ព្រឹតិ្តការណ៍ថ្មីៗ

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនល្មើស៤នាក់ ពាក់ព័ន្ធបទល្មើសកាប់និងប្រមូលឈើប្រណីតខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ

3 សប្តាហ៍ មុន 45 តូ សុផល

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បានសម្រេចឃុំខ្លួនជនល្មើសចំនួន៤នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ឋិតក្នុងភូមិសាស្រ្តភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជនល្មើសទាំង៤នាក់ដែលតុលាការសម្រេចឃុំខ្លួនមាន ១.ឈ្មោះវិច វ៉ាត ភេទប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះលួម ថាំង ភេទប្រុស អាយុ២៤ឆ្នាំ, ៣.ឈ្មោះសា វា ភេទប្រុស អាយុ៣០ឆ្នាំ និងទី៤.ឈ្មោះលួម តាំង ភេទប្រុស អាយុ២៧ឆ្នាំ។ ជនល្មើសទាំង៤នាក់ មានទីលំនៅភូមិជីមាត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ការសម្រេចឃុំខ្លួនជនល្មើសទាំង៤នាក់ខាងលើនេះ គឺបន្ទាប់ពីមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក សហការជាមួយកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៣០៣ បានចុះប្រតិបត្តិការដើរល្បាតដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ហើយបានពើបប្រទះឃើញជនសង្ស័យកំពុងតែប្រើប្រាស់រណារយន្តដើម្បីកាប់រំលំដើមឈើជាប្រភេទឈើប្រណិតធ្នង់អស់ជាច្រើនដើម ហើយក៏ត្រូវសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្ដង។

សូមបញ្ជាក់ថា បទល្មើសធនធានធម្មជាតិ ជាពិសេសការលួចកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃនានាក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ក៏ត្រូវបានរដ្ឋបាលខេត្តមណ្ឌលគិរី តាមរយៈសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការចាំបាច់នានាក្នុងការទប់ស្កាត់ និងការបង្រ្កាបបទល្មើសព្រៃឈើ និងការកាប់រានដីព្រៃខុសច្បាប់ ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព។

គួររម្លឹកជូនថា មាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថា «ត្រូវផ្ដន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម ៖
១.កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
២.កាប់ ប្រមូល និងកែច្នៃឈើប្រណីតគ្រប់ប្រភេទ។
៣…»៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ