ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីយោធា​ស្រវឹងធ្លាក់ភ្នែក​បើករថយន្តបុករ៉ឺម៉ក​ដឹកគ្រែលក់​ឲ្យរងរបួសធ្ងន់ រួច​គំរាម​​សមត្ថកិច្ចនិងអ្នកកាសែត​ ខណៈជនរងគ្រោះ​ត្រូវបាន​រថយន្តសង្គ្រោះ​បន្ទាន់​ដឹក​ទៅមន្ទីពេទ្យ​..?

3 សប្តាហ៍ មុន 77 តូ សុផល

ខេត្តព្រៃវែង៖​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរ​ដ៏គួរឲ្យរន្ធ​ត់​មួយ​ដែលបង្កឡើងដោយ​រថយន្ត​១គ្រឿងម៉ាក​ Fort Ranger

ពណ៌​ត្រេអុី​ ពាក់ស្លាកលេខ​ៈ ខេមរភូមិន្ទ 2​_6805​ បានរេចង្កូតទៅ​បុករ៉ឺម៉ក​ដឹកគ្រែមួយគ្រឿង​ដែលកំពុងបើកបរ​លើបណ្តោយ​ផ្លូវខេត្ត​ក្នុងទិសដៅ​បញ្ច្រាសគ្នា​ ខណៈដែលរ៉ឺម៉កបានធ្វើដំណើរ​ពីត្បូង​ទៅជើង​​ក្នុងទិសដៅទៅកាន់ទីរួមខេត្ត​ ចំណែកឯ​រថយន្តមន្ត្រីយោធា​ធ្វើដំណើរចេញពីទីរួមខេត្ត​ក្នុងទិសដៅពីជើង​ទៅត្បូង​ដោយល្បឿនលឿន​ផងនោះ​ក៏បានរេចង្កូត​ជ្រុលចូលគន្លងផ្លូវ​ទៅខាងឆ្វេង​បណ្តាលឲ្យបុក​រ៉ឺម៉ក​ដឹកគ្រែយ៉ាងពេញទំហឹង​អូសរ៉ឺម៉កប្រមាណ៥០ម៉ត្រ​ ធ្លាក់ពីចិញ្ចើមផ្លូវ​និងបណ្តាល​ឲ្យ​ម្ចាស់រ៉ឺម៉ក​រងរបួសធ្ងន់​ដោយសាររយះដៃ​និងជើងដាច់​សាច់​មានឈាមហូរច្រើនពេក​​ ហើយត្រូវបានរថយន្តជួ​យសង្គ្រោះ​បន្ទាន់ដឹកទៅកាន់មន្ទីពេទ្យ​ខេត្ត​ព្រៃវែង​នៅវេលាម៉ោងប្រមាណ​១៦និង២៥នាទី​ថ្ងៃទី​ី២២​​ ខែតុលា ឆ្នាំ២០១៨ ​ស្ថិតនៅភូមិបារាយណ៍ខាងកើត សង្កាត់​បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង​។​

បើតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុ​គេបានឃើញ​រថយន្ត​របស់មន្ត្រីយោធា​បានបើកបោះពួយយ៉ាងលឿន​ស្ថិតក្នុងស្ថានភាព​ស្រវឹង​បើករេពេញផ្លូវ​ហើយក៏​ជ្រុលទៅបុកចំរ៉ឺម៉កដឹកគ្រែលក់​ដែលកំពុងបើកបរធម្មតា​មកកាន់ទីរួមខេត្ត​នោះ ស្រាប់តែលាន់ឮ​ស្នូរ​ដូចរន្ទះ​គឺរថយន្តយោធាព្រលះ​រ៉ឺម៉ក​ដឹកគ្រែ​ខ្ទេចម៉ដ្ឋតែម្តង​ខ្ទាត​ធ្លាក់ពីចិញ្ចើមផ្លូវ​ ធ្វើឲ្យបុរសម្នាក់​ជាម្ចាស់រ៉ឺម៉ក​រងរបួសធ្ងន់ធ្ងរ​ក៏ត្រូវបានរថយន្តសង្គ្រោះ​ដឹកទៅមន្ទីរពេទ្យភ្លាមៗ​ផងដែរ​ ចំណែករថយន្តរបស់មន្ត្រីយោធា​បានបែកកង់មុខខាងឆ្វេង​និងរងការខូចខាត​កំពិតខ្ទេចមុខ​ទើបមិនអាចបើកបរទៅមុខលែងរួច​ក៏បានឈប់នៅនឹងកន្លែង​កើតហេតុ​ ហើយក៏ចុះពីរថយន្តមក​ឃើញមានមនុស្សចំនួន៣នាក់​ក្នុងអាការៈស្រវឹងជោកជាំ​ ដោយនិយាយចេញមកធុំក្លិនស្រា​ង៉ោង​ហើយថែមទាំង​បានគំរាមសមត្ថកិច្ច​និងអ្នកកាសែត​មិនឲ្យ​ថតយករូបភាព​ទៅធ្វើការផ្សព្វផ្សាយ​នោះឡើយ។​

មន្ត្រីនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ​បង្ក​ឡើងដោយ​រថយន្ត​មន្ត្រីយោធា​មានឈ្មោះ អ៊ុង ថាច ភេទប្រុស​ អាយុ៤៥ឆ្នាំ​ នៅភូមិស្តៅ ឃុំកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​ ប៉ុន្តែមិនបានបញ្ជាក់​អំ​ពីអង្គភា​ព​ ឋានៈតួនាទីនោះទេ​ គ្រាន់​តែដឹងថា​លោក អ៊ុង ថាច ជិះរថយន្ត​ម៉ាកហ្វតរ៉េងជ័រ​ ចង្កូតស្តាំ ពណ៌ត្រេអុី ស្លាកលេខ “​ខេមរភូមិន្ទ “​ 2-6805 ហើយក្រោយពីការវាស់វែង​រួច​នឹងត្រូវយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ ដើម្បីរង់ចាំការដោះស្រាយគ្នា​ជាក្រោយ​។​

ប្រជាពលរដ្ឋ​នៅកន្លែងកើតហេតុ​បាននិយាយ​ឲ្យដឹងថា​ មន្ត្រីយោធា​ដែលជិះរថយន្ត​ស្លាកលេខ(​ខ.ម​)នេះ​មិនធម្មតាទេ​ ដោយទំនងជាមាន​ឋានៈ​ដល់ថ្នាក់ឧត្តមសេនីយ៍ផងក៏មិនដឹង​? ទើបបានជាមានលុយចូលហាងផឹកស៊ី​ទាំង​ថ្ងៃ​ពេលស្រវឹង​បើកឡានបុកគេហើយ​ អាងខ្លួនមានអំណាច​មិនទទួលខុស​ត្រូវ​តាមច្បាប់ បែរជា​ប្រើសម្តីកោងកាច​ដាក់គេឯង​ ចង់ចាប់ឲ្យជនរងគ្រោះសងការខូចខាត​ឡានរបស់ខ្លួន​ទៀត​ ជាពិសេសបានគំរាមកំហែងមកលើសមត្ថកិច្ច​និងអ្នកសារព័ត៌មាន​​កុំឲ្យថតចុះផ្សាយ​ ព្រោះខ្លាចអាប់ឱនកិត្តិយស​និងការស្តីបន្ទោសពីថ្នាក់លើ​ទៀតផង​ ហេតុដូចនេះ​ប្រជាពលរដ្ឋ​កាន់តែមាន​ការព្រួយបារម្ភ​និងភ័យខ្លាច​ពេលមានបញ្ហាជាមួយ​អស់លោកអ្នកមានអំណាច អ្នកពាក់ផ្កាយដែល​ជាអ្នកខ្លាំង​គ្មានអ្នកណាហ៊ានប៉ះពាល់​ហ៊ានធ្វើអ្វីបាន​នោះទេ​ គឺ​វាខុសគ្នា​សំរាប់អ្នករងគ្រោះវិញជាអ្នកទន់ខ្សោយ​ជានិច្ច៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ