រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលនិរោធ ឃាត់ខ្លួនអាល្អិតម្នាក់ បន្ទាប់ពីឆ្កឹះបង្អួចចូលទៅក្នុងផ្ទះមួយកន្លែង លួចយកទូរស័ព្ទដៃ ១គ្រឿង និងស្រាបៀរ ៣កេស រួចលើកដាក់លើរទេះអេតចាយ អូសគេចខ្លួន តែចៃដន្យម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនឡើងឃើញទាន់ ក៏រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចល្បាតាមស្ទាក់ចាប់បាន កាលពីវេលាម៉ោង០៩:៤៥នាទីយប់ ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះលេខ៣៥ (លក់ដូរចាប់ហួយ) ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អាល្អិត(ជនសង្ស័យ)ឈ្មោះ ពេជ្រ ផាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកម្ចាស់ផ្ទះឈ្មោះ គង់ សុខហៀង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ(ចាប់ហួយ) ស្នាក់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ TNN អំពីដំណើររឿងហេតុថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ត្រីម្ចាស់ផ្ទះកើតហេតុ បានរៀបចំឥវ៉ាន់បិទទ្វារផ្ទះ រួចក៏សម្រាកនៅក្នុងផ្ទះដូចសព្វដង រហូតដល់ម៉ោង០៩និង៣០នាទី ថ្ងៃដដែលនេះ ស្រាប់តែមានក្មេងប្រុសម្នាក់ បានអូសរទេះអេត ចាយតាមផ្លូវ ហើយមកឈប់នៅចំហៀងផ្ទះកើតហេតុ ដោយមានសភាពស្ងាត់ ក្មេងប្រុសរូបនោះបានធ្វើសកម្មភាព លូកដៃទាញឆ្កឹះបង្អួចផ្ទះឈើឲ្យរបើកមួយផ្ទាំង ហើយចូលទៅខាងក្នុង លួចបានទូរស័ព្ទដៃ ១គ្រឿង ម៉ាក Nokia ពណ៌ស ប្រើលេខស៊ីម (០៧៧៦៤២៤៦៦) និងយកស្រាបៀរ Angchor បានចំនួន ៣កេសទៀត ចេញមកក្រៅ រួចដាក់លើរទេះអេតចាយបម្រុងអូសគេចខ្លួន ចៃដន្យត្រូវស្ត្រីម្ចាស់ផ្ទះបានភ្ញាក់ដឹងខ្លួនឡើងហើយឃើញ ក៏ប្រញ៉ាប់ប្រញ៉ាល់ទាក់ទងរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចល្បាត អោយចុះមកកន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងខាងលើ បញ្ជូនមកសាកសួរទីស្នាក់ការប៉ុស្តិ៍សង្កាត់និរោធ ភ្លាមៗតែម្ដង។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននោះ និងធ្វើការសាកសួរពីអត្តសញ្ញាណ ព្រមទាំងធ្វើការពិនិត្យទឹកនោមរួច ជនសង្ស័យមានផ្ទុកសារធាតុញៀនផងដែរ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់៕ (ដោយ ម៉េង-AhBoYz)
Tag: ចោរ