ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើការ បោសសំអាតកំប្លោក ដែលរសាត់តាមរលកសមុទ្រ ពីប្រទេសវៀតណាម ដើម្បីឲ្យឆ្នេរសមុទ្រកម្ពុជា មានសោភ័ណ្ឌភាព សម្រាប់ឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ រីករាយកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

1 ខែ មុន 429 តូ សុផល

ក្រុងព្រះសីហនុ​ ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ

បានដឹកនាំកម្លាំង ដោយមានការចូលរួម ពីរដ្ឋបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន មន្ទីរព័ត៌មាន កម្លាំងប្រដាប់អាវុធ និងបុគ្គលិកអនាម័យក្រុង ព្រមជាប្រជាពលរដ្ឋ ធ្វើការបោសសំអាតកំប្លោក ដែលរសាត់តាមរលកសមុទ្រ ពីប្រទេសវៀតណាម ដើម្បីឲ្យឆ្នេរសមុទ្រកម្ពុជា មានសោភ័ណ្ឌភាព សម្រាប់ឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ រីករាយកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ។

តាមរយៈការចូលរួមយ៉ាងសកម្ម រដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំដោយឯកឧត្តម​ យន្ត​ មីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោក​ អ៊ី សុខឡេង​ អភិបាល​ក្រុងព្រះសីហនុ​ និងដោយមានការចូលរួមពីមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត​ អាជ្ញាធរក្រុង​ កងកម្លាំងប្រដាប់អាវុធ​ រួមនឹងប្រជាពលរដ្ឋ​ប្រមាណជាង១០០​នាក់​ បានធ្វើការសំអាតជាបន្ទាន់នូវកាកសំណល់កំប្លោក​ ដែលបានអណ្តែតមកកកនៅតាមឆ្នេរអូរឈើទាល​ ប្រែក្លាយជាស្រស់ស្អាតឡើងវិញ ដែលអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រីករាយលេងកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលសកម្មភាពបោសសំអាតនេះ ត្រូវបានអភិបាលក្រុងព្រះសីហនុ បាននិងកំពុងយកចិត្តទុកដាក់ និងដាក់ចេញនូវគោលការណ៍ ក្នុងការសម្អាតទីក្រុង​ ឲ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីមានការរិះគន់ និងវាយតម្លៃពីមជ្ឈដ្ឋាន ទូទៅ អំពីបរិស្ថានមិនល្អ ក្នុងក្រុងព្រះសីហនុ ដោយបានជម្រុញឲ្យក្រុមហ៊ុនប្រមូលសំរាម ព្យាយាមបន្តសកម្មភាព ទាំងយប់ទាំងថ្ងៃ ឲ្យទាន់សភាពការណ៍ នៃកំណើនសំរាម ក្នុងក្រុងពីមួយថ្ងៃទៅមួយថ្ងៃ ។

សូមបញ្ជាក់ថា​ សំណល់កំប្លោកដែលរសាត់អណ្តែតមកកកតាមឆ្នេរដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសរសេរសាររិះគន់កន្លងមកនេះ​ រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសំអាតរួចរាល់អស់ហើយ​ ខណៈដែលឆ្លៀតក្នុងឱកាសនោះផងដែរ​ រដ្ឋបាលខេត្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ជាពិសេសម្ចាស់អាជីវករលក់ដូរ​ សូមចូលរួមសំអាតអនាម័យបរិស្ថានឆ្នេរសមុទ្រឱ្យបានល្អ​ ដើម្បីរួមចំណែកថែរក្សាការពារឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ។

ជាមួយនេះគ្នា តាមការឲ្យដឹងពីអាជីវក នៅក្រុងព្រះសីហនុ បានរៀបរាប់ថា នៅតាមឆ្នេរសមុទ្រ នៅក្នុងរដូវភ្ជុំបិណ្ឌប៉ុន្មានថ្ងៃមកនេះ មានភាពស្ងប់ស្ងាត់ ពុំសូវមានអ្នកទៅកម្សាន្ត នៅតាមឆ្នេរនោះទេ ខណៈទូកទេសចរណ៍ ក៏ពុំមានអ្នកជួលជិះលេង កម្សាន្តផងដែរ ដែលនេះជាលើកទី១ហើយ ដែលក្រុងព្រះសីហនុមានលក្ខណៈស្ងាត់ ផ្ទុយពីពេលកន្លងទៅ ឲ្យតែមានបុណ្យជាតិ តែងតែមានមនុស្សមកកម្សាន្តច្រើន ដោយតាមការសង្ខេតឃើញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកទេសចរក្នុងស្រុក នាំគ្នាបង្វែល ទៅលេងនៅតាមរមណីយដ្ឋាននានា នៅតំបន់ផ្សេងៗ ដោយសារកន្លងទៅ ទីរួមខេត្តព្រះសីហនុផ្ទាល់ មួយរយៈចុងក្រោយនេះ បានបាត់បង់ នូវហេដ្ឋារចនាសម្ព័ន និងបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ