ព្រឹតិ្តការណ៍ថ្មីៗ

ចាត់ទុកថាសំណាងហើយ កំពុងបើករថយន្តទំនើប RX-450h បែរជាប្រលែងគ្នា ក៏ជ្រុលទៅបុកពីក្រោយរថយន្ត​ក្រឡុកស៊ីម៉ងត៍​បត់ឆ្លងផ្លូវ​ លាន់ដូចរន្ទះ​!

3 សប្តាហ៍ មុន 51 តូ សុផល

រាជធានីភ្នំពេញ​ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន នាំគ្នាប្រលែងគ្នា​លើរថយន្តទើបធ្វើអោយអ្នកបើកបរ ​រថយន្តស៊េរី​ទំនើប​ បានបើកទៅបុកពីក្រោយរថយន្តធុនធំមួយគ្រឿងទៀត​ កំពុងបត់ឆ្លងផ្លូវ​ ពេញទំហឹង​ លាន់ដូចរន្ទះ​ បណ្ដាលឲ្យ​រងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសៅរ៍​ ទី២០ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវជាតិលេខ១ ការដ្ឋានសំណង់មួយកន្លែង(មុខផ្សារសប្បូរ) ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំ មួយគ្រឿង (មិនចាំស្លាកលេខ​) ធ្វើដំណើរតាមបណ្តោយផ្លូវ​ជាតិលេខ១ ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ​ បានស៊ីញ៉ូបត់ឆ្វេង ចូលការដ្ឋាន បានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿង LEXUS RX450h ពាក់ស្លាកលេខភ្នំពេញ 2AD-5889​ បើកបរដោយបុរសម្នាក់​ និងមានយុវតីរូបស្រស់៣នាក់ទៀត​ រួមដំណើរ​ជាមួយគ្នា ខណៈពេលកំពុងប្រលែងគ្នា និងកំពុងបើកក្នុងល្បឿនលឿន ទិសគ្នាពីកើតមកលិច ក៏បានជ្រុលទៅបុកពីក្រោយរថយន្ត ដែលកំពុងបត់ឆ្លងផ្លូវនោះ ពេញទំហឹងតែម្តង​ បណ្តាលរកការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពផងដែរ រីឯរថយន្តក្រឡុក​ស៊ីម៉ងត៍​ក៏បានខូចខាតផ្នែកខាងក្រោយបន្តិចបន្តួចផងដែរ ហើយបើកចូលក្នុងការដ្ឋានបាត់ទៅ។ ចំណែកឯអ្នកបើកបររថយន្តស៊េរីទំនើបខាងលើ ក៏បានរងរបួសស្រាលបែកចិញ្ចើមបន្តិចផងដែរ។ ភ្លាមនោះគេឃើញ​យុវតីទាំង៣នាក់នោះ​ ប្រញាប់ប្រញាល់​ហៅ​កង់បី​ ឡើងជិះចេញបាត់អស់ពីកន្លែងកើតហេតុ​ បន្សល់ទុកម្ចាស់រថយន្ត​ ចុះមកដោះស្រាយជាមួយភាគីម្ខាងទៀត។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា ដោយយល់ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុផងដែរ ដោយមិនរំខានសមត្ថកិច្ចនោះទេ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ