ព្រឹតិ្តការណ៍ថ្មីៗ

មិន​បាន​មួយ​ម៉ោង​ផង​ស្លាប់​បាត់បង់​ជីវិត​! ស្ដ្រី​ម្នាក់​ស្លាប់ខណៈចូល សម្រាលកូន​នៅ​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​គុយ​វែ​ត ​

1 ឆ្នាំ មុន 66 តូ សុផល

កណ្ដាល៖ ស្ដ្រី​ម្នាក់​ចូល​ទៅ​សម្រាលកូន​ទី​៣​នៅ​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​គុយ​វែ​ត​ ស្ថិត​នៅ​ភូមិ​លើ​ ឃុំ​ព្រែក​អញ្ចាញ​

ស្រុក​មុខកំពូល​ មិន​បាន​មួយ​ម៉ោង​ផង​ ក៏​ធ្លាក់ឈាម​យ៉ាង​ខ្លាំង​រហូត​ស្លាប់​បាត់បង់​ជីវិត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​ថ្ងៃអាទិត្យ​ ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨​ ។​

​ មន្ដ្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​សម្រាលកូន​នោះ​ឈ្មោះ​ ញ៉ី​ ស៊ី​យា​ត​ អាយុ​២៦​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​បាយសី​ សង្កាត់​ស្ទឹង​ត្រង់​ ខណ្ឌ​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​ ។​
​បច្ចុប្បន្ន​ស្នាក់​នៅ​ទីតាំង​សិប្បកម្ម​ឡឥដ្ឋ​សញ្ញា​ពន្លឺព្រះអាទិត្យ​២​ ស្ថិត​ក្នុងភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

​ សាច់ញាតិ​ស្ដ្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ដ្រី​រង​គ្រោះ​មាន​អ​ក្កា​រៈ​ឈឺពោះ​រៀបចំ​សម្រាលកូន​ទី​៣​ ទើប​បុរស​ជា​ប្ដី​ដឹក​តាម​ម៉ូតូ​យក​ទៅ​សម្រាក​រង​ចាំ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​គុយ​វែ​ត​ ដែល​ជា​ពេទ្យ​មាន​ជំនួយ​ក្រៅពី​អង្ក​ការ​ក្រៅ​រាជរដ្ឋាភិបាល​ ។​ ពេល​ទៅ​ដល់​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​២​នាក់​ជា​អ្នក​សម្រាលកូន​ឲ្យ​ ។​ ក្រោយ​ពី​សម្រាលកូន​បាន​ប្រមាណ​កន្លះ​ម៉ោង​ ស្ដ្រី​រង​គ្រោះ​មាន​អ​ក្កា​រៈ​ខុស​ប្លែក​ពី​ធម្មតា​ ពោល​គឺ​បាន​ធ្លាក់ឈាម​តាម​ទ្វា​មាស​យ៉ាងច្រើន​ រហូត​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​អស់​លទ្ធភាព​ក៏​សម្រេច​បញ្ជូន​ស្ដ្រី​រង​គ្រោះ​បន្ដ​ទៅ​កាន់​មន្ទីរពេទ្យ​លោកសង្ឃ​ ក្នុង​រាជធានី​ភ្នំពេញ​ ។

​ សាច់ញាតិ​បាន​បន្ដ​ថា​ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ក្រុម​គ្រូពេទ្យ​ប្រចាំ​នៅ​ទីនោះ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ស្ដ្រី​រង​គ្រោះ​ដែរ​ តែ​ពុំ​អាច​ជួយ​បាន​ទើប​ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ប្ដី​ស្ដ្រី​រង​គ្រោះ​បាន​ដឹក​សព​ស្ដ្រី​ជា​ប្រពន្ធ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ដ​ពោធិ៍​មង្គល​ ស្ថិត​ក្នុងភូមិ​ជ្រោយ​មេត្រី​ក្រោម​ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ។​

​ អធិការ​នគរបាល​ស្រុក​មុខកំពូល​លោក​ ព្រុំ​ សំណាង​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ លោក​បាន​បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​សាកសួរ​ក្រុម​គ្រូពេទ្យ​និង​សាច់ញាតិ​ជន​រង​គ្រោះ​ ។​ គ្រូពេទ្យ​២​នាក់​ដែល​ទទួល​សម្រាលកូន​ឲ្យ​ស្ដ្រី​រង​គ្រោះ​នោះ​ទី​១-​ឈ្មោះ​ ចាន់​ ថុ​ន​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​ពេទ្យឆ្មប​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៥​ ក្រុម​ទី​៦​ ភូមិ​កណ្ដាល​ទី​១​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ ទី​២-​ឈ្មោះ​ វណ្ណ​ វិ​រៈ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​កិល​ ឃុំ​សួង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដ​ត្បូងឃ្មុំ​ ។​

​លោក​ ព្រុំ​ សំណាង​ បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​នគរបាល​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្ដ្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​ ពោល​គឺ​រង​ចាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ថ្នាក់​ខេត្ដ​ ចុះ​ទៅ​ពិនិត្យ​បន្ថែម​ ទើប​ដឹង​មូលហេតុ​ច្បាស់លាស់​ ។​ លោក​អធិការ​បាន​បញ្ជាក់​ថា​ មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​គុយ​វែ​ត​ ជា​មន្ទីរពេទ្យ​ឯកជន​តែ​មាន​ជំនួយ​ពី​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល​ ។​ រហូត​មក​ដល់​ថ្ងៃ​ទី​២២​ សមត្ថកិច្ច​ពុំ​ទាន់​ទទួល​ពាក្យបណ្ដឹង​ពី​សាច់ញាតិ​ស្ដ្រី​រង​គ្រោះ​នោះ​ទេ​ ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ