ព្រឹតិ្តការណ៍ថ្មីៗ

ក្រុម​ចោរបានដៃ ចេញធ្វើសកម្មភាពឆក់​កាបូប​ពីប្ដីប្រពន្ធ២នាក់ ហើយជិះតាម ស្រាប់តែបក្ខពួក (អ្នកបិទគូទ) ជិះធាក់ម៉ូតូដួល ប្ដី​បោកក្បាលស្លាប់ ប្រពន្ធរបួស នៅបឹងកេងកង

1 ខែ មុន 965 តូ សុផល

រាជធានីភ្នំពេញ ៖ ថ្ងៃ​ណា​ក៏​ឮ​តែ​ករណី​ចោរឆក់​កាបូប ខ្សែ​ក ឬ​ក៏​ទូរស័ព្ទ​ដែរ សូ​ម្បី​តែ​អ្នកលក់​ផ្កា២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នា

ត្រូវ​បាន​ក្រុម​ចោរឆក់​ ធ្វើសកម្មភាព​ ឆក់​កាបូប​ស្ពាយពី​ស្ត្រី​ជាប្រពន្ធ បាន​សម្រេច​ ហើយជិះរត់គេច ភ្លាមនោះបុរសជាប្ដីបានបន្ថែមល្បឿនជិះដេញតាមពីក្រោយដែរ ស្រាប់តែមានបក្ខពួកជនសង្ស័យ(ជាអ្នកបិទគូទ) ជិះតាមមក​ ធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យដួលខ្ទាតប្ដីបោក​ក្បាល​ស្លាប់ភ្លាម​ និងប្រពន្ធរបួសចំចិញ្ចើម ភ្លាមនោះក្រុមជនសង្ស័យបានបន្ថែមល្បឿន​ជិះរត់គេចបាត់ស្រមោលអស់ ។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត៦ព្រឹកព្រលឹម​ ថ្ងៃទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ ​នៅចំណុចស្តុបផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ ហើយជនរងគ្រោះបានជិះដេញតាមកែងផ្លូវ៣០២ ត្រូវបក្ខពួកជនសង្ស័យ(បិទគូទ) ជិះតាមធាក់​ម៉ូតូ​ឲ្យដួលបោក​ក្បាលស្លាប់ នៅផ្លូវ៣០២​ មុខ​សាលាអន្តរជាតិ​ខេមប្រីត ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ជាអ្នក​លក់​ផ្កា​ បានប្រាប់​ឲ្យភ្នាក់ងារ TNN ​ដឹងថា នៅមុន​កើតហេតុ រូបគាត់​និងប្ដី បាន​ចេញពីផ្ទះ​គោលបំណង​ទៅ​យក​ផ្កា​​មកលក់ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ Dream ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1BF-4859 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះនរោត្តម​ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកែង​ស្តុបផ្លូវ២៩៤ ស្រាប់តែ​លេចមុខក្រុមជនសង្ស័យ​៤នាក់ ជិះ​ម៉ូតូ​២គ្រឿង​(មិនចាំម៉ាក​) មក​អែបពីក្រោយ ​រួចធ្វើសកម្មភាព ឆក់​យក​កាបូប​លុយ មាន​ប្រាក់​ជាង៣០០ដុល្លារ​ និងលុយខ្មែរមួយចំនួន ដែល​គាត់​ក្រ​វ៉ា​ត់​ជាប់​នឹង​ចង្កេះ បានសម្រេច​ ហើយគាត់ក៏ស្រែក​ឆោឡោ​ “ចោរៗ” ភ្លាមនោះជនសង្ស័យក៏​បាន​ជិះ​គេចខ្លួន​ ភ្លាមនោះប្តីបានព្យាយាមជិះដេញតាម រហូតដល់ផ្លូវ៥១ កែងផ្លូវ៣០២ មុខ​សាលាអន្តរជាតិ​ខេមប្រីត​ ក៏ត្រូវបានបក្ខពួកជនសង្ស័យ (ដែលជាអ្នកបិទគូទ) ជិះម៉ូតូតាមមកធាក់​ម៉ូតូ​ឲ្យដួល បណ្ដាលបុរសជាប្ដី​អូសខ្ទាតទៅបោក​ក្បាលនឹង​ផើងផ្កាស្លាប់យ៉ាងអាណោច​អាធម៍ ចំណែកប្រពន្ធរបួសត្រូវភ្នែក ។ ភ្លាមនោះក្រុមជនសង្ស័យបានបន្ថែមល្បឿន​ជិះរត់គេចខ្លួន តែត្រូវបាន​កម្លាំងល្បាតខណ្ឌចំការមន ប្រដេញតាមរហូតដល់​ម្ដុំផ្សារដើមថ្កូវដែរ តែក្រុមជនសង្ស័យ​បានជិះម៉ូតូ​បែកផ្លូវគ្នា បាត់ស្រមោលអស់ ។

សំណួរ ត្រូវ​បាន​សួរ​ឡើង​ថា តើ​ធ្វើ​យ៉ាងម៉េច ឲ្យ​មាន​តុល្យភាព​រវាង​ករណី​ចោរឆក់​កាបូប​នេះ និង​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ដែល​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​រួច​ហើយ​នោះ ?

បើ​នៅ​ភ្នំពេញ​វិញ នៅ​តាម​មាត់ទន្លេ​មុខ​វាំង ជួនកាល​ឮ​ចោរឆក់​ជនបរទេស​១​ថ្ងៃ​៣​ដង​ក៏​មាន​ដែរ ហើយ​នៅ​ទីតាំង​បឹង​កេងកង​ក៏​កើតឡើង​ញឹកញាប់​ដែរ ពួក​គេ​ឆក់​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​គ្រោះថ្នាក់ ខ្លះ​របួសធ្ងន់ ខ្លះ​ស្លាប់ នៅ​នឹង​កន្លែង​កើតហេតុ​។ ឧទាហរណ៍​ករណី​គ្រូបង្រៀន​ភាសាចិន​ និងករណីនិស្សិត​ស្រី​ត្រូវ​បាន​ចោរឆក់​កាបូប ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​នៅ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​កន្លង​មក ។ រូបភាព​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​កន្លង​មក ដែល​ត្រូវ​បាន​ចោរឆក់​យក​កាបូប អស់​អ្វី​ៗ​ពី​ខ្លួន​រលីង គឺ​ជន​រង​គ្រោះ​អង្គុយ​យំ​តែ​ម្តង ។

សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ក៏​ដូច​ជា​យានយន្ត​មួយ​ចំនួន​ហាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច ចំពោះ​ចោរឆក់​តាម​ផ្លូវ ជាង​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ទៀត គឺ​មាន​អារម្មណ៍​ភ្ញាក់​ៗ នៅ​ពេល​មាន​នរណា​ម្នាក់​ជិះ​មក​ក្បែរ​ខ្លួន ។

ចំណែកឯ ប៉ុស្តិ៍ សង្កាត់ ឬ​ក៏​អធិការដ្ឋាន​ខណ្ឌ ពេល​ខ្លះ​មាន​ករណី​ចោរឆក់​កើតឡើង​នៅ​តំបន់​របស់​ខ្លួន តែ​មន្ត្រី​សមត្ថកិច្ច​ថ្នាក់​ក្រោម មិន​បាន​រាយការណ៍​ទេ ព្រោះ​ខ្លាច​ធ្លាក់​ពិន្ទុ ព្រោះ​មិន​ធ្វើការ​ទប់ស្កាត់​ការពារ​មុន​កុំ​ឲ្យ​ករណី​នេះ​កើត​បាន​ល្អ ឬ​ក៏​ករណី​កើតឡើង​ច្រើន​នៅ​មូលដ្ឋាន​របស់​ខ្លួន​ជាដើម ។

សមត្ថកិច្ច​មិន​គួរ​ធ្វើ​លំ​ៗ​ជាមួយនឹង​យុវជន​ចោរឆក់​ទាំងនោះ​ទេ បើ​ចាប់​បាន​គឺ​អញ្ជើញ​ឪពុក​ម្តា​យមក​ធ្វើ​កិច្ចសន្យា​បន្ថែម លើ​ស្ថាន​ទម្ងន់ទោស​របស់​ពួក​គេ​។

ទាំង​មន្ត្រី​ប៉ូលិស ទាំង​មន្ត្រី​ប៉េ​អឹ​ម គួរតែ​បើក​យុទ្ធនាការ ប្រើ​កាមេរ៉ា​តាម​ផ្លូវ និង​កាមេរ៉ា​តាម​ផ្ទះ​ពលរដ្ឋ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឲ្យ​បាន ព្រោះ​ករណី​ឆក់​នេះ បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព និង​មុខមាត់​របស់​ប្រទេស​ជាតិ​ផង ជា​ជាង​លើក​ដដែល​តែ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សពរបស់ជាប្ដីត្រូវបាន​សមត្ថកិច្ចប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាមប្រពៃណី នៅ​វត្ត​សន្សំ​កុសល​ ៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!