ព្រឹតិ្តការណ៍ថ្មីៗ

បច្ច័យជិត៣០០លានរៀល ទទួលបានពីកឋិនសាមគ្គី ដែលរៀបចំដោយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដង្ហែរទៅប្រគេនព្រះភិក្ខុសង្ឃ២៨វត្ត ក្នុងមូលដ្ឋាន

8 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នេះលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ លោក អភិបាលរង លោក ចៅសង្កាត់ទាំង១៣និងមន្ត្រីសាលាខណ្ឌ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទជាច្រើននាក់ទៀត ជាអ្នកផ្តើមបុណ្យចូលរួមសូត្រមន្ត ”កឋិនទានសាមគ្គី” ដើម្បីដង្ហែរទៅប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំអស់ត្រីមាស ២៨វត្ត ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យយកទៅកសាង ទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់ និងរៀនសូត្រ។

នៅល្ងាចថ្ងៃដដែលនេះផងដែរមានប្រារព្ធបទនមស្សការព្រះរតនត្រៃ ចម្រើនព្រះបរិត្តនិងសម្តែងធម៌ទេសនាដោយនិមន្តព្រះសង្ឃ ព្រះអនុគុណសម្តែងធម៌ទេសនាផ្សព្វ ផ្សាយព្រះធម៌ដល់ពុទ្ធបរុស័ទ នៅសាលាខណ្ឌពោធិ៍សែនជ័យ ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ អញ្ជើញចូលរួមពី ឯកឧត្តម ក្រូច ផាន ទេសរដ្ឋមន្ត្រី ឃុន ហាំង រួមជាមួយពុទ្ធបរិស័ទ ជាច្រើននាក់ទៀតផងដែរ ។

លុះព្រឹកឡើងអង្គកឋិននិងដង្ហែរចេញពីសាលាខណ្ឌឆ្ពោះទៅកាន់វត្តពោធិ៍វាល ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលជាវត្តទីមួយដែលអង្គកឋិនដង្ហែរចូល និងវត្តដទៃទៀត និងដង្ហែរចូលជាបន្តបន្ទាប់រហូតអស់គ្រប់ទាំង២៨វត្ត៕

បុណ្យកឋិនទាន គេធ្វើនៅខែណា?

ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក នារដូវកាលកឋិនទានចូលមកដល់ គេតែងតែឮសូរស័ព្ទសំឡេងស្គរឆៃយ៉ាំស្ទើរគ្រប់ទិសទីនាំមុខក្បួនដង្ហែនៃពិធីបុណ្យកឋិនទានទៅកាន់ទីវត្តអារាមនានាជិតឆ្ងាយ។ កឋិនទាន គឺជាពិធីបុណ្យមួយដែលមានតែក្នុងផ្លូវព្រះវិន័យនៃព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយក៏ជាទានដ៏ពិសេសប្លែកមួយ ដែលសព្វថ្ងៃនេះប្រជាពុទ្ធបរិស័ទតែងនិយមរួបរួមសាមគ្គីគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងភាពគគ្រឹកគគ្រេងប្រកបដោយគ្រឿងបរិក្ខារបរិវារកឋិនដ៏ច្រើន រួមមានប្រាក់កាសផង ដែលហៅថា បច្ច័យសង្កត់ត្រៃទៅតាមលទ្ធភាព។

នៅក្នុងឯកសារស្រាវជ្រាវវប្បធម៌-អរិយធម៌ខ្មែររបស់សាស្រ្តាចារ្យ ទេស ហាវ បានសរសេរថា កឋិនទាន ជាពិធីបុណ្យមានកាលកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមតែចិត្តចង់នោះឡើយ។ គេចាប់ផ្ដើមប្រារព្ធធ្វើពិធីបុណ្យនេះឡើងបន្ទាប់ពីបុណ្យចេញព្រះវស្សា ដោយមានក្បួនហែកឋិនចូលគ្រប់ទីអារាមទាំងអស់ពុំមានវត្តអារាមណាមួយទំនេរឬខកខានឡើយ។ ក្នុងរដូវកឋិនទាន គឺធ្វើបានក្នុងសម័យតែមួយខែគត់ (២៩ថ្ងៃ) គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ដូច្នេះ ក្នុងរយៈពេលនេះគេតែងតែឃើញក្បួនហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗយ៉ាងអធិកអាធម និងសប្បាយរីករាយយ៉ាងក្រៃលែងបំផុត។ អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិនទានមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមទាំងទេយ្យទានផ្សេងៗទៀត ដោយនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។
គួរជម្រាបជូនថា លក្ខណៈពិសេសមួយនៃបុណ្យកឋិនទាន គឺទាំងប្រជាពុទ្ធបរិស័ទជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ ទាំងព្រះសង្ឃជាបព្វជិតសុទ្ធតែអាចធ្វើកឋិនទានបានដូចគ្នា។ កាលដើមឡើយ បន្ទាប់ពីព្រះពុទ្ធសមណគោតមទ្រង់បានអនុញ្ញាតឱ្យភិក្ខុទទួលក្រាលគ្រង និងអនុមោទនាកឋិនចីវរមក គឺមានតែសហធម្មិក ៥ក្រុម ដែលបានធ្វើកឋិនទានដល់គ្នានឹងគ្នាតាមវិន័យបញ្ញត្តិ។

សហធម្មិកទាំង ៥ពួកនេះ រួមមានភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី និងសិក្ខមានា ពោលគឺសាមណេរីមានអាយុ ១៨ឆ្នាំ ដែលបានទទួលឱ្យសិក្សាគរុធម៌ចំនួន ២ឆ្នាំ និងបំពេញផ្នួសជាភិក្ខុនី។ លុះចំណេរក្រោយមក ទើបមានឧបាសកឧបាសិកា បាននាំគ្នាផ្ដួចផ្ដើមធ្វើកឋិនទានតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។ រីឯលក្ខណៈពិសេសមួយទៀតនៃកឋិនចីវរទាន ដែលក្នុងពុទ្ធសាសនាចាត់ទុកថាជាទានវិសេសជាងទានដទៃនោះ គឺដោយហេតុថា ការធ្វើទានផ្សេងៗ ផលានិសង្សបានតែខាងបុគ្គលអ្នកឱ្យ ឬអ្នកម្ចាស់ទានប៉ុណ្ណោះ។ ចំណែកកឋិនទានវិញ គឺទាំងភិក្ខុអ្នកទទួលក្រាលគ្រង ឬអនុមោទនាចីវរទាននេះ ក៏បានទទួលប្រយោជន៍ ដើម្បីសម្រាលនូវទុក្ខលំបាករហូតដល់ដាច់វស្សារដូវ។

ព្រះពុទ្ធទ្រង់សម្ដែងធម្មទេសនាលើកសរសើរអំពីអានិសង្ស ដែលជាផលនៃកឋិនទានថា ម្ចាស់ទាន ទោះជាគ្រហស្ថក្តី បព្វជិតក្តី គឺរមែងបានកើតជាអ្នកមានរូបឆោមលោមពណ៌ល្អស្អាតគួរជាទីពិតពិលរមិលមើល និងជាទីចាប់ចិត្តមេត្រីនៃជនផងទាំងឡាយ ហើយរមែងមានទ្រង់ទ្រាយកាយសម្បទាសមសួនតាមកាលសម័យនៃអាយុកប្បនីមួយៗ។ ផលដែលជាសម្បត្តិលោកីយ៍មួយទៀត គឺនឹងបានជាស្ដេចចក្រពត្តិ មានឬទ្ធិអំណាចប្រកបដោយទសពិធរាជធម៌។ បើជាបុរស នឹងបានជួបព្រះសម្មាសម្ពុទ្ធអង្គណាមួយបានបួសជាឯហិភិក្ខុ មានត្រៃចីវរ និងគ្រឿងបរិក្ខារកើតឡើងដោយឯកឯង និងបានសម្រេចមគ្គផលព្រះនិព្វាន។

បើជាស្ត្រីវិញ ក៏នឹងបានប្រតិបត្តិលោកុត្តរធម៌ ដែលជាធម៌ដ៏ប្រសើរឧត្តម បានរួចផុតចាកសេចក្តីទុក្ខនៃជាតិ ជរា ព្យាធិ និងមរណៈ ដែលជាផលខ្ពស់បំផុតក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ៕

https://www.facebook.com/tnn.com.kh/videos/539757826486152/

https://www.facebook.com/tnn.com.kh/videos/251464848831123/

https://www.facebook.com/tnn.com.kh/videos/2260523144223799/

https://www.facebook.com/431119620397899/posts/1097667017076486/

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!