ន្ធ អារ៉ាប់រួម និងសិក្សាលើការវិនិយោគប្រព័ន្ធប្រេង ឧស្ម័នពាណិជ្ជកម្ម និង ហិរញ្ញវត្ថុនៅកម្ពុជា ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមជិករាជវង្ស ឌូបៃ សហព័ន្ធអារ៉ាប់រួមបានលើកឡើងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែ វិច្ឆិកាឆ្នាំ២០១៨នេះ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានជម្រាបជូន សម្តេចតេជោថា ព្រះអង្គមានបំណងចង់ចូលរួម ក្នុងការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមទំនាក់ទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា។ ព្រះអង្គម្ចាស់ បានបង្ហាញចំណាប់អារម្មណ៍ ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ។

ព្រះអង្គម្ចាស់ បានជម្រាបសម្តេចតេជោថា នឹងផ្តល់ជូនឥណទានកម្ចី (Credit line) ចំនួន ៥០០ លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធ អារ៉ាប់រួម ហើយនឹងសិក្សាលទ្ធភាពផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បានឆ្លៀតគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅធ្វើទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួម ផងដែរនាពេលខាងមុខ ។

ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជា សហព័ន្ធអារ៉ាប់រួម ដែលបានជួយដល់ ព្រះរាជាណាចក្រកម្ពុជា យើងជាពិសេសសម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ក្នុងករណីដែលបាន វិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការ គ្រប់គ្រងធនធានធម្មជាតិផងដែរ ។

សម្ដេចក៏ថ្លែងអំណរគុណ ចំពោះព្រះអម្ចាស់ផងដែរ ចំពោះការផ្ដល់ឥណទានកម្ចី (Credit line) ចំនួន៥០០ លានដុល្លារ សម្រាប់នាំទំនិញ ចូលពីសហព័ន្ធអារ៉ាប់រួម ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការអញ្ជើញសម្ដេចទៅទស្សនកិច្ច នៅអារ៉ាប់រួមដោយសម្ដេចបញ្ជាក់ថា នឹងពិនិត្យមើលពេលវេលាដ៏សមស្របមួយ នឹងទៅធ្វើទស្សនកិច្ចនៅទីនោះ ។ ដោយឡែកពាក់ព័ន្ធ ឥណទានកម្ចី (Credit line) ៥០០លានដុល្លារនោះ សម្ដេចតេជោ បានណែនាំឲ្យពិភាក្សាជាមួយស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយ ក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!