ព្រឹតិ្តការណ៍ថ្មីៗ

អាងស្រាចូលខ្លូន! បុកគេហើយរត់ ត្រូវគេតាមឃាត់រថយន្តបាន លោតវាយសមត្ថកិច្ច និងអ្នកកាសែត​ ចុងក្រោយ​បញ្ជូនទៅវាស់ជាតិអាកុលទាំងកណ្ដាលយប់!

1 ឆ្នាំ មុន 466 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគបើករថយន្ត Lexus LX-460L ទៅបុករថយន្តមួយគ្រឿងដែលចតស្ងៀម រួចព្យាយាមបន្ថែមល្បឿនបើករត់គេច ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមរហូតឃាត់បាន បែរជា​ចេញមកស្រែកឡូឡា រកវាយទាំងសមត្ថកិច្ច និងអ្នកសាព័ត៏មានទៀត តែមិនត្រូវទេ ទើបសមត្ថកិច្ច​សម្រេចចិត្ត​ឃាត់ខ្លួនតែម្ដង​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចហាង កាហ្វេ មួយកន្លែង ខាងលិចស្តុប២៤ម៉ោង ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ សម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ ភ្នំពេញ​។

តាមសម្តីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាក HILUX-VEVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-6748 មកឈប់នៅចំណុចកើតហេតុខាងលើទិសដៅពីលិចទៅកើតខណះនោះក៏មានរថយន្តមួយគ្រឿង ម៉ាក LEXUS LX-460L ពណ៌ទឹកប្រាក់​ គ្មានស្លាកលេខ​ បើកបរដោយបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់ មកពីក្រោយស្របទិសដៅគ្នាមកដល់ចំណុចកើតហេតុខាងលើបំរុងបត់ត្រឡ់ក្រោយដោយបួងចង្កូតមិនផុតជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួច។ បន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេបែកជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អុី​ ប៉ូល) ដែលមានទីតាំង នៅផ្លូវបេតុលេខ៩៩ ខាងត្បូងសួនកម្សាន្តចំការព្រីង ប្រមាណជា៥០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញចាប់បានមកវិញ ស្រាប់តែម្ចាស់រថយន្តបង្កហេតុ ចេញពីរថយន្តស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាងដែលកំពុង​លង់លក់​ភ្ញាក់ចេញមកមើលព្រៀត ហើយក៏លោតទៅវាយសមត្ថកិច្ចដែលនៅឈរជិតនោះ ព្រមទាំងស្ទុះទៅវាយអ្នកសាព័ត៏មានដែលចុះទៅផ្តិតយករូបភាព នាំគ្នារត់ចែកជើង តែមិនបង្កឲ្យមានរបួសស្នាមអ្វីទេ ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនភ្លាមៗ ពេល​នោះក៏មានយុវជនម្នាក់ ដោះអាវ មិនដឹងជាមកពីខាងណា ​ឬមួយបក្ខពួកជនបង្កគ្រោះថ្នាក់នោះទេ បានរត់ចូលមករករឿងសមត្ថកិច្ចហើយបម្រុងតដៃទៀតផង តែដោយសារតែមានកម្លាំងសមត្ថកិច្ច​បានចុះមកបន្តទៀត​ យុវជនរូបនោះក៏បានត្រឹមតែឡូឡា​ ហើយបាត់ឈឹងមិនដឹងទៅណាទេ។

ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្តនិងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការវាស់ជាតិ​អាកុល​ និងរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕​

សូមបញ្ជាក់ អំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខា​លើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ជំពូក និង ៩២មាត្រា​ កាលពីពេលថ្មីៗនេះ ហើយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ អាចពាក់ព័ទ្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ មាត្រាដូចខាងក្រោម ៖

មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី 0,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០,០០០ រៀល (បួនលានរៀល)។

សូមបញ្ជាក់ថា​ ផ្អែកតាម រដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះករុណា​ ព្រះមហាក្សត្រ ឡាយព្រះហស្ដលេខា លើច្បាប់ចរាចរណ៍​ថ្មីនេះ នឹងចូលជាធរមានហើយចាប់ពីដើមខែតុលានេះតទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ