ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ម ប៊ុនហេង បាន​អះអាង​ មិនមានអ្នកជំងឺ​ជនជាតិ​ខ្មែរ​ ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ ច្រើនទេ…?

2 សប្តាហ៍ មុន 85 តូ សុផល

ភ្នំពេញ៖ យោងតាមការចុះផ្សាយពីសារព័ត៌មានល្បីក្នុងស្រុក “ភ្នំពេញប៉ុស្តិ៍” បានចុះផ្សាយនាព្រឹកថ្ងៃ ៣១ តុលា នេះថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង បាន​អះអាង​កាលពី​ម្សិលមិញ​ថា​​មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​​ព្យាបាល​ជំងឺ​នៅ​បរទេស​ច្រើន​ទេ បើ​ទោះ​ជា​មាន​ការ​លើកឡើង​ថា​មាន​អ្នកជំងឺ​ជនជាតិ​ខ្មែរ​បាន​​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ដូចជា ប្រទេស​ថៃ វៀតណាម សិង្ហបុរី ឥណ្ឌា ចិន និង​ប្រទេស​ផ្សេង​ទៀត​ក៏ដោយ​។

ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើ​ឡើង​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ (​ពេទ្យ​លោកសង្ឃ​) ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន និង​បាន​ដាក់​ឈ្មោះ​ទៅជា​ «​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ​» ដោយ​មាន​ការចូលរួម​ពី​ក្រុម​គ្រូពេទ្យ មន្ត្រី​រាជការ សិស្សានុសិស្ស និង​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០០ ​នាក់​។

តាម​គម្រោង​អគារ​វេជ្ជសាស្ត្រ​ថ្មី​នេះ​មាន​ទំហំ​ ៣៣ ០០០ ​ម៉ែត្រការ៉េ​សង់​ក្នុង​បរិវេណ​ផ្ទៃដី​សរុប​ ១៣៧៤០ ​ម៉ែត្រការ៉េ​ និង​ត្រូវ​ប្រើ​ថវិកា​អស់​ ៥៥០ ​លាន​យន់​ (​ប្រហែល​ ៨១ ​លាន​ដុល្លារ​អាមេរិក​) ​ដោយ​ប្រើ​ពេល​សាងសង់​ ៤០ ​ខែ​ជាមួយ​នឹង​ការបំពាក់​គ្រឿង​បរិក្ខារ​​ពេទ្យ​ទំនើបៗ និង​មាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ថែម​ទៀត​។

ឆ្លើយតប​នឹង​សំណួរ​ដែល​ថា​ក្រោយ​សង់​រួច​នឹង​អាច​កាត់បន្ថយ​ ឬ​ជំរុញ​អ្នក​ជំងឺ​ឱ្យ​ងាក​មក​ប្រើ​សេវា​ក្នុង​ស្រុក​វិញ​ដែរឬទេ​ ខណៈ​មាន​ការ​លើកឡើង​ថា មាន​ខ្មែរ​ជាច្រើន​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​នោះ លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​កម្មវិធី​ថា មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​ក្រៅ​ប្រទេស​ច្រើន​ទេ​។

លោក​បាន​តប​វិញ​ថា​៖ «​ប្អូនឯង​ដែល​ទៅ​ព្យាបាល​ក្រៅ​ប្រទេស​អត់​? ​អ្នក​ថា​ហ្នឹង​ដែល​ទៅ​អត់​? ​ប៉ុន្ដែ​អ្នក​ដែល​មើល​រាប់លាន​នាក់​ ឬ​ ១២ ​ទៅ​ ១៣ ​លាន​នាក់ ប្អូនឯង​មាន​ទៅ​សួរ​គាត់​ទាំងអស់​អត់​?

ប្អូនឯង​ទៅ​សួរ​តែ​ម្នាក់​ ឬ​ ២ ​នាក់​ហ្នឹង​ម៉េច​ក៏​ដឹង​ថា​ទៅ​ច្រើន​? … ខ្ញុំ​សូម​និយាយ​ថា កុំ​គ្រាន់តែ​ឮ​ពាក្យ​ចចាមអារ៉ាម ហើយ​ចង់​ពង្រីក​បន្ថែម យើង​ត្រូវ​ចេះ​មើល​ហេតុផល​វា​យល់​អត់​? ​ខ្ញុំ​តែងតែ​ពន្យល់​ហេតុផល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​»​។

លោក តាន់ សុគន្ធ នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ​ថ្លែង​ថា តាមរយៈ​ការទទួល​អគារ​វេជ្ជសាស្ត្រ​ថ្មី​ដែល​មាន​សម្ភារ​បរិក្ខារ​​ពេទ្យ​ថ្មី​ទំនើប​នេះ​លោក​រំពឹង​ថា​វា​អាច​​ជួយ​ដោះស្រាយ​ការលំបាក​ដល់​បុគ្គលិក​ពេទ្យ និង​ពលរដ្ឋ​បាន​។

បើ​តាម​លោក​ សុគន្ធ អគារ​ថ្មី​នេះ​នឹង​ត្រូវ​ចែក​ជា​ផ្នែក​សម្រាប់​មុខងារ​មួយ​​ចំនួន​ដូចជា ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​វះកាត់ ព្រម​ទាំង​សេវា​ជំនួយ​ផ្សេង​ទៀត​។ លើស​​ពីនេះ​ក៏​មាន​បន្ថែម​លើ​មុខងារ​សំខាន់​មួយ​ទៀត​គឺ​ផ្លាស់ប្ដូរ​សរីរាង្គ​ដើម្បី​កាត់បន្ថយ​ការចេញ​ទៅ​រក​សេវា​ក្រៅ​ប្រទេស​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​គិតថា​​ពួកគាត់​នឹង​ងាក​មក​ប្រើប្រាស់​សេវា​ក្នុង​ស្រុក​យើង​វិញ ព្រោះ​ពី​មុន​មក​កន្លែង​យើង​មិន​មាន​បរិក្ខារ​ទំនើប​គ្រប់គ្រាន់ ប៉ុន្ដែ​ពេល​នេះ​យើង​មាន​អគារ​ថ្មី​ និង​គ្រឿង​បរិក្ខារ​ទំនើបៗ​ហើយ​អាច​នឹង​មាន​គ្រូពេទ្យ​បរទេស​មក​ជួយ​យើង​ទៀតផង​។ អ៊ីចឹង​យើង​គិត​ថា ពួកគាត់​នឹង​ឈប់​ទៅ​ក្រៅ​ប្រទេស​»​។

លោកស្រី Wang Qinji អគ្គនាយករង​គ្រប់គ្រង​ទូទៅ​នៃ​សហប្រតិបត្តិការ​បរទេស​ផ្នែក​សេដ្ឋកិច្ច​ និង​ធុរកិច្ច​នៃ​ក្រុមហ៊ុន China State Construction Engineering Corporation,.Ltd ដែល​ទទួល​សាងសង់​បាន​ថ្លែង​ថា លោកស្រី​ជឿជាក់​ថា បន្ទាប់ពី​សាងសង់​បន្ថែម​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ​នេះ​រួច​វា​នឹង​កាត់បន្ថយ​លំហូរ​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ព្រោះ​មន្ត្រីពេទ្យ ទាំង​អគារ និង​បរិក្ខារ​ពេទ្យ​គឺ​មិន​ខុស​ពី​បច្ចេកទេស​នៅ​ប្រទេស​ចិន​ទេ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​ជឿជាក់​អ៊ីចឹង​ដែរ បន្ទាប់ពី​មន្ទីរពេទ្យ​នេះ​សាងសង់​រួច​គឺ​មាន​បរិក្ខារ​ពេទ្យ​ទំនើប ស្ទើរ​តែ​ទំនើប​ជាង​ប្រទេស​ចិន​ទៀត ព្រោះ​សម្ភារ​ដែល​យក​មក​កម្ពុជា​មួយ​ចំនួន​ទំនើប​ជាង​នៅ​ចិន​…»​។

ប៉ុន្តែ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ជាច្រើន​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ធ្លាប់​​ចេញ​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​សុរិន្ទ​ប្រទេស​ថៃ​បាន​ថ្លែង​ថា លោក​មិន​​អាច​ទុកចិត្ត​ពេទ្យ​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ​ទេ ព្រោះ​ជំងឺ​លោក​ពេទ្យ​គេ​ [​ថៃ​] ​ឱ្យ​ប្រើ​តែ​ថ្នាំពេទ្យ​ក៏​អាច​ជា​សះ​បាន​ដែរ ប៉ុន្ដែ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​នៅ​ស្រុក​ខែ្មរ​មួយ​បាន​ឱ្យ​លោក​ត្រូវ​តែ​វះកាត់​បន្ទាន់​។

លោក​បន្ត​ថា​ក្រោយ​ឮ​ដូចនេះ​លោក​សម្រេចចិត្ត​មិន​វះកាត់ ហើយ​បន្ដ​ដំណើរ​ទៅ​រក​សេវា​នៅ​មន្ទីរពេទ្យ​សុរិន្ទ​។ លុះ​​ទៅ​ដល់​ទីនោះ ពេទ្យ​គេ​ពិនិត្យ​ និង​វាយ​តម្លៃ​ថា មិនចាំបាច់​វះកាត់​ទេ គ្រាន់តែ​ប្រើប្រាស់​ថ្នាំ​ធម្មតា​វា​នឹង​ជា​សះ​ហើយ​។

លោក​ថា​៖ «​ពេទ្យ​ខ្មែរ​យើង​ច្រើន​តែ​បំភ័យ​អ្នកជំងឺ ហើយ​បង្គាប់​ឱ្យ​ទៅ​ចូល​កន្លែង​ណា​អស់​លុយ​ច្រើន​។ ខ្ញុំ​និយាយ​នេះ​គឺ​រឿង​ខ្ញុំ​ពិត ខ្ញុំ​ឆ្លងកាត់​រួច​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនមែន​ថា ពេទ្យ​ទាំងអស់​ទេ​គឺ​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ជួប​»​។

តាម​សុន្ទរកថា​របស់​លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​ពិធី​នោះ​បាន​ឱ្យ​ដឹង​ថា អគារ​ដែល​ត្រូវ​សង់​នោះ​រួម​មាន​៖ ​កម្ពស់​អគារ​ ៥៣ ​ម៉ែត្រ​មាន​ ១១ ​ជាន់ មាន​អាយុកាល​ប្រើប្រាស់​ ៥០ ​ឆ្នាំ​ស្រប​តាម​បទដ្ឋាន​នៃ​ប្រទេស​ចិន និង​តាម​ស្ថានភាព​ជាក់ស្ដែង​។ រីឯ​បន្ទប់​សរុប​មាន​ ១៣២ រួមមាន​ (​បន្ទប់​ប្រជុំ​មាន​ ១៥០ ​កៅអី បន្ទប់​ការិយាល័យ អាហារដ្ឋាន​បន្ទប់​វះកាត់​ ៩) ​បង្គន់​អនាម័យ ២១៩ ​បន្ទប់ Escalator ចំនួន​ ៤ (២ ​ចុះ​ ២ ​ឡើង​) Elevator ចំនួន​ ១១ និង​សម្ភារ​​បរិក្ខារ​ផ្សេងៗ​ដែល​បំពាក់​ក្នុង​អគារ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដោយ​យក​​តាម​បទដ្ឋាន​មន្ទីរពេទ្យ​នៅ​ចិន​៕ ប្រភព ៖ Post Khmer https://m.postkhmer.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ