ព្រឹតិ្តការណ៍ថ្មីៗ

សន្និបាតសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ អាណត្តិទី៥​ ក្រោមអធិបតីភាព​ លោកជំទាវ​ អ៊ុក​ ម៉ាលី

2 ខែ មុន 179 តូ សុផល

ភ្នំពេញ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃសៅរ៍​ ១២រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២ត្រូវនឹងថ្ងៃទី ០៦​ ខែ​ តុលា​ ឆ្នាំ ២០១៨នេះ​ បានប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ អាណត្តិទី៥​ ក្រោមអធិបតីភាព​ លោកជំទាវ​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញឹក​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ។​ សមាសភាពចូលរួមក្នុងសន្និបាតរួមមាន៖​ ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ ជាភ្ញៀវកិត្តិយសជាតិ​ គណៈកិត្តិយស​ គណៈកម្មាធិការសាខា​ មន្ត្រីប្រតិបត្តិសាខា​ អនុសាខា​ សមាជិក​ សមាជិកាអង្គសន្និបាត​ សរុបចំនួន​ ២០០នាក់ ។

ក្នុងសុន្ទរកថាស្វាគមន៍បើកសន្និបាត ឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​ និងជាប្រធានគណៈកម្មាធិការសាខារាជធានីភ្នំពេញ​ បានលើកឡើងថា៖​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ គឺជាសាខាមួយមានដំណើរការល្អ​ និងមានសកម្មភាពលេចធ្លោ​ ក្នុងការអនុវត្តការងារធំៗជាច្រើន​ដូចជា​ ការងារអភិវឌ្ឍស្ថាប័ន​ ការងារអភិវឌ្ឍធនធាន​ ការងារផ្សព្វផ្សាយ​ ការងារឆ្លើយតប​ និងបង្ការគ្រោះមហន្តរាយ​ លើកកម្ពស់ជីវភាព​ សុខុមាលភាពសហគមន៍​ កុមារកំព្រា​ ទុរគតជន​ ការងារឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍​ ការបង្កើតមូលនិធិសហសង្គ្រោះ​ និងការស្វែងរកប្រភពថវិកា​ ។ល។ ឯកឧត្តមបានបន្តថា៖​ សន្និបាតនាឱកាសនេះ​ នឹងបន្តការពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀត​ សំដៅប្រមូលផ្តុំបញ្ញាញាណសមូហភាព​ បង្កើតឡើងនូវទិសដៅការងារសម្រាប់អាណត្តិថ្មីកាន់តែសុក្រិត្យ​ ព្រមទាំងរៀបចំដំណើរការជ្រើសតាំងគណៈកម្មាធិការសាខាអាណត្តិទី៥​ ដើម្បីបន្តដឹកនាំសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ឲ្យកាន់តែបានល្អប្រសើរ​ ស្របតាមផែនការយុទ្ធសាស្ត្រ​ ២០១១-២០២០​ របស់កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃនៃ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជាប្រមុខ​ ។

តមកសន្និបាតបានចាប់ដំណើរកម្មវិធីរបស់ខ្លួនជាបន្តបន្ទាប់​ តាមរបៀបវារៈដែលបានគ្រោងទុក​ប្រកបដោយការយកចិត្តដាក់​ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលអង្គសន្និបាតសម្រេចជ្រើសតាំងគណៈកិត្តិយសសាខាអាណត្តិទី៥​ ដែលមានសមាសភាព៖​ ឯកឧត្តម​ ឃួង​ ស្រេង​ ជាប្រធាន​ និងអនុប្រធានចំនួន២២រូប​ ព្រមទាំងគណៈកម្មាធិការសាខាអាណត្តិទី៥​ ដែលមានសមាសភាព​៖​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ ជាប្រធាន​,​ លោកជំទាវ​ ម៉ក់​ វណ្ណសុីថា​ និងលោក​ សារិន​ វណ្ណា​ ជាអនុប្រធាន,​ លោកជំទាវ​ មុំ​ សណ្តាប់​ ជាហេរញ្ញឹក,​ លោក​ ងី​ មានហេង​ ជាលេខាធិការ​ សមាជិកចំនួន១០រូប​ និងសមាជិកបំរុង២រូប​ ។

បន្ទាប់ពី​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ អាណត្តិទី៥​ បានឡើងចំណាប់អារម្មណ៍​ និងប្តេជ្ញាចិត្ត​ជូនអង្គសន្និបាតរួចមក​ ។

មានប្រសាសន៍បិទសន្និបាត​ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា​ លោកជំទាវ​ អ៊ុក​ ម៉ាលី​ បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និបាត ព្រមទាំងបានពាំនាំនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ដែលជាត្រីវិស័យសម្រាប់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ យកទៅអនុវត្តឲ្យកាន់តែបានទទួលនូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងការងារមនុស្សធម៌របស់ខ្លួន​ សំដៅជួយពន្លឿននូវការកាត់បន្ថយអត្រាភាពក្រីក្រ​ អភិវឌ្ឍន៍សហគមន៍​ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ​ ឲ្យកាន់តែមានភាពប្រសើរឡើង​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!